ស្រីជនជាតិព្នងដែលមានផ្ទៃពោះ៤ខែម្នាក់ត្រូវគេប្រទះឃើញស្លាប់ផ្កាប់មុខនៅក្បែរកន្លែងងួតទឹក

ដោយ​ ៖ ឦសាន ថ្ងៃទី 07 មីនា 2012ម៉ោង 13:15:32

ខេត្តមណ្ឌលគិរីៈ ស្រ្តីជនជាតិព្នងមានផ្ទៃពោះ៤ខែម្នាក់ត្រូវ បានប្រទះឃើញស្លាប់ផ្កាប់មុខនៅក្បែរកន្លែងងូតទឹក ចម្ងាយពីផ្ទះប្រហែលជា១០០០ម៉ែត្រ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី ៦ ខែមីនា ២០១២ ស្ថិតនៅភូមិ ពូហ្យាម ឃុំ សែននោរម្យ ស្រុក អូររាំង ។

តាមការឲ្យដឹងពីឈ្មោះ ឈឿន ក្រូន ត្រូវជាប្តីជនរងគ្រោះបានឲ្យដឹងថា សាកសពជាភរិយារបស់គាត់មាន ឈ្មោះ ភើត ដាន់ អាយុ ២០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ទើបតែរៀបការនឹងមានផ្ទៃពោះកូនទីមួយ ៤ខែ ក្នុងផ្ទៃ។បុរសជាប្តីបានបន្តទាំងទឹកភ្នែកថា នៅពេលប្រពន្ឋរបស់គាត់បាត់ខ្លួនភ្លាម គាត់ពុំនៅផ្ទះទេព្រោះជាប់រវល់ បង្រៀនសិស្សនៅសាលារៀនពូជ្រៃ ស្រុកពេជ្រាដា ដែលនៅឆ្ងាយពីផ្ទះ តែត្រូវបានម្តាយក្មេកទូរស័ព្ទប្រាប់ ក៏រូសរាន់ប្រ ញាប់មកជួយតាមរក។

ដោយឡែកលោក សារឿន បូរ៉ាត់ អាយុ២៥ឆ្នាំ ដែលត្រូជាបងប្រុសជីដូនមួយសាកសពក៏បានឲ្យដែរថា បន្ទាប់ ពីបងប្អូនក្រុមគ្រួសាររួមនឹងអ្នកភូមិឆោឡោនាំគ្នាជួយរកគ្រប់ទីកន្លែង ទាំងព្រៃខ្មោចដែលគេមានជំនឿថា ធ្លាប់មាន ខ្មោចអារក្ស ធ្លាប់នាំទៅតែពុំឃើញសោះ។ទើបតែនៅវេលាម៉ោង៧យប់ លោកក៏បានប្រទះឃើញកូនស្រី ដេកស្លាប់ ផ្កាប់មុខក្បាលនឹងដងខ្លួននៅក្នុងទឹក សល់ជើងលើគោក ចម្ងាយពីកន្លែងងូតទឹកប្រជា៣០ម៉ែត្រ។

សាក្សីបានឃើញនិយាយឲ្យដឹងដែរថា កាលពីវេលាម៉ោង ១ រសៀល គេបានឃើញជនរងគ្រោះដើរទៅ ងូតទឹកដូចសព្វដងរួមទាំង មានសំលៀកបំពាក់ប្រឡាក់ដែលត្រូវយកទៅបោកនោះផងដែរ។ក្នុងនោះសាក្សីម្នាក់ទៀត ក៏បានអះអាងថា កាលពីវេលាម៉ោងប្រហែលពីរ គេបានឃើញជនរងគ្រោះកំពុងអង្គុយចោមពង់ងូតទឹក នឹងបោក សំលៀកបំពាក់ នៅកន្លែងទឹកអូរដែលអ្នកភូមិគ្រប់គ្នាទៅងូតនឹងប្រើប្រាស់រាល់ថ្ងៃ ។

បើតាមការឲៀដឹងពីម្តាយសាកសព បានឲ្យដឹងថា កូនស្រីរបស់គាត់បានចេញពីផ្ទះទៅកន្លែងងូតទឹក កាលពី វេលាម៉ោង១ រហូតដល់ម៉ោង៥ ល្ងាចនៅមិនឃើញត្រលប់មកផ្ទះវិញ តែគាត់មិនសូវចាប់អារម្មណ៏ព្រោះ ពេលវេលា នោះមានភ្លៀងធ្លាក់ខ្លាំង គាត់ស្មានថា កូនស្រីរបស់គាត់ចូលជ្រកភ្លៀងឬនៅលេងតាមផ្ទះអ្នកជិតខាង។គាត់បានបន្តទៀតថា រហូតដល់ម៉ោង៦ល្ងាច ចាំកូនគាត់យូរពេកមិនឃើញត្រលប់មកវិញ ហើយពេលវេលាកាន់តែជិតយប់ គាត់ ក៏បានដើរសួរតាមផ្ទះអ្នកភូមិ តែមិនមានអ្នកណាបានឃើញឡើយ ហើយក៏មានការឆោឡោកើតឡើងនឹងបានប្រមូល គ្នាតាមរក បានប្រទះឃើញសំលៀកបំពាក់ដែលកូនស្រីគាត់យកទៅ បោកសំអាតរួមនឹងស្បែកជើងនៅកន្លែងងូតទឹក ពេលនោះក៏នាំគ្នាស្រែកហៅនឹង ដើររកបន្តទៀតទើបប្រទះឃើញ កូនស្រីរបស់គាត់ស្លាប់ផ្កាប់មុខនៅក្នុងទឹក នៅខាង លើទីកន្លែងងូតទឹកប្រហែលជា៣០ម៉ែត្រ ។ទើបបាននាំគ្នារាយការណ៏ជូនទៅសមត្ថកិច្ចនគរបាល ចុះមកពិនិត្យដល់ កន្លែងកើតហេតុ រួចនាំគ្នាលើកសាកសពយកមក ផ្ទះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

តាមប្រភពពីក្រុមគ្រួសារសពបាននិយាយថា ការស្លាប់នេះជារឿងយាតកម្ម  ព្រោះសាកសពមានរបួសបែក ក្បាលពីខាងក្រោយហូរឈាមជោកអាវ ដេកស្លាប់ផ្កាប់មុខ ទៅក្នុងទឹកហើយនៅខាងលើអូរឆ្ងាយពីកន្លែងដែលត្រូវ ងូតទឹកនឹងបោកខោអាវនោះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលកំពុងពិនិត្យ នឹងធ្វើកោសល្យវិច័្ឆយទៅលើសាកសព ដើម្បីសន្ថិដ្ឋានពីការ ស្លាប់របស់ស្រ្តីមានផ្ទៃពោះ៤ខែ ជាជនជាតិព្នងរូបនេះ៕