
ក្លិបកម្សាន្ដ FLY ជាទីពេញនិយមកំពុងធ្វើឱ្យយុវវ័យក្រោមអាយុ១៨ឆ្នាំភ្លើតភ្លើន
ដោយ ៖ ស.សម ថ្ងៃទី 02 មីនា 2012ម៉ោង 11:48:21
ភ្នំពេញ ៖ ក្លិបកម្សាន្ដនានានៅក្នុងរាជធានីភ្នំពេញ ទាំងសាលារាជធានី ក៏ដូចជា អាជ្ញាធរខណ្ឌតែងតែហាមឃាត់ និងតម្រូវឱ្យអ្នកធ្វើអាជីវកម្មមកធ្វើកិច្ចសន្យាជា មួយអាជ្ញាធរដោយមិនអនុញ្ញាតឱ្យក្មេងមានអាយុក្រោម១៨ឆ្នាំចូលទៅកម្សាន្ដ នៅទីនោះទេ ។ ប៉ុន្ដែករណីក្លិបកម្សាន្ដ FLY បែរជាមានភាពធូររលុងអនុញ្ញាតឱ្យក្មេង ទាំងប្រុសទាំងស្រីក្រោមអាយុ១៨ឆ្នាំចូលទៅរាំរែកកម្សាន្ដសប្បាយឱបរឹតគ្នា ធ្វើឱ្យ ភ្លេចបាយ ភ្លេចទឹក ភ្លេចសាលារៀនក្បត់ទំនុកចិត្ដឪពុកម្ដាយ និងអាណាព្យាបាល ថែមទៀត ។
គេអះអាងថា ក្លិបកម្សាន្ដ FLY ពិតជាមានក្មេងក្រោមអាយុ១៨ឆ្នាំ ចូលរាំរែកកម្សាន្ដមែន ពីព្រោះកាលពីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ មានស្ដ្រី វ័យចំណាស់២នាក់បានជិះម៉ូតូទៅឈប់ នៅមុខក្លិបនេះ និងបានបញ្ជាក់ថា កូន ស្រីនិងចៅស្រីរបស់គាត់បានបាត់ពីផ្ទះ មិនចូលសាលាពេញ១ថ្ងៃ ហើយត្រូវបាន គេឃើញថា ពួកគេនាំគ្នាចូលទៅសប្បាយ ក្នុងក្លិបកម្សាន្ដ FLY ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ១០៥ កែងនឹងផ្លូវលេខ ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
ស្ដ្រីម្នាក់ក្នុងចំណោម២នាក់ខាងលើ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ចៅស្រី និងកូនស្រីរបស់គាត់ពុំបានចូលផ្ទះគេច ពីសាលា ត្រូវបានគេប្រាប់ថា ពួកគេមក ចូលកម្សាន្ដក្នុងក្លិបនេះមានឈ្មោះឌឹម ឌីយ៉ាម៉ង់ ភេទស្រី អាយុ១៦ឆ្នាំ រៀនថ្នាក់ ទី១០នៃវិទ្យាល័យបាក់ទូក និងម្នាក់ទៀត ដែលត្រូវជាម្ដាយមីងឌឹម ឌីយ៉ាម៉ង់ ឈ្មោះកែវ មុន្នីរ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ ដែលពួកគេទាំង២នាក់ក្បត់ទំនុកចិត្ដ អាណាព្យាបាល ហើយរឿងនេះត្រូវបាន ឪពុកមាពួកគេប្រាប់ទៅម្ដាយនិងយាយ ទើបគាត់ព្យាយាមមកកាន់ទីនេះ ។
ស្ដ្រីរូបនេះបានបន្ដថា ក្រោយពីទទួល បានដំណឹងនេះភ្លាម រូបគាត់បានព្យាយាម មកយកកូនចេញពីក្លិបកម្សាន្ដ FLY ចំណែកឯចៅស្រីរបស់គាត់ឈ្មោះកែវ មុន្នីរ័ត្ន ពុំបានយកចេញនោះទេ ពីព្រោះ ក្រុមសន្ដិសុខការពារនៅខាងមុខក្លិប មិនអនុញ្ញាតឱ្យចូល ព្រមទាំងធ្វើការស្ដី បន្ទោសដល់រូបគាត់ថាមករំខាន ធ្វើឱ្យ មានការភ្ញាក់ផ្អើលនៅកន្លែងក្លិបរបស់ ពួកគេ ។ លុះដល់វេលាម៉ោង៨យប់ គាត់នៅតែរង់ចាំមើលបន្ដទៀត តែពុំ ឃើញចេញមកទេហើយខាងសន្ដិសុខក៏ នៅតែមិនអនុញ្ញាតឱ្យចូលទៅដែរ ទើប ករណីនេះមានការភ្ញាក់ផ្អើលដឹងដល់ សមត្ថកិច្ច ក៏ចុះមកធ្វើអន្ដរាគមន៍ភ្លាមៗ ។
គួររំលឹកថា ទីតាំងក្លិបកម្សាន្ដ FLY ខាងលើនេះ កន្លងទៅតែងបង្កឱ្យមាន បញ្ហាអសន្ដិសុខផ្សេងៗជាញឹកញាប់ ដែលបណ្ដាលមកពីក្រុមក្មេងទំនើង ដែល ជាសិស្សសាលាភាគច្រើនគេចវេះពី សាលារៀន ក្បត់ទំនុកចិត្ដឪពុកម្ដាយ ចូលមកស៊ីផឹកសប្បាយរាំរែកងប់ងុល រួចហើយបង្កឱ្យមានទំនាស់ដេញវាយ កាប់ចាក់គ្នាប្រសេចប្រសាចរំខានដល់ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ។
ពាក់ព័ន្ធទៅនឹងក្លិបកម្សាន្ដ FLY អនុញ្ញាតឱ្យក្មេងក្រោមអាយុ១៨ឆ្នាំចូល រាំកម្សាន្ដ ក៏ដូចជាមានបញ្ហាទំនាស់ វាយតប់គ្នាជាញឹកញាប់នោះ លោក យិន សាន អធិការនគរបាលខណ្ឌ៧មករា បានឱ្យនគរវត្ដដឹងតាមទូរស័ព្ទថា រឿង នេះខាងនគរបាលពុំហ៊ានទៅប៉ះពាល់ ឬ បិទអាជីវកម្មនោះទេ មានតែអាជ្ញាធរ សង្កាត់ ខណ្ឌតែប៉ុណ្ណោះដែលបានចេញ អាជ្ញាបណ្ណឱ្យធ្វើអាជីវកម្ម ទើបមាន សិទ្ធិបិទ ឬក៏បង្កើតគណៈកម្មការពិនិត្យពី ភាពមិនប្រក្រតីនេះ បើសិនជាមានបញ្ហា វិវាទកើតឡើង ក៏ដូចជាមានបណ្ដឹងណា មួយពីអាណាព្យាបាលរបស់ក្មេងប្ដឹងមក កាន់សមត្ថកិច្ចនោះ ។
លោកសោម សុវណ្ណ អភិបាលខណ្ឌ ៧មករា បានឱ្យនគរវត្ដដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ថា ចំពោះក្លិបកម្សាន្ដទាំងអស់ លោកបាន ឱ្យម្ចាស់បើកអាជីវកម្ម មកធ្វើកិច្ចសន្យា ច្បាស់លាស់គ្រប់ទីកន្លែង ជាពិសេសមិន អនុញ្ញាតឱ្យក្មេងក្រោមអាយុ១៨ឆ្នាំចូល ជាដាច់ខាត ។ ម្យ៉ាងវិញទៀតជាគោល ការណ៍របស់សាលារាជធានីភ្នំពេញ មិន អនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធទៅ យាមកាមនៅទីនោះទេ លើកលែងតែ ពេលយប់ គឺមានការល្បាតរបស់សមត្ថ កិច្ចដើម្បីការពារសន្ដិសុខ ។ លោក អភិបាលបានបន្ដទៀតថា កន្លងមកក្លិប កម្សាន្ដ FLY នេះពេលថ្ងៃគ្មានខាងកង កម្លាំងប្រដាប់អាវុធទៅយាមកាមទេ គឺ មានតែពេលយប់ នៅពេលដែលម្ចាស់ ធេ*្វីអាជីវកម្មពឹងពាក់ក្រុមល្បាតដើម្បី ការពារតែប៉ុណ្ណោះ ។ លោកអភិបាលបាន បញ្ជាក់ថា ប្រសិនបើក្លិបកម្សាន្ដនេះពិត ជាមានក្មេងក្រោមអាយុ១៨ឆ្នាំ ចូលទៅ កម្សាន្ដនិងមានកងកម្លាំងប្រដាប់អាវុធ ទៅយាមកាមនោះ លោកនឹងមានវិធាន ការតាមដាននិងចុះត្រួតពិនិត្យ ។
សព្វថ្ងៃក្រុមសង្គមងងឹតកំពុងតែអូស ទាញសិស្សសាលាក្មេងៗឱ្យភ្លេចបាយ ភ្លេចទឹក វក់វី ងប់ងុលនឹងក្លិបកម្សាន្ដ សប្បាយរាំរែក ក៏ដូចជាហាងកាហ្វេមួយ ចំនួននៅក្នុងរាជធានីភ្នំពេញ ដែលបើក ធ្វើអាជីវកម្មប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការអូសទាញយុវវ័យឱ្យទៅកៀក កើយសប្បាយនៅក្នុងទីតាំងរបស់ខ្លួន ដែលរៀបចំជាលក្ខណៈបិទបាំងលាក់ លៀម ផ្ដល់ឱកាសឱ្យក្រុមក្មេងៗទាំង នោះញៀនដកខ្លួនពុំរួច ។ ដូច្នេះអាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ គួរតែ មានការយកចិត្ដទុកដាក់ទប់ស្កាត់ការ ធ្វើអាជីវកម្មមិនគោរពច្បាប់ប្រភេទ នេះផងដែរ ចៀសវាងសិស្សសាលាក្មេងៗ ប្រុសស្រីដែលជាសសរទ្រូងនៃប្រទេស ជាតិរបស់យើង បាត់បង់អនាគតដោយ សារតែភាពភ្លើតភ្លើន និងការកម្សាន្ដ ដែលមានជាច្រើននៅរាជធានីភ្នំពេញ ហើយខ្វះការទទួលខុសត្រូវពីអាជ្ញាធរ មូលដ្ឋាន ។ ពិសេសក្លិបកម្សាន្ដ FLY សាក្សីនិយាយថា ចាប់ពីម៉ោង៧យប់ទៅ គេឃើញសិស្សសាលាក្មេងៗបានកាន់ដៃ គ្នាចូលត្រសងដោយគេដឹងថា អ្នកទាំង នោះកំពុងតែភ្លើតភ្លើនភ្លេចសាលារៀន ក្បត់ទំនុកចិត្ដឪពុកម្ដាយ និងអាណាព្យា- បាលយ៉ាងធ្ងន់ធ្ងរ ។
ទោះយ៉ាងណាបន្ទាប់ពីទទួលព័ត៌មាន នេះភ្លាម នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០១២ អាជ្ញាធរខណ្ឌ៧មករា បានចុះ ទៅត្រួតពិនិត្យការធ្វើអាជីវកម្មនៅក្លិប នេះមួយដង្ហើមចង្រឹត ព្រមទាំងត្រួត ពិនិត្យសកម្មភាពក្មេងចូលកម្សាន្ដដោយ ណែនាំមិនឱ្យមនុស្សមិនទាន់គ្រប់អាយុ ចូលនៅទីនោះឡើយ ។
លោកសោម សុវណ្ណ អភិបាលខណ្ឌ ៧មករាបានប្រាប់នគរវត្ដតាមទូរស័ព្ទថា អាជ្ញាធរបានពិនិត្យឃើញក្លិបនេះពីមុន មានច្បាប់មែន តែឥឡូវអស់សុពលភាព ដោយសារតែថៅកែមុនលក់ឱ្យថៅកែ ក្រោយ ។ អាជ្ញាធរបានផ្អាកការធ្វើអាជីវ កម្មមួយរយៈដើម្បីឱ្យម្ចាស់ក្លិបទៅធ្វើ ច្បាប់ និងបែបបទឡើងវិញ ៕
