ព្រះសង្ឃ​ខ្មែរ​២​អង្គ​ត្រូវ​អាជ្ញាធរ​ថៃ​​ចាប់​ផ្សឹក រួចហើយ​បញ្ជូន​មក​កម្ពុជា​វិញ​

ដោយ​ ៖ វណ្ណា ថ្ងៃទី 03 មីនា 2012ម៉ោង 07:35:49

​ក្រុង​ប៉ោយប៉ែត ៖ បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​សង្ឃ​នៅ​ក្នុង​ខេត្ដ​កំពត បាន ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ​ក្នុងនាម​ទេសចរ​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ចាប់​កណ្ដាលផ្លូវ  ហើយ​នាំ​យក​ទៅ​ផ្សឹក​រួច​ប្រាប់​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​​វិញ ។ អតីត​បព្វជិត ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​នៅ វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២ ខែ មីនា ឆ្នាំ​២០១២ ក្នុង​សម្លៀកបំពាក់​ខោ អាវ​ស៊ីវិល​នោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត និង​អ្នកកាសែត​ថា ខ្លួន​ទាំង​២​នាក់​ជា​ព្រះ សង្ឃ​បាន​បួស​៤-៥​វស្សា​ហើយ ។​

​អតីត​បព្វជិត​ទាំង​២​នាក់​នោះ​មាន ទី​១-​ឈ្មោះ សែម រ៉ា​ន់ អាយុ​២៩​ឆ្នាំ​បួស បាន​៣​វស្សា និង​ទី​២-​ឈ្មោះ ស្រឿ សុភា អាយុ​៤៦​ឆ្នាំ បួស​បាន​៥​វស្សា ។ អតីត សង្ប​ទាំង​២​រូប​នេះ​មាន​ស្រុកកំណើត​នៅ ភូមិ​អន្លង់​លិច ស្រុក​ដងទង់ ខេត្ដ​កំពត បាន​សាង​ផ្នួស​នៅ​វត្ដ​បា​ណាវ ខេត្ដ​កំពត ។​

​អតីត​ព្រះសង្ឃ​ទាំង​២​នាក់​នេះ​បាន​ប្រាប់ ឱ្យដឹងថា ខ្លួន​គាត់​បាន​ធ្វើដំណើរ​ទៅ​ប្រទេស ថៃ​តាម​ច្រក​ព្រហ្ម​បប៉ៃលិន​កាលពី​ល្ងាច ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្នុង​គោល បំណង​ទៅ​ត្រឹម​រ៉ាក់យ៉ង​ប្រទេស​ថៃ​ប៉ុណ្ណោះ តែ​រថយន្ដ​បាន​បើក​ហួស​គោលដៅ ព្រោះ ខ្លួន​ពុំ​បាន​ស្គាល់​ភូមិសាស្ដ្រ ហើយ​បាន សម្រាក​មួយ​យប់ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៨ ខែ​កុម្ភៈ ពួកខ្លួន​មាន​គោលបំណង​វិលត្រឡប់ មក​គោលដៅ​វិញ ។ នៅពេល​កំពុង​អង្គុយ លើ​បង់​នៅតាម​ផ្លូវ ស្រាប់​មាន​សមត្ថកិច្ច ថៃ​មក​ហៅ​ឱ្យ​ឡើង​ឡាន ហើយ​នឹក​ស្មាន ថា គេ​នាំ​ដើរលេង ដឹងអី​គេ​ហៅ​នាំ​យក​ទៅផ្សឹក​សោះ ។​

​បុរស​ទាំង​២​នាក់​បាន​ប្រាប់ឱ្យដឹង​ទៀត ថា ខ្លួន​គាត់​ជា​ព្រះសង្ឃ ពេល​ទៅ​ប្រទេស​ថៃ នោះ គឺ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង មាន​ឆាយា​លក្ខណ៍​ជា​ព្រះសង្ឃ ។ កន្លែង ដែល​សមត្ថកិច្ច​ថៃ​ចាប់​ផ្សឹក​នោះ គាត់​មិន ស្គាល់​ថា ជា​កន្លែង​ណា​ទេ ហើយ​ពេល​ដែល សមត្ថកិច្ច​ចាប់​ផ្សឹក​នោះ​ខ្លួន​មិន​ព្រម​សឹក ឡើយ​តែ​សមត្ថកិច្ច​បាន​គំរាមកំហែង ដោយ​យក​កាំភ្លើង​ភ្ជង់​វាយ​ធ្វើបាប ហើយ បាន​ចោទប្រកាន់​ថា ខ្លួន​គាត់​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​យកតែ​លុយ ។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​នគរ​វត្ដ តាម​ទូរស័ព្ទ​ថា រឿង​អតីត​សង្ឃ​២​នាក់​នេះ សមត្ថកិច្ច​នឹង​ទៅ​សាកសួរ​ឱ្យដឹង​អំពី មូលហេតុ​ពិតប្រាកដ​ថាយ៉ាងដូចម្ដេច ៕