
មាតាបិតាសិស្សត្រូវប្រុងប្រយ័ត្នមុននឹងបង់ប្រាក់ឱ្យកូនចូលរៀនសាលាហ័រវត
ដោយ ៖ លី ហ៊ាង ថ្ងៃទី 28 កុម្ភះ 2012ម៉ោង 08:48:36
ខេត្ដសៀមរាប ៖ បន្ទាប់ពីសារព័ត៌មាននគរវត្ដបានចេញផ្សាយអត្ថបទមួយ ដែលថា សាលាអន្ដរជាតិហ័រវត នៅក្នុងខេត្ដសៀមរាប បានវេចបង្វេចគេចខ្លួន ក្រោយពីប្រមូលប្រាក់ពីសិស្សានុសិស្សនោះ នៅព្រឹកថ្ងៃទី២៧ កុម្ភៈ បុរសម្នាក់ដែលអះអាងតាមទូរស័ព្ទថា ជាគ្រូបង្រៀនប្រចាំសាលាអន្ដរជាតិហ័រវត មួយនេះបានឱ្យដឹងថា មាតាបិតា សិស្សនៅតាមបណ្ដាខេត្ដមួយចំនួនទៀត គួរតែប្រុងប្រយ័ត្នមុននឹងបង់ប្រាក់ឱ្យកូន ចូលរៀននៅសាលាអន្ដរជាតិហ័រវត ព្រោះនាយកក្រុមហ៊ុនមួយនេះមិនត្រឹម តែបោកប្រាស់ប្រាក់ពីមាតាបិតាសិស្សប៉ុណ្ណោះទេ សូម្បីតែរូបគាត់ជាគ្រូក៏ពុំត្រូវបានបើកប្រាក់ខែឱ្យនោះដែរ ។
ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះលោកបានបន្ដថា បន្ទាប់ពីអ្នកគ្រប់គ្រងបានប្រមូលប្រាក់ ហើយគេចខ្លួនបាត់នោះហាក់ដូចជាមិនទាន់មានមន្ដ្រីពាក់ព័ន្ធអើពើរកដំណោះស្រាយជូនមាតាបិតាសិស្សដែលបានចាញ់បោកសាលាអន្ដរជាតិហ័រវតនៅឡើយទេ ពិសេសពួកគាត់ដែលបានចំណាយពេលវេលាអស់ជាច្រើនខែ តែពុំទទួលបានប្រាក់ខែ ។ លោក*បញ្ជាក់ថា បើតាមដឹងសាលាអន្ដរជាតិយីហោហ័រវត មិនមែនមាននៅតែក្នុងខេត្ដសៀមរាបមួយប៉ុណ្ណោះទេ នៅតាម បណ្ដាខេត្ដមួយចំនួនក៏មានម្ចាស់សាលា ឯកជនមួយនេះបើកហើយកំពុងប្រមូល លុយពីមាតាបិតាសិស្សផងដែរ។
លោកបន្ដថា “ខ្ញុំជឿជាក់ថា ក្រោយ ពីប្រមូលលុយ ពួកគេនឹងវេចបង្វេចរត់ ដូចនៅក្នុងខេត្ដសៀមរាបនេះដែរ”។ ទាក់ទិននឹងសាលាអន្ដរជាតិហ័រវត នៅក្នុងខេត្ដសៀមរាបដែលគេសង្ស័យ ថា បានបោកប្រាសទាំងសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បុរសម្នាក់នេះបាន ទទូចសុំឱ្យមន្ទីរអប់រំខេត្ដក៏ដូចជាក្រសួង អប់រំពិនិត្យមើលបញ្ហានេះ ព្រោះបើ តាមលោកដឹង ស្នាក់ការធំរបស់គេគឺ កំពុងតាំងនៅក្នុងរាជធានីភ្នំពេញ ។
អ្នកទទួលខុសត្រូវសាលាឯកជនអន្ដរ ជាតិហ័រវត មិនអាចទំនាក់ទំនងដើម្បី ពន្យល់ពីការចោទប្រកាន់ពីសំណាក់ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សិស្សបានទេ នៅថ្ងៃទី២៧ កុម្ភៈ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ កុម្ភៈ សាលាអន្ដរជាតិហ័រវត ដែលមាន ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលោក តាណឺយ ក្នុងភូមិដកពោធិ សង្កាត់ស្ល ក្រាម ក្រុង-ខេត្ដសៀមរាប បានធ្វើឱ្យ ក្រុមមាតា បិតានិងអាណាព្យាបាល សិស្សដែលបានបង់លុយឱ្យកូនក្មួយចូល រៀន នៅសាលាមួយនេះ បានសម្ដែង ការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីសាលា បានបិទទ្វារហើយរើសម្ភារទៅបាត់អស់ នោះ ។ កាលនោះក្រុមអាណាព្យាបាល សិស្សបានឱ្យដឹងថា ពួកគាត់ហួសចិត្ដ យ៉ាងខ្លាំងនៅពេលដែលជូនកូនចៅមក សាលាដូចសព្វដង តែពេលមកដល់បែរ ជាឃើញសាលាបិទទ្វារ និងពុំឃើញ មានបុគ្គលិកបម្រើការទៅវិញ ។ ពេល ឃើញដូច្នោះពួក គាត់បានសាកសួរគ្នីគ្នា ដែលជូនកូនចៅមករៀនដែរនោះ បែរជា ទទួលបានចម្លើយ គួរឱ្យខកចិត្ដទៅវិញ គឺយើងចាញ់បោកគេហើយ ព្រោះ សាលាបិទទ្វារ ។
ក្រុមអាណាព្យាបាលសិស្សនិយាយ ទៀតថា បានជាពួកគាត់ហ៊ានអះអាង ដូច្នេះ ព្រោះថាសាលាមិនបានជូនដំណឹង ពីការឈប់សម្រាកណាមួយនោះទេ ចំណែកឯសម្ភារការិយាល័យក៏ត្រូវ គេជញ្ជូនទៅអស់ដែរ ។ នៅសល់តែ រថយន្ដធុន១២កៅអីសម្រាប់ដឹកសិស្ស ៤គ្រឿងប៉ុណ្ណោះ ។ ប៉ុន្ដែរថយន្ដទាំង៤ គ្រឿងនោះត្រូវបានអ្នកបើកបរអះអាងថា ជារថយន្ដរបស់ពួកគាត់ ដោយសាលា ជួលទាំងរថយន្ដជួលទាំងពួកគាត់មក បំរើការទីនេះ ហើយសាលាក៏បានជំពាក់ ថ្លៃឈ្នួល២ខែមកហើយដែរ ។
បុរសឈ្មោះ ទី បិក អាយុ៤៥ឆ្នាំជា ម្ចាស់រថយន្ដនិងជាអ្នកបើកបររថយន្ដ ដឹកសិស្សបាននិយាយថា ពួកគាត់ត្រូវ សាលាជួលមកធ្វើការនៅទីនេះតម្លៃ ៣០០ដុល្លារក្នុងមួយខែ ហើយពេលនេះ ពួកគាត់ត្រូវសាលាជំពាក់ប្រាក់ខែក្នុង ម្នាក់ៗ២ខែហើយ ។ បុរសនោះបន្ដថា បើតាមដឹងសិស្សក្នុងសាលានេះមាន ជាង២០០នាក់ឯណោះ ។
ទោះជាយ៉ាងនេះក្ដីពួកគាត់ពុំបាន ដឹងទេថា ការរត់ចោលសាលាពីសំណាក់ ថ្នាក់ដឹកនាំនេះកើតឡើងតាំងពីពេល ណាច្បាស់លាស់នោះឡើយ ពួកគាត់គ្រាន់ តែសន្និដ្ឋានថា ការរើយកសម្ភាររត់ ចេញពីសាលានេះទំនងជាពេលពាក់ កណ្ដាលអធ្រាត្រយប់ថ្ងៃទី២៣-២៤ខែកុម្ភៈ នេះតែម្ដង ។
លោកវ៉ាន់ វីរៈ អាណាព្យាបាលសិស្ស ដែលនាយកសាលាបិទទ្វាររត់ចោល បាន និយាយថា កូនទាំងពីរនាក់របស់គាត់ ទើបតែចូលរៀនបានប៉ុន្មានខែប៉ុណ្ណោះ តែប្រាក់បានបង់ក្នុង១ឆ្នាំពេញ រួចទៅ ហើយ ដោយម្នាក់ៗត្រូវបង់១ឆ្នាំ៣៥០ ដុល្លារ ។ លោកបន្ដថា ការដែលគេបិទ ទ្វាររត់ចោលសិស្សយ៉ាងនេះ គឺជាការ បោកប្រាស់ទាំងស្រុង ។
សាលាបង្រៀនចំណេះទូទៅអន្ដរជាតិ ហ័រវត នេះត្រូវបានម្នាស់ផ្ទះជួលឱ្យដឹង ថា មាននាយកគ្រប់គ្រងឈ្មោះស៊ន់ ភក្ដី ដែលមានបើកបង្រៀនពីថ្នាក់មត្ដេយ្យ រហូតដល់ថ្នាក់ទី១២ ដោយមានបង្រៀន ភាសារអង់គ្លេស និងកុំព្យូទ័រផង ។
ស្ដ្រីជាម្ចាស់ផ្ទះដែលជួលឱ្យសាលារហ័រវតនេះ ឈ្មោះសេង សុផុន បាន និយាយថា ផ្ទះរបស់គាត់បានធ្វើកិច្ច សន្យាជួលឱ្យភាគីសាលានេះមានរយៈ ពេល៥ឆ្នាំ ដោយជួលតម្លៃ៦០០ដុល្លារ អាមេរិកក្នុង១ខែ ។ ស្ដ្រីរូបនេះបន្ដថា មុនពេលបិទទ្វាររត់ចោលសាលា គឺនាយក រូបនោះជំពាក់ថ្លៃឈ្នួលផ្ទះចំនួន២ខែទៀត ។
បន្ទាប់ពីមានហេតុការណ៍នេះគេឃើញ មានអាជ្ញាធរខេត្ដសៀមរាប បានចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីចាត់វិធាន ការស្របច្បាប់សម្រាប់ការពារផល ប្រយោជន៍ដល់អាណាព្យាបាលសិស្សដែល រងគ្រោះ ។ ជាមួយគ្នានេះដែរក្រុម អាណាព្យាបាលសិស្សក៏បានដាក់ពាក្យ បណ្ដឹងនៅការិយាល័យនគរបាលព្រហ្ម ទណ្ឌកំរិតស្រាលខេត្ដសៀមរាប និងទៅ មន្ទីរអប់រំខេត្ដ ដើម្បីសុំឱ្យកូនពួកគាត់ បានចូលរៀននៅសាលារដ្ឋវិញ ។
ទាក់ទិនករណីនេះប្រធានមន្ទីរអប់រំខេត្ដ សៀមរាប លោក អ៊ុង សិរីឌី បានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ខែកុម្ភៈ ថា រឿងនេះលោកពុំទាន់ដឹងទេ តែលោក នឹងឱ្យមន្ដ្រីចុះទៅមើល ។ លោកបន្ដថា កន្លងមកនៅក្នុងខេត្ដសៀមរាបពុំទាន់ មានសាលាឯកជនណាមួយបិទទ្វាររត់ ចោលសិស្សនោះទេគឺទើបតែមានមួយ នេះប៉ុណ្ណោះ ។
លោកប្រធានមន្ទីរអប់រំបន្ដថា ចំពោះ ថាសិស្សទាំងនោះ បើគ្មានលទ្ធភាពចូល រៀនសាលាឯកជនទៀតទេ គឺអាចចូល រៀននៅសាលារដ្ឋវិញបាន តែត្រូវរក្សា ឯកសារពាក់ពន្ធ័ផ្សេងៗឱ្យបានត្រឹមត្រូវ ។
ជាមួយការបិទទ្វាររត់ចោលសិស្ស របស់សាលាអន្ដរជាតិហ្វ័រវតនេះខ្លះ និយាយថា មកពីក្ស័យធន ឯខ្លះទៀត និយាយថា មិនមែនមកពីក្ស័យធនទេ ជាការរៀបចំគម្រោងបោកប្រាស់តែម្ដង ។
តាមប្រភពព័ត៌មានមួយចំនួនដែលសុំមិនបញ្ចេញអត្ដសញ្ញាណបានឱ្យដឹង ថា បុរសឈ្មោះ ស៊ន់ ភក្ដី នេះមានឈ្មោះ ល្បីខាងបោកនៅរាជធានីភ្នំពេញជាយូរ យារណាស់មកហើយ ដោយប្រើរូបភាព បើកសាលាបង្រៀនដូចគ្នា ក្នុងនោះក៏ធ្លាប់ បើករហូតដល់ទៅសាកលវិទ្យាល័យផងដែរ ៕
