
ធនាគារ មេយប៊ែង បើកឲ្យដំណើរការសេវាកម្មគណនីយចរន្តមានការប្រាក់
ដោយ ៖ វឌ្ឍនា ថ្ងៃទី 02 មីនា 2012ម៉ោង 10:44:46
ភ្នំពេញ៖ វិស័យធនាគាត្រូវបានគេកត់សម្គាល់ឃើញថាមានការរីចម្រើនច្រើនក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីការរីកចម្រើននេះការបង្កើតសេវាកម្មដែលបង្កភាពងាយស្រលដល់អតិថិជនក៏កាន់តែមានការប្រកួតប្រជែង។ ធនាគាមេយប៊ែងដែលបានបើកដំណើរការប្រតិបត្តិការលើវិស័យធនាគានៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣មកនោះក៏បានបើកបម្រើអតិថិជនរបស់ខ្លួនជាបន្តបន្ទាប់នូវសេវាកម្មជាច្រើនបន្តបន្ទាប់។ ថ្មីៗនេះធនាគារមួយនេះបានសម្រេចបើកដាក់ឲ្យដំណើរការសេវាកម្មថ្មីមួយបន្ថែមទៀតគឺសេវាកម្មគណនីយចរន្តមានការប្រាក់ដែលជាសេវាកម្មថ្មីទំនើប និងផ្តល់ជូនដល់អតិថិជនរបស់ខ្លួនការតែសម្បូរបែប។
កម្មវិធីបើកសម្ពោធនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១ខែមីនាឆ្នាំ២០១២នេះនៅសណ្ឋាគារ Landscape ដោយមានការចូលរួមពីសំណាក់តំណាងធនាគារមេយប៊ែង អតិថិជន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
នាយកគ្រប់គ្រងធនាគារ មេយប៊ែងប្រចាំនៅកម្ពុជា លោក Jubely Pa ថ្លែងនាឱកាសនេះថាគណនីយចរន្តPremier របស់ធនាគាមេយប៊ែងជាគណនីយដែលផ្តល់នូវកម្រិតថ្នាក់នៃការប្រាក់ពិសេសៗ និងភាពងាយស្រួលដល់អតិថិជនរួមមានសេវាកម្មមូលប្បទានប័ត្រសម្រាប់កិច្ចការអាជីវកម្ម និងអាចប្រើជាមួយម៉ាស៊ីន ATM សម្រាប់កិច្ចការផ្ទាល់ខ្លួន។លោកបន្តទៀតថា អតិថិជនអាចបើកគណនីយចរន្តPremier របស់ធនាគារមេយប៊ែងជាមួយចំនួនទឹកប្រាក់អប្បបរមា៣០០០ដុល្លារ ហើយគណនីយនេះបានផ្តល់ជូនអត្រាការប្រាក់គួរឲ្យទាក់ទាញរួមជាមួយអត្ថប្រយោជន៍ជាច្រើនដែលគណនីយចរន្តដ៏ទៃទៀតមិនមានដូចជាអត្រាការប្រាក់ចាប់ពី០,២៥ភាគរយទៅ០,៥ភាគរយក្នុងមួយឆ្នាំអាស្រ័យលើការរក្សាបាននូវសមតុល្យគណនេយប្រចាំថ្ងៃ។
លោកបញ្ជាក់ដែរថា គណនីយថ្មីនេះ និងជួយបង្កើនចំនួនសហគ្រិន និងអ្នកជំនាញវិជ្ជាជីវៈកម្ពុជាកាន់តែច្រើនដែលពួកគាត់តែងតែធ្វើការងារទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្ថុ និងមានបំណងស្វែងរកដំណោះស្រាយធនាគារ ដែលផ្តល់ប្រសិទ្ធភាពកាន់តែអស្ចារ្យ និងសន្សំសំច្ចៃក្នុងការចាត់ចែងសាច់ប្រាក់។ លោកបន្តទៀតថាគណនីយថ្មីនេះក៏នឹងផ្តល់សហគ្រិន និងអ្នកជំនាញវិជ្ជាជីវៈនូវភាពងាយស្រួលបំផុតគឺគ្រាន់តែការរក្សាគណនីយមួយដើម្បីសន្សំប្រាក់ ក្នុងពេលជាមួយគ្នានេះពួកគាត់អាចប្រើប្រាស់វាដើម្បីកិច្ចការអាជីវកម្ម ឬការចំណាយផ្ទាល់ខ្លួនបានទៀតផង។ គណនីយនេះក៏នឹងផ្តល់ដល់អតិថិជននូវកាតATM ដោយឥតគិតថ្លៃ អនុញ្ញាតឲ្យអតិថិជនប្រើប្រាស់បណ្តាញម៉ាស៊ីនATM របស់មេយប៊ែងប្រចាំតំបន់ដើម្បីដកប្រាក់ដោយមិនគិតថ្លៃនៅតាមម៉ាស៊ីន ATM ក្នុងបណ្តាប្រទេសជាច្រើនដូចជាម៉ាឡេស៊ី សិង្ហបូរី ប្រុយណេ ហ្វីលីពីន និងប៉ាពួញូវហ្គីនៀ ៕
