
ឆ្នាំ២០១២ការបញ្ជាទិញស្ករត្នោតសរីរាង្គមានការកើនឡើង
ដោយ ៖ សហការី ថ្ងៃទី 29 កុម្ភះ 2012ម៉ោង 13:06:03
ខេត្ដកំពង់ស្ពឺ ៖ ប្រជាកសិករដែល ប្រកបរបរឡើងត្នោតនៅខេត្ដកំពង់ស្ពឺ មានសង្ឃឹមឡើងវិញហើយដោយនៅរដូវ ប្រមូលផលស្ករត្នោតឆ្នាំ២០១២នេះ សមាគមបានទទួលការបញ្ជាទិញស្ករត្នោត សរីរាង្គចំនួនជាង៣០តោន ។ នេះបើ តាមការអោយដឹងពីលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោត ខេត្ដកំពង់ស្ពឺ ។
លោក សំ សារឿន បានអះអាងថា ការបញ្ជាទិញស្ករត្នោតសរីរាង្គសម្រាប់ បម្រើទីផ្សារនៅក្នុងស្រុក និងការនាំ ចេញគឺមានការកើនឡើង ហើយរំពឹងថា ទីផ្សារនៅបរទេសនឹងត្រូវពង្រីកបន្ថែម ពីលើទីផ្សារដែលមានស្រាប់ ។ សម្រាប់ ឆ្នាំ២០១២ យើងទទួលការបញ្ជាទិញនៅ ក្នុងដៃចំនួនជាង៣០តោន ប៉ុន្ដែការចរចា ពង្រីកទីផ្សារថ្មីគឺនៅបន្ដធ្វើតទៅទៀតនៅ ឡើយ ។ បើតាមការចរចាបានសម្រេច ទៀតនោះ គឺយើងរំពឹងថាចំនួនផលិត និង មានចំនួនលើសពីជាង៣០តោន ។
លោក សំ សារឿន បានអោយដឹង ទៀតថា កាលពីរដូវឆ្នាំ២០១០-២០១១ សមាគមបានទទួលការបញ្ជាទិញស្ករ ត្នោតត្រឹមតែ២៩តោនប៉ុណ្ណោះ ។ ហើយ ទីផ្សារនៃការនាំចេញវិញនោះ គឺមាន ប្រទេស បារាំង ជប៉ុន អូស្ដ្រាលី តៃវ៉ាន់ និងអាមេរិក ។ ហើយដៃគូជាក្រុមហ៊ុន ចែកចាយគឺមានបីក្រុមហ៊ុន ដោយឡែក ក្នុងឆ្នាំ២០១២នេះ មានក្រុមហ៊ុនថ្មីៗមួយ ចំនួនទៀតកំពុងតែចរចា ។
ប្រសិនបើការចរចាបានសម្រេចហើយ គេសាកល្បងទៅទីផ្សារបានជោគជ័យ យើងរំពឹងថានឹងអាចមានទីផ្សារថែម ទៀតដូចជា នៅប្រទេសម៉ាឡេស៊ី កូរ៉េ និង បណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនទៀត ។
លោកប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្ដកំពង់ស្ពឺ បានធ្វើការកត់ សម្គាល់ថា ប្រសិនបើទីផ្សារស្ករសរីរាង្គ មានទីផ្សារនឹងអាចជាកត្ដាមួយទប់ស្កាត់ការកាប់បំផ្លាញដើមត្នោត ដែលកំពុង តែបន្ដកើតមាននៅតាមសហគមន៍ មួយចំនួន ។ មកទល់ពេលនេះការកាប់ បំផ្លាញដើមត្នោត គឺមិនមាននៅក្នុង សហគមន៍ ដែលសមាជិកប្រមាណជាង ១៧០គ្រួសារទេ តែបើមានគឺជាប្រភេទ ដើមត្នោតដែលមានអាយុលើស ពី២០០ឆ្នាំ ដោយសារតែផលិតភាព របស់វាលែងមានប្រយោជន៍ ។
នៅក្នុងរបាយការណ៍នាំចេញរបស់ ក្រសួងពាណិជ្ជកម្មការនាំចេញស្ករត្នោតសរីរាង្គ គឺមិនមាននៅក្នុងបញ្ជីនៅឡើយ ទោះបីជាស្ករត្នោតសរីរាង្គមានទីផ្សារពិតប្រាកដក៏ដោយ ។ ទាំងនេះក៏ដោយសារ បរិមាណបញ្ជាទិញ និងនាំចេញមានតិច តួចនៅឡើយ ៕
