
ឌ្រីមលែនឌ៍ ផ្តល់ជូនកាដូពិសេសសំរាប់ស្ត្រីនិងកុមារីនូវការជិះឧបករណ៍កម្សាន្តដោយឥតគិតថ្លៃ
ដោយ ៖ ហៃ ភារម្យ ថ្ងៃទី 03 មីនា 2012ម៉ោង 15:44:46
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរខួបទី១០១ទិវាបុណ្យសិទ្ធិនារីអន្តរជាតិ ៨ មិនា ឆ្នាំ ២០១២និងការចូលរួមចំណែកលើកកម្ពស់តម្លៃស្រី្តសួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ធ្វើការផ្តល់ជូនកាដូពិសេសសំរាប់ស្ត្រីនិងកុមារីនូវការជិះឧបករណ៍កម្សាន្តដោយឥតគិតថ្លៃនឹងគ្មានដែនកំណត់ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ម៉ោង ១០យប់។
ដើម្បីអោយកម្មវិធីនេះមានភាពសប្បាយរីករាយថែមទៀតនោះ ឌ្រីមលែនឌ៍មានរៀបចំកម្មវិធីសប្បាយ សប្បាយ ជូនដល់អតិថិជនរបស់ខ្លួន ដូចជាកម្មវិធីលេងហ្គេមកម្សាន្តសប្បាយ ហើយឈ្នះ រង្វាន់ពីសួនកម្សាន្តឌ្រីមលែនឌ៍ ជួបជាមួយឌីជេ រីកគី(DJ Ricky) ដែលសម្បូរដោយវោហាសព្ទ ថ្វីមាត់កំប្លុកកំប្លែងមិនចេះរីងស្ងួត ហើយនឹងមានក្រុមរាំ បង្ហាញក្បាច់រាំបែបកូរ៉េ (Breakdance style Korea)ដ៏ស្ទាត់ជំនាញ ដែលនឹងនាំអារម្មណ៍ទស្សនិកជន និងមិត្តយុវវ័យ អោយសប្បាយរីករាយមិនអាចបំភ្លេចបាន។
កម្មវិធីសប្បាយ សប្បាយ នឹងចាប់ផ្តើមពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង១០យប់ ដោយមានកម្មវិធី កម្សាន្តជាច្រើនដែលនឹងមិនធ្វើអោយមិត្តៗយុវវ័យខកបំណងឡើយ ។
បន្ទាប់ពីដាក់អោយដំណើរការអស់ជាច្រើនខែកន្លងមក សួនកម្សាន្ត ឌ្រីមលែនឌ៍និងធ្វើពិធីសម្ពោធជាផ្លូវការ នៅថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១២។ កុ្នងឱកាសនោះដែរក៏មានការប្រគំតន្ត្រីនិងជួបជាមួយតារាចំរៀងល្បីៗ ដូចជា លោកឆាយ វិរៈយុទ្ទ, កញ្ញាមាស សុខសោភានិង កញ្ញាឱក សុគន្ធកញ្ញា។ ជាពិសេសទៀតនោះក៏មានផ្តល់ជូននូវការជិះឧបករណ៍កម្សាន្តដោយឥតគិតថ្លៃនឹងគ្មានដែនកំណត់ចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ ម៉ោង ១០យប់។
នាពេលថ្មីៗនេះ សួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ ទើបតែដាក់អោយដំណើរការនូវឧបករណ៍ មួយចំនួនបន្ថែមទៀតដូចជា ទូកហោះ រទេះភ្លើងហោះ សំបុកសួគ៌ និងទោងហោះ។
ឌ្រីមលែនឌ៍ ទីកម្សាន្តគ្មានដែនកំណត់ ។
