​ឃាត់ខ្លួន​អ្នក​វាយ​គេ​៥-៧​ញញួរ​រួច​ជិះ​ម៉ូតូ​គេច​ទៅ​បុក​ម៉ូតូ​គេ​គ្រោះថ្នាក់​ធ្ងន់​

ដោយ​ ៖ សហការី ថ្ងៃទី 28 កុម្ភះ 2012ម៉ោង 14:21:05

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ បុរស​ម្នាក់​ត្រូវ​ សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​ឃាត់​ ខ្លួន​ដោយសារ​តែ​ស្រវឹងស្រា​វាយ​គេ​៦-៧​ ញញួរ​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ តែ​សំណាង​ មិនល្អ​បែរជា​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ ទៀត​បណ្ដាល​ឱ្យ​ខ្លួនឯង​រង​របួសធ្ងន់​ ហើយ​ នគរបាល​ឃើញ​ដូចនេះ​ក៏​បញ្ជូន​មក​មន្ទីរ​ ពេទ្យ​ ដោយ​ឱ្យ​ដេកពេទ្យ​ទាំង​ដៃ​ជាប់​ខ្នោះ​ ព្រោះ​ខ្លាច​គាត់​រត់គេច​ទៀត​ ។​ បុរស​រូប​ នេះ​ឈ្មោះ​ចក់​ ប៊ុ​ន​លី​ អាយុ​៤៣​ឆ្នាំ​ មាន​ ផ្ទះ​ជួល​នៅ​តំបន់​ភូមិ​ថ្មី​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ។​

​អំពី​រឿងហេតុ​ដែល​កើតឡើង​នោះ​ ដំបូង​ឡើយ​ឈ្មោះ​ចក់​ ប៊ុ​ន​លី​ បាន​ផឹក​ ស្រា​ជាមួយ​មិត្ដភក្ដិ​នៅ​តំបន់​អូរ​ទី​៣​ រហូត​ដល់​ស្រវឹង​នៅ​ម៉ោង​៩​យប់​ ថ្ងៃ​ទី​ ២៤​ ខែកុម្ភៈ​នេះ​ គាត់​ក៏​បាន​ត្រលប់​ ចូល​មក​ផ្ទះ​ជួល​វិញ​ហើយ​ទាត់​ជញ្ជាំង​ផ្ទះ​ ជួល​ក្ដុងក្ដាំង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ដ្រី​ម្នាក់​ ដែល​ជួល​បន្ទប់​ជាប់​គ្នា​មិន​សប្បាយចិត្ដ​  ក៏​ចេញ​មក​ស្ដីបន្ទោស​ ។​ បុរស​នេះ​ក៏​មាន​ ប្រតិកម្ម​ឈ្លោះ​តបត​ដោយ​បញ្ចេញ​ អាកប្បកិរិយា​វាយតប់​គ្នា​ទៀត​ផង​ ។​ ពេល​ឃើញ​ដូចនេះ​មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ​ អ៊ុ​ន​ ណា​ក់​ អាយុ​២២​ឆ្នាំ​ ដែល​ជួល​ផ្ទះ​ នៅ​ក្បែរ​គ្នា​បាន​ចូល​មក​ឃាត់​ ហើយ​ ស្ដីបន្ទោស​ឱ្យ​យ៉ាង​ខ្លាំង​ ដែល​ជា​ហេតុ​ ធ្វើ​ឱ្យឈ្មោះ​ចក់​ ប៊ុ​ន​លី​ បង្វែរ​មុខព្រួញ​ ជម្លោះ​មក​ឈ្លោះ​ជាមួយ​ឈ្មោះ​អ៊ុ​ន​ ណា​ក់​ វិញ​ម្ដង​ ។​

ក្រោយមក​ឈ្មោះ​ចក់​ ប៊ុ​ន​លី​ បាន​ទាញ​ម៉ូតូ​មក​ចត​នៅ​លើ​ផ្លូវ​ហើយ​ ជា​ស្រេច​ ទើប​ទៅ​ទាញ​យក​ញញួរ​មក​ វាយ​ក្បាល​ឈ្មោះ​អ៊ុ​ន​ ណា​ក់​ ៦-៧​ញញួរ​ ហើយ​ឡើង​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​ ។​ លុះ​ពេល​ ជិះ​មក​ដល់​តំបន់​អូរ​ទី​១​ ស្ថិត​ក្នុង​សង្កាត់​ ៤​ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ ធ្វើ​ឱ្យ​បុរស​រូប​នេះ​រង​របួសធ្ងន់​ហើយ​ សមត្ថកិច្ច​នគរបាល​ក៏​បាន​បញ្ជូន​ឱ្យមក​ ដេកពេទ្យ​ដោយ​ដាក់​ខ្នោះដៃ​ជាមួយ​គ្រែ​ ពេទ្យ​ព្រោះ​ខ្លាច​គាត់​នោះ​រត់​ទៀត​ ។​

​រីឯ​ជន​រង​គ្រោះ​ឈ្មោះ​អ៊ុ​ន​ ណា​ក់​ ដែល​ រង​ការ​វាយប្រហារ​៦-៧​ញញួរ​នោះ​ មាន​ ការ​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ​ដោយពេល​ នោះ​គាត់​បាន​យកដៃ​ខ្ទប់​ក្បាល​ហើយ​ជន​ ល្មើស​វាយ​គាត់​បែក​ដៃ​ផង​ និង​បែក​ ក្បាល​ផង​ ឥឡូវនេះ​គាត់​ដេក​ព្យាបាល​ នៅ​ពេទ្យ​ឯកជន​រីឯ​ជនល្មើស​ដេកពេទ្យ​រដ្ឋ​ ៕