ភាពយន្ត​រឿង​នាង​ណាត​ជា​3D​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​The Cineplex

ដោយ​ ៖ វឌ្ឍនា|ថ្ងៃទី 03 មីនា 2012 ម៉ោង 08:21:21

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​លើ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ និង​ភាពយន្ត​ហូលីវូដ​ជា​បន្តបន្ទាប់​នោះ រោងភាពយន្ត The Cineplex នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​៥​បាន​សម្រេចចិត្ត​ជ្រើសរើស​យក​ខ្សែភាពយន្ត​រឿង​នាង​ណាត​ខ្នាត​ធំ​ប្រភេទ​3D​មកចាក់​បញ្ចាំង​ចាប់តាំងពី​ថ្ងៃ​ទី​នេះ​តទៅ​។​​​ ​“​នាង​ណាត​” គឺជា​ខ្សែភាពយន្ត​រៀបរាប់​អំពី​ជីវិត​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ស្លាប់​ទាំង​កូន​នៅក្នុង​ផ្ទៃ​អំឡុង​ពេល​ដែល​ប្តី​របស់​នាង​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ទីក្រុង​។ ពេល​ដែល​ប្តី​នាង​ត្រឡប់​មក​វិញ គាត់​បាន​រស់នៅ​ជាមួយ​នាង​ទាំង​មិន​បាន​ដឹង​ថា​នាង​បាន​ស្លាប់បាត់​ទៅ​ហើយ​នោះ​ទេ​។

​លោក Arunsak Ongla Or ទីប្រឹក្សា​ក្រុមហ៊ុន CABNET ASEANS CO.,LTD​ប្រាប់​ថា​រឿងនិទាន​នេះ​បាន​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​រហូតដល់​មាន​ការថត​ជា​ខ្សែភាពយន្ត​ជា​ច្រើនលើក​ច្រើនសារ ប៉ុន្តែ​ម្តងនេះ​រឿង​នាង​ណាត​បាន​យក​មក​ថត​សារជាថ្មី​ម្តងទៀត និង​ជា​លើក​ចុងក្រោយ​បង្អស់ ដោយ​មាន​ការកែលម្អ មាន​ភាព​ឥត​ខ្ចោះ​ទាំង​សាច់រឿង ការសម្តែង សំឡេង​ជា​លក្ខណៈ Surround Sound រត់​ពីឆ្វេង​ទៅ​ស្តាំ និង​ពីមុខ​ទៅក្រោយ​។ លោក​បន្ត​ទៀត​ថា​ការសម្រេចចិត្ត​យក​ខ្សែភាពយន្ត​រឿង​នាង​ណាត​យកមក​ដាក់​បញ្ចាំ្ង​ង​នៅ​កម្ពុជា​គឺ​ដំណាលគ្នា​នឹង​ការ​ដាក់​បញ្ចាំង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​ដែរ​ដូចជា​ប្រទេស ថៃ និង​សិង្ហ​បុរី​។

ក្រៅពី​នេះ​ខ្សែភាពយន្ត​ប្រភេទ​3D​ចុងក្រោយបង្អស់​នេះ​ក៏​បាន​នឹង​កំពុង​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ជាច្រើន​នៅ​ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ឡាវ វៀតណាម តៃវ៉ាន់ ហុងកុង​ជាដើម​។ លោក​ប្រាប​ដែរ​ថា​ខ្សែភាពយន្ត​រឿង​នាង​ណាត​នេះ​ផលិត​ដោយ​ផលិតកម្ម Bangkok Inter Group ដោយ​មាន​ការចូលរួម​សម្តែង​ដោយ​តារា​សម្តែង​ថៃ​ល្បីៗ​ប្រមាណ​១០​នាក់ ចំណាយ​ពេលវេលា​ថត​រយៈពេល​១​ឆ្នាំ​ហើយ​ចំណាយ​ទុន​ផលិត​ប្រមាណ​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ លោក​រំពឹង​ថា​កា​ដាក់បញ្ចាំ​ខ្សែភាពយន្ត​នេះ​នឹង​ទទួលបាន​ជោគជ័យ​ខ្ពស់​។

​លោក​ជា វណ្ណៈ​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​រោងភាពយន្ត The Cineplex បានឲ្យ​ដឹង​ដែរថា ការសម្រេចចិត្ត​ជ្រើសរើស​យក​ខ្សែភាពយន្ត​ខ្មោច​លើក​ដំបូង​មក​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​នេះ​ព្រោះ​កន្លង​មក​រោងភាពយន្ត​ទទួលបាន​ជោគជ័យ​ក្នុង​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ​៣​រឿង​រូ​ម​មកហើយ​ដូច​ជា​រឿង “​ឃ្លាត​ទៅ​សែនឆ្ងាយ​” “​កុមារី​អាយុ​២៥​ឆ្នាំ​” និង​រឿង “​ស្នេហ៍​គ្រា​ដំបូង​” រួម​ទាំង​ខ្សែភាពយន្ត​ហូលីវូដ​ជាច្រើន​ទៀត​។ អ្វី​ដែល​ជា​ចំណុច​ពិសេស​ដែរនោះ​គឺ​ដោយសារ​ខ្សែភាពយន្ត​នេះ​ផលិត​នៅ​តំបន់​អាស៊ី ផលិត​ជា​ប្រភេទ 3D បញ្ចួល​សំឡេង​ជា​ភាសា​ខ្មែរ មាន​គុណភាព​ខ្ពស់ និង​ងាយ​យល់​សម្រាប់​អ្នកទស្សនា​គ្រប់​វ័យ​។

​លោក Arunsak Ongla Or ប្រាប់​ដែរ​ថា​លោក​ក៏​មាន​បំណង​នាំយក​ខ្សែភាពយន្ត​ខ្មែរ​រឿង​”​ឃ្លាត​ទៅ​សែនឆ្ងាយ​” របស់​ផលិតកម្ម​ដើមត្នោត​ទៅ​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​នានា​នៅ​ប្រទេស​ថៃ​ផងដែរ​។ លោក​ប្រាប់​ថា​វា​គឺជា​ការ​សហប្រតិបត្តិកា​រ​ផ្លាស់ប្តូ​គ្នា​ទៅវិញទៅមក ហើយ​បើ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​ខ្សែភាពយន្ត​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​រោងកុន​រាប់រយ​រោង​នៅ​ទី​ក្រុម​បាងកក និង​រោងភាពយន្ត​ជាច្រើន​ទៀត​នៅ​ប្រទេស​ថៃ​ដែល​វា​ក៏​នឹង​ផ្តល់​ទាំង​បទពិសោធន៍ និង​ប្រាក់​ចំណូល​ជាច្រើន​ដល់​ផលិត​ករ​៕