មន្ដ្រី​ចិន​មានទ្រព្យ​សម្បត្ដិ​ច្រើន​ជាង​មន្ដ្រី​អា​មេ​រិ​ក​

ដោយ​ ៖ សាធី ថ្ងៃទី 28 កុម្ភះ 2012ម៉ោង 13:46:03

​​ទ្រព្យសម្បត្ដិ​របស់​មន្ដ្រី​ចិន​កើនឡើង​ឥត​ឈប់​ឈរ​ ហើយ​មាន​មន្ដ្រី​៧០​នាក់​​ដែល​មានទ្រព្យ​សម្បត្ដិ​ច្រើន​ជាងគេ​បំផុត​​នៅ​ក្នុង​ប្រទេស​ចិន​ ឆ្នាំ​២០១១​ គឺ​មាន​​ច្រើន​ជាង​ទ្រព្យសម្បត្ដិ​សរុប​របស់​តំណាងរាស្ដ្រ​៦០០​នាក់​ទៀត​ផង​ ។​

​តាម​របាយការណ៍​ស្ដី​ពី​កម្រិត​ទ្រព្យ​​សម្បត្ដិ​របស់​ពលរដ្ឋ​ចិន​ដែល​បាន​ប្រកាស​​កាលពី​ថ្ងៃ​ទី​២៦​ កុម្ភៈ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ទ្រព្យសម្បត្ដិ​សរុប​របស់​មន្ដ្រីជាន់ខ្ពស់​ចិន​៧០​រូប​ក្នុង​ឆ្នាំ​២០១១​ កើនឡើង​ដល់​៥៦៨,៥​ពាន់​លាន​យាន់​ ស្មើនឹង​៨៩,៨ពាន់​លាន​ដុល្លារ​ គឺ​ច្រើន​ជាង​១១,៥​ពាន់​​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១០​ ។​

​ក្នុង​ពេល​នោះ​ទ្រព្យសម្បត្ដិ​របស់​មន្ដ្រី​អា​មេ​រិ​ក​៦៦០​នាក់​មក​ពី​ស្ថាប័ន​កំពូល​​ទាំង​៣​មាន​តែ​៧,៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ។​
​ប្រាក់​ចំណូល​របស់​មន្ដ្រីជាន់ខ្ពស់​ចិន​​កើនឡើង​យ៉ាង​ខ្លាំង​បាន​បង្ហាញ​ពី​ការ​បាត់​​បង់​តុល្យភាព​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​ចិន​ដែល​មាន​ប្រាក់​មធ្យម​ក្នុង​មនុស្ស​​ម្នាក់ៗ​នៅ​ឆ្នាំ​២០១០​មាន​តែ​២៤២៥​ដុល្លារ​ គឺ​ទាប​ជាង​អា​មេ​រិ​ក​យ៉ាងច្រើន​ ដែល​មាន​រហូត​ដល់​៣៧.៥២៧​ដុល្លារ​​ក្នុង​ម្នាក់​ ។​

​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ចិន​បាន​​អនុវត្ដ​គោលនយោបាយ​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកមាន​ចូល​ជា​សមាជិក​មជ្ឈិមបក្ស​ ហើយ​ពេល​នេះ​មាន​មហាសេដ្ឋី​ជា​ច្រើន​​នៅ​ក្នុង​គណបក្ស​កុម្មុយនីស្ដ​ចិន​ ក្នុង​នោះ​​មាន​មហាសេដ្ឋី​លំដាប់​ទី​២​របស់​ចិន​ លោក​ Zong​ Qinghou​ ដែល​មានទ្រព្យ​​សម្បត្ដិ​រហូត​ដល់​៦៨​ពាន់​លាន​យាន់​ និង​​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ Longfor​ មានទ្រព្យ​សម្បត្ដិ​រហូត​ដល់​៤២​ពាន់​លាន​យាន់​ ៕