​ឆ្នាំ​២០១២​ការ​បញ្ជា​ទិញ​ស្ករត្នោត​សរីរាង្គ​មានការ​កើនឡើង​

ដោយ​ ៖ សហការី ថ្ងៃទី 29 កុម្ភះ 2012ម៉ោង 13:06:03

​ខេត្ដកំពង់ស្ពឺ​ ៖​ ប្រជា​កសិករ​ដែល​ ប្រកប​របរ​ឡើងត្នោត​នៅ​ខេត្ដកំពង់ស្ពឺ​ មាន​សង្ឃឹម​ឡើង​វិញ​ហើយដោយ​នៅ​រដូវ​ ប្រមូល​ផល​ស្ករត្នោត​ឆ្នាំ​២០១២​នេះ​ សមាគម​បាន​ទទួល​ការ​បញ្ជា​ទិញ​ស្ករត្នោត​ សរីរាង្គ​ចំនួន​ជាង​៣០​តោន​ ។​ នេះ​បើ​ តាម​ការ​អោយ​ដឹង​ពី​លោក​ សំ​ សា​រឿ​ន​ ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​ ខេត្ដកំពង់ស្ពឺ​ ។​

​លោក​ សំ​ សា​រឿ​ន​ បាន​អះអាង​ថា​ ការ​បញ្ជា​ទិញ​ស្ករត្នោត​សរីរាង្គ​សម្រាប់​ បម្រើ​ទីផ្សារ​នៅ​ក្នុងស្រុក​ និង​ការ​នាំ​ ចេញ​គឺ​មានការ​កើនឡើង​ ហើយ​រំពឹង​ថា​ ទីផ្សារ​នៅ​បរទេស​នឹង​ត្រូវ​ពង្រីក​បន្ថែម​ ពីលើ​ទីផ្សារ​ដែល​មាន​ស្រាប់​ ។​ សម្រាប់​ ឆ្នាំ​២០១២​ យើង​ទទួល​ការ​បញ្ជា​ទិញ​នៅ​ ក្នុង​ដៃ​ចំនួន​ជាង​៣០​តោន​ ប៉ុន្ដែ​ការ​ចរចា​ ពង្រីក​ទីផ្សារ​ថ្មី​គឺ​នៅ​បន្ដ​ធ្វើ​តទៅ​ទៀត​នៅ​ ឡើយ​ ។​ បើ​តាម​ការ​ចរចា​បាន​សម្រេច​ ទៀត​នោះ​ គឺ​យើង​រំពឹង​ថា​ចំនួន​ផលិត​ និង​ មាន​ចំនួន​លើស​ពី​ជាង​៣០​តោន​ ។​

​លោក​ សំ​ សា​រឿ​ន​ បានអោយ​ដឹង​ ទៀត​ថា​ កាលពី​រដូវ​ឆ្នាំ​២០១០-២០១១​ សមាគម​បាន​ទទួល​ការ​បញ្ជា​ទិញ​ស្ករ​ ត្នោត​ត្រឹមតែ​២៩​តោន​ប៉ុណ្ណោះ​ ។​ ហើយ​ ទីផ្សារ​នៃ​ការ​នាំ​ចេញ​វិញ​នោះ​ គឺ​មាន​ ប្រទេស​ បារាំង​ ជប៉ុន​ អូស្ដ្រាលី​ តៃវ៉ាន់​ និង​អា​មេ​រិ​ក​ ។​ ហើយ​ដៃគូ​ជា​ក្រុមហ៊ុន​ ចែកចាយ​គឺ​មាន​បី​ក្រុមហ៊ុន​ ដោយឡែក​ ក្នុង​ឆ្នាំ​២០១២​នេះ​ មាន​ក្រុមហ៊ុន​ថ្មីៗ​មួយ​ ចំនួន​ទៀត​កំពុង​តែ​ចរចា​ ។​
​ប្រសិនបើ​ការ​ចរចា​បាន​សម្រេច​ហើយ​ គេ​សាកល្បង​ទៅ​ទីផ្សារ​បាន​ជោគជ័យ​ យើង​រំពឹង​ថា​នឹង​អាច​មាន​ទីផ្សារ​ថែម​ ទៀត​ដូច​ជា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ កូរ៉េ​ និង​ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​ទៀត​ ។​

​លោក​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្ដកំពង់ស្ពឺ​ បាន​ធ្វើការ​កត់​ សម្គាល់ថា​ ប្រសិនបើ​ទីផ្សារ​ស្ករ​សរីរាង្គ​ មាន​ទីផ្សារ​នឹង​អាច​ជា​កត្ដា​មួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ដើម​ត្នោត​ ដែល​កំពុង​ តែ​បន្ដ​កើត​មាននៅ​តាម​សហគមន៍​ មួយ​ចំនួន​ ។​ មក​ទល់​ពេល​នេះ​ការ​កាប់​ បំផ្លាញ​ដើម​ត្នោត​ គឺ​មិន​មាននៅ​ក្នុង​ សហគមន៍​ ដែល​សមាជិក​ប្រមាណ​ជាង​ ១៧០​គ្រួសារ​ទេ​ តែបើ​មាន​គឺជា​ប្រភេទ​ ដើម​ត្នោត​ដែល​មាន​អាយុ​លើស​ ពី​២០០​ឆ្នាំ​ ដោយសារ​តែ​ផលិតភាព​ របស់​វា​លែង​មាន​ប្រយោជន៍​ ។​

​នៅ​ក្នុង​របាយការណ៍​នាំ​ចេញ​របស់​ ក្រសួងពាណិជ្ជកម្ម​ការ​នាំ​ចេញ​ស្ករត្នោត​សរីរាង្គ​ គឺ​មិន​មាននៅ​ក្នុង​បញ្ជី​នៅឡើយ​ ទោះបីជា​ស្ករត្នោត​សរីរាង្គ​មាន​ទីផ្សារ​ពិតប្រាកដ​ក៏​ដោយ​ ។​ ទាំងនេះ​ក៏​ដោយសារ​ បរិមាណ​បញ្ជា​ទិញ​ និង​នាំ​ចេញ​មាន​តិច តួច​នៅឡើយ​ ៕