
ព្រះសង្ឃខ្មែរ២អង្គត្រូវអាជ្ញាធរថៃចាប់ផ្សឹក រួចហើយបញ្ជូនមកកម្ពុជាវិញ
ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ដែលអះអាងថាជាសង្ឃនៅក្នុងខេត្ដកំពត បាន ឆ្លងចូលទៅប្រទេសថៃក្នុងនាមទេសចរត្រូវអាជ្ញាធរថៃឃាត់ចាប់កណ្ដាលផ្លូវ ហើយនាំយកទៅផ្សឹករួចប្រាប់ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ។ អតីតបព្វជិត ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែតនៅ វេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២ ខែ មីនា ឆ្នាំ២០១២ ក្នុងសម្លៀកបំពាក់ខោ អាវស៊ីវិលនោះបាននិយាយប្រាប់សមត្ថកិច្ចប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងអ្នកកាសែតថា ខ្លួនទាំង២នាក់ជាព្រះ សង្ឃបានបួស៤-៥វស្សាហើយ ។
អតីតបព្វជិតទាំង២នាក់នោះមាន ទី១-ឈ្មោះ សែម រ៉ាន់ អាយុ២៩ឆ្នាំបួស បាន៣វស្សា និងទី២-ឈ្មោះ ស្រឿ សុភា អាយុ៤៦ឆ្នាំ បួសបាន៥វស្សា ។ អតីត សង្បទាំង២រូបនេះមានស្រុកកំណើតនៅ ភូមិអន្លង់លិច ស្រុកដងទង់ ខេត្ដកំពត បានសាងផ្នួសនៅវត្ដបាណាវ ខេត្ដកំពត ។
អតីតព្រះសង្ឃទាំង២នាក់នេះបានប្រាប់ ឱ្យដឹងថា ខ្លួនគាត់បានធ្វើដំណើរទៅប្រទេស ថៃតាមច្រកព្រហ្មបប៉ៃលិនកាលពីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងគោល បំណងទៅត្រឹមរ៉ាក់យ៉ងប្រទេសថៃប៉ុណ្ណោះ តែរថយន្ដបានបើកហួសគោលដៅ ព្រោះ ខ្លួនពុំបានស្គាល់ភូមិសាស្ដ្រ ហើយបាន សម្រាកមួយយប់ ។ លុះព្រឹកឡើងថ្ងៃទី២៨ ខែកុម្ភៈ ពួកខ្លួនមានគោលបំណងវិលត្រឡប់ មកគោលដៅវិញ ។ នៅពេលកំពុងអង្គុយ លើបង់នៅតាមផ្លូវ ស្រាប់មានសមត្ថកិច្ច ថៃមកហៅឱ្យឡើងឡាន ហើយនឹកស្មាន ថា គេនាំដើរលេង ដឹងអីគេហៅនាំយកទៅផ្សឹកសោះ ។
បុរសទាំង២នាក់បានប្រាប់ឱ្យដឹងទៀត ថា ខ្លួនគាត់ជាព្រះសង្ឃ ពេលទៅប្រទេសថៃ នោះ គឺមានលិខិតឆ្លងដែនត្រឹមត្រូវ និង មានឆាយាលក្ខណ៍ជាព្រះសង្ឃ ។ កន្លែង ដែលសមត្ថកិច្ចថៃចាប់ផ្សឹកនោះ គាត់មិន ស្គាល់ថា ជាកន្លែងណាទេ ហើយពេលដែល សមត្ថកិច្ចចាប់ផ្សឹកនោះខ្លួនមិនព្រមសឹក ឡើយតែសមត្ថកិច្ចបានគំរាមកំហែង ដោយយកកាំភ្លើងភ្ជង់វាយធ្វើបាប ហើយ បានចោទប្រកាន់ថា ខ្លួនគាត់ជាព្រះសង្ឃ ដើរបិណ្ឌបាតយកតែលុយ ។
បើតាមការឱ្យដឹងពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានប្រាប់នគរវត្ដ តាមទូរស័ព្ទថា រឿងអតីតសង្ឃ២នាក់នេះ សមត្ថកិច្ចនឹងទៅសាកសួរឱ្យដឹងអំពី មូលហេតុពិតប្រាកដថាយ៉ាងដូចម្ដេច ៕
