ដង្ហែ​ទីងមោង​យក្ស​រូប​សត្វ​ជិត​ផុត​ ពូជ​លើក​ទី​៦​នៅ​ក្នុង​ខេត្ដសៀមរាប​

ដោយ​ ៖ ជា​ ស្រស់ ថ្ងៃទី 28 កុម្ភះ 2012ម៉ោង 11:04:06

​ខេត្ដសៀមរាប​ ៖​ មនុស្ស​ម្នា​ជា​ច្រើន​ ពាន់​នាក់​បាន​នាំ​គ្នា​ឈរ​យ៉ាង​កកកុញ​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​ ដែល​មាន​ក្បួន​ ដង្ហែ​ទីងមោង​យក្ស​ឆ្លងកាត់​ ។​ ពួក​គេ​ ម្នាក់ៗ​ប្រឹង​ប្រជ្រៀត​គ្នា​ដើម្បី​បាន​ឈរ​នៅ​ ខាង​មុខ​ព្រោះថា​ ពួក​គេ​ពុំ​ងាយ​នឹង​បាន​ ឃើញ​ទីងមោង​ដែល​មាន​ទំហំ​ធំៗ​យ៉ាង​ដូច្នេះ​ទេ​ ។​

​ការ​ដង្ហែ​ក្បួន​ទីងមោង​យក្ស​នេះ​ គឺជា​ ព្រឹត្ដិការណ៍​ប្រចាំឆ្នាំ​លើក​ទី​៦​ ដែល​រៀប​ ចំ​ឡើង​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ ចំនួន​១៤​នៅ​ក្នុង​ខេត្ដសៀមរាប​ ។​ ព្រឹត្ដិ​ ការណ៍​នេះ​ បាន​ធ្វើ​ឡើង​កាលពី​យប់​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ។​

​ទីងមោង​ទាំងនោះ​ ត្រូវ​បាន​គេ​ធ្វើ​ ឡើងជា​រូបសំណាក​បុព្វបុរស​ខ្មែរ​ដែល​ មាន​ស្នាដៃ​ ដូច​ជា​រូប​សម្ដេច​ព្រះសង្ឃ​ រាជ​ជួនណា​ត​ និង​រូប​សត្វ​ផ្សេងៗ​ ។​

​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ អ៊ុ​ន​ សាវ៉ា​ន់​ អ្នកគ្រប់គ្រង​កម្មវិធី​ដង្ហែ​ក្បួន​ទីងមោង​ នេះ​បាន​ថ្លែង​ថា​ វា​គឺជា​ព្រឹ​ត្ដ​ការណ៍​ដ៍​ភ្ញាក់​ ផ្អើល​លើក​ទី​៦​នៅ​ក្នុង​ខេត្ដសៀមរាប​ ហើយ​វា​ក៏​បាន​ក្លាយទៅជា​ព្រឹ​ត្ដ​ការណ៍​ទេសចរណ៍​មួយ​នៅ​ក្នុង​ខេត្ដ​នេះ​ផង​ដែរ​ ព្រោះ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​។​ លោក​បន្ដ​ថា​ មាន​អ្នកទេសចរ​ដែល​ធ្លាប់​ បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​កាលពី​ឆ្នាំ​ មុនៗ​នៅ​ឆ្នាំ​នេះ​ពួក​គាត់​បាន​មក​ចូល​ រួម​ម្ដងទៀត​ ។​

​លោក​ អ៊ុ​ន​ សុ​វ៉ា​ន់​ បញ្ជាក់​ថា​ ក្រៅ​ ពី​ជា​ព្រឹត្ដិការណ៍​ទាក់ទាញ​អ្នកទេសចរ​ ការ​ដង្ហែ​ក្បួន​មួយ​នេះ​បាន​បង្ហាញ​ឱ្យ​មនុស្ស​ ជំនាន់​ក្រោយ​បានដឹង​ និង​ស្គាល់​អំពី​ប្រភេទ​ ពូជ​សត្វ​មួយ​ចំនួន​ដែល​បាន​បាត់បង់​ពូជ​ និង​កំពុង​ប្រឈម​ការ​គំរាមកំហែង​នៅ​ ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ទាមទារ​ឱ្យ​យើង​ ទាំងអស់​គ្នា​ជួយ​ការពារ​ ។​

​ចំណែក​លោក​ ភោគ​ ស​ម្ភ​ស្ស​ គ្រូ​ អប់រំ​បរិស្ថាន​នៃ​មជ្ឈមណ្ឌល​អង្គការ​ សម្រាប់​អភិ​វ​ឌ្ឈ​ន៍​ជីវៈចម្រុះ​(ACCB)​បានឱ្យ​ដឹង​ថា​ សត្វ​ដែល​កំពុង​ប្រឈម​នឹង​ ការ​បាត់បង់​ពូជ​នោះ​ គឺ​មាន​សត្វ​ដំរី​អាស៊ី​ សត្វ​ទោច​ សត្វ​ខ្លាដំបង​ឥណ្ឌូចិន​ សត្វ​ខ្លា​ ឃ្មុំ​អាស៊ី​ខ្មៅ​ ខ្លារខិន​ ភេ​រោម​ទន់​ ខ្ទីង​ និង​រញី​ ជាដើម​ ។​ លោក​បន្ដ​ថា​ ក្រៅពី​ នោះ​ក៏​មាន​ប្រភេទ​សត្វ​ស្លាប​ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ផុត​ពូជ​ ដែរ​ដូច​ជា​សត្វ​ត្រ​យ៉ង​ធំ​ ត្រ​យ៉ង​ក​.​ស​ ត្រដក់​ធំ​ ក្រសារ​ ទា​ស្លាប​ស​ ក្ងោក​ និង​ សត្វ​ត្មាត​ ។​ លោក​បាន​បន្ដ​ថា​ បញ្ហា​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ពូជ​ និង​កំពុង​តែ​ប្រឈម​ និង​ការ​បាត់បង់​ពូជ​សត្វ​ទាំងនេះ​ គឺ​បណ្ដាល​ មក​ពី​ការ​បាត់បង់​ព្រៃឈើ​ការ​តាម​ ប្រមាញ់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នីមួយៗ​ដើម្បី​យក​សាច់សត្វ​ទាំងនេះ​ធ្វើ​ជា​អាហារ​ និង​លក់​យក​ប្រាក់​ ៕