
ឃាត់ខ្លួនអ្នកវាយគេ៥-៧ញញួររួចជិះម៉ូតូគេចទៅបុកម៉ូតូគេគ្រោះថ្នាក់ធ្ងន់
ដោយ ៖ សហការី ថ្ងៃទី 28 កុម្ភះ 2012ម៉ោង 14:21:05
ខេត្ដព្រះសីហនុ ៖ បុរសម្នាក់ត្រូវ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុឃាត់ ខ្លួនដោយសារតែស្រវឹងស្រាវាយគេ៦-៧ ញញួរហើយជិះម៉ូតូរត់គេចខ្លួន តែសំណាង មិនល្អបែរជាទៅបុកជាមួយម៉ូតូ១គ្រឿង ទៀតបណ្ដាលឱ្យខ្លួនឯងរងរបួសធ្ងន់ ហើយ នគរបាលឃើញដូចនេះក៏បញ្ជូនមកមន្ទីរ ពេទ្យ ដោយឱ្យដេកពេទ្យទាំងដៃជាប់ខ្នោះ ព្រោះខ្លាចគាត់រត់គេចទៀត ។ បុរសរូប នេះឈ្មោះចក់ ប៊ុនលី អាយុ៤៣ឆ្នាំ មាន ផ្ទះជួលនៅតំបន់ភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
អំពីរឿងហេតុដែលកើតឡើងនោះ ដំបូងឡើយឈ្មោះចក់ ប៊ុនលី បានផឹក ស្រាជាមួយមិត្ដភក្ដិនៅតំបន់អូរទី៣ រហូតដល់ស្រវឹងនៅម៉ោង៩យប់ ថ្ងៃទី ២៤ ខែកុម្ភៈនេះ គាត់ក៏បានត្រលប់ ចូលមកផ្ទះជួលវិញហើយទាត់ជញ្ជាំងផ្ទះ ជួលក្ដុងក្ដាំងដែលជាហេតុធ្វើឱ្យស្ដ្រីម្នាក់ ដែលជួលបន្ទប់ជាប់គ្នាមិនសប្បាយចិត្ដ ក៏ចេញមកស្ដីបន្ទោស ។ បុរសនេះក៏មាន ប្រតិកម្មឈ្លោះតបតដោយបញ្ចេញ អាកប្បកិរិយាវាយតប់គ្នាទៀតផង ។ ពេលឃើញដូចនេះមានបុរសម្នាក់ទៀតឈ្មោះ អ៊ុន ណាក់ អាយុ២២ឆ្នាំ ដែលជួលផ្ទះ នៅក្បែរគ្នាបានចូលមកឃាត់ ហើយ ស្ដីបន្ទោសឱ្យយ៉ាងខ្លាំង ដែលជាហេតុ ធ្វើឱ្យឈ្មោះចក់ ប៊ុនលី បង្វែរមុខព្រួញ ជម្លោះមកឈ្លោះជាមួយឈ្មោះអ៊ុន ណាក់ វិញម្ដង ។
ក្រោយមកឈ្មោះចក់ ប៊ុនលី បានទាញម៉ូតូមកចតនៅលើផ្លូវហើយ ជាស្រេច ទើបទៅទាញយកញញួរមក វាយក្បាលឈ្មោះអ៊ុន ណាក់ ៦-៧ញញួរ ហើយឡើងម៉ូតូជិះរត់គេចខ្លួន ។ លុះពេល ជិះមកដល់តំបន់អូរទី១ ស្ថិតក្នុងសង្កាត់ ៤ ក៏បានបុកជាមួយម៉ូតូ១គ្រឿងទៀត ធ្វើឱ្យបុរសរូបនេះរងរបួសធ្ងន់ហើយ សមត្ថកិច្ចនគរបាលក៏បានបញ្ជូនឱ្យមក ដេកពេទ្យដោយដាក់ខ្នោះដៃជាមួយគ្រែ ពេទ្យព្រោះខ្លាចគាត់នោះរត់ទៀត ។
រីឯជនរងគ្រោះឈ្មោះអ៊ុន ណាក់ ដែល រងការវាយប្រហារ៦-៧ញញួរនោះ មាន ការរងរបួសធ្ងន់ធ្ងរផងដែរដោយពេល នោះគាត់បានយកដៃខ្ទប់ក្បាលហើយជន ល្មើសវាយគាត់បែកដៃផង និងបែក ក្បាលផង ឥឡូវនេះគាត់ដេកព្យាបាល នៅពេទ្យឯកជនរីឯជនល្មើសដេកពេទ្យរដ្ឋ ៕
