ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​អន្ដរជាតិ​ IU​ ទទួលយក​សំណើ​របស់​និស្សិត​២​ចំណុច​លើ​ការ​ទាមទារ​៣​ចំណុច​

ដោយ​ ៖ អ៊ុំ​ ណូ​ន ថ្ងៃទី 29 កុម្ភះ 2012ម៉ោង 09:45:59

​​ភ្នំពេញ​ ៖​ បន្ទាប់​ពី​មានការ​តវ៉ា​របស់​ និស្សិត​ជាង​២០០​នាក់​ដែល​ទាមទារ​សុំ​ឱ្យ​ ថ្នាក់ដឹកនាំ​កុំ​ពិន័យ​ការ​ប្រឡង​សង​យក​ លុយ​១២០​ដុល្លារ​នោះ​ តំណាង​និស្សិត​ និង​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​អន្ដរជាតិ​ “IU”​ បាន​ជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ខែកុម្ភៈ​ ឆ្នាំ​២០១២​ ដើម្បី​ដោះស្រាយ​បញ្ហា​ ប៉ុន្ដែ​ ហាក់ដូចជា​មិន​ត្រូវរ៉ូវ​គ្នា​ ព្រោះ​ខាង​ សាកលវិទ្យាល័យ​ទទួលយក​នូវ​សំណើ​តែ​ ២​ចំណុច​ប៉ុណ្ណោះ​ ឯ​១​ចំណុច​ទៀត​មិន​ ទទួលយក​បាន​ឡើយ​ ។​

​យោង​តាម​សំដី​របស់​លោក​ សុវណ្ណ​ តំណាង​និស្សិត​ជាង​២០០​នាក់​ដែល​បាន​ ចូលរួម​ធ្វើការ​តវ៉ា​ និង​ជួប​ពិភាក្សា​ដោះ​ ស្រាយ​បញ្ហា​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា​ សាកលវិទ្យាល័យ​ចូល​មក​ដោះស្រាយ​ មាន​វត្ដមាន​លោក​ សាប៊ូ​ អូ​សាណូ​ នាយក​ សាកលវិទ្យាល័យ​អន្ដរជាតិ​ ដោយ​លោក​ ប្រាប់​ថា​ សាលា​យល់ព្រម​ទទួលយក​នូវ​ សំណើ​របស់​និស្សិត​តែ​២​ចំណុច​ប៉ុណ្ណោះ​ គឺ​ទី​១.​សូម​ឱ្យ​កែ​វិញ្ញាសា​ប្រឡង​ឡើង​ វិញ​ ។​ ទី​២.​ខាង​សាលា​យល់ព្រម​ថែម​ ពិន្ទុ​ដល់​និស្សិត​ ។​

​លោក​ សុវណ្ណ​ បន្ដ​ទៀត​ថា​ ខាង​សា​ លា​គេ​បាន​យល់ព្រម​ដោះស្រាយ​ត្រឹមតែ​ ២​ចំណុច​ប៉ុណ្ណោះ​ ចំណែក​១​ចំណុច​ទៀត​ គឺ​រឿង​បង់លុយ​ថ្លៃ​ប្រឡង​សង​១២០​ដុល្លារ​ ក្នុង​១​មុខ​វិជ្ជា​ ដែល​និស្សិត​ទាមទារ​សុំ​បង់​ តែ​២៥​ដុល្លារ​នោះ​ ខាង​សាលា​មិន​យល់​ ព្រម​ទេ​ ។​ ក៏​ប៉ុន្ដែ​ការ​យល់ព្រម​ទទួល​ យក​២​ចំណុច​នេះ​ និស្សិត​អាច​ទទួលយក​ បាន​ ។​ លោក​បន្ដ​ទៀត​ថា​ ខាង​ថ្នាក់​ដឹក​ នាំ​សាលា​គ្រាន់តែ​សន្យា​តែ​មាត់ទទេ​ ប៉ុណ្ណោះ​ ដោយ​មិន​មាន​សរសេរ​ជា​លាយ​ លក្ខណ៍​អក្សរ​អ្វី​ឡើយ​ ហើយ​បាន​សន្យា​ថា​ នឹង​បិទ​លទ្ធផល​ឡើង​វិញ​នៅ​២​សបា្ដហ៍​ ខាង​មុខ​ ។​ លោក​បន្ដ​ថា​ ប្រសិនបើ​ខាង​ ភាគី​សាលា​មិន​ព្រម​ធ្វើ​ទៅ​តាម​កិច្ចសន្យា​ របស់​ខ្លួន​នោះ​ទេ​ ក្រុម​និស្សិត​នឹង​ធ្វើការ​ តវ៉ា​ម្ដងទៀត​នៅ​ពេល​ក្រោយ​ ។​

​គួរ​បញ្ជាក់​ថា​ និស្សិត​សាកល​វិទ្យា​ ល័យ​អន្ដរជាតិ​ជាង​២០០​នាក់​បាន​តវ៉ា​ នៅ​មុខ​សាកលវិទ្យាល័យ​កាលពី​ព្រឹក​ថ្ងៃ​ ទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១២​ ដោយ​ពួក​គេ​ កើតទុក្ខ​មិន​សុខចិត្ដ​រឿង​ប្រឡង​សង​១​មុខ​ វិជ្ជាសាលា​តម្រូវ​ឱ្យ​បង់​រហូត​ដល់​១២០​ដុល្លារ​ ដែល​តម្លៃ​នេះ​វា​ច្រើន​លើសលុប​ ហួស​ពី​សមត្ថភាព​របស់​និស្សិត​ ។​ ពួក​គេ​ បាន​ធ្វើការ​តវ៉ា​ទៅ​លើ​៣​ចំណុច​ ទី​១.​សុំ​ឱ្យ​ សាលា​យក​តម្លៃ​បង់​ប្រឡង​សង​១​មុខ​វិជ្ជា​ ត្រឹមតែ​២៥​ដុល្លារ​ ។​ ទី​២.​សូម​ឱ្យ​សាលា​ ផ្ដល់​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ អ្នក​ដែល​បាន​ពិន្ទុ​សូន្យ​ និង​ទី​៣.​សូម​ឱ្យ​ សាលា​បន្ថែម​ពិន្ទុ​២៥​ទៅ​លើ​ពិន្ទុ​ធ្លាក់​របស់​ក្រុម​និស្សិត​ ៕