មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១១​ ទទួល​បាន​បទ​ភ្លេង​និង​ទំនុកច្រៀង​ថ្មី​១១២​បទ​

ដោយ​ ៖ សាគុណ|ថ្ងៃទី 07 មីនា 2012 ម៉ោង 17:09:31

​ភ្នំពេញ​៖​ លោក​ ខៀវ​ កញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ថា​ មហោស្រព​តន្ត្រី​ចម្រៀង​ សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១១​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ក្នុង​នោះ​យើង​ក៏​ទទួល​បាន​នូវ​បទ​ភ្លេង​និង​ទំនុកច្រៀង​ថ្មី​ ដែល​ជា​ស្នាដៃ​ពិត​ពី​សិល្បករ​ តន្ត្រី​ ករ​ កវីនិពន្ធ​របស់​យើង​ សរុប​ទាំងអស់​ចំនួន​១១២​បទ​ ហើយ​យើង​ក៏​រក​ឃើញ​នូវ​ ក្រុម​តន្ត្រី​ អ្នកនិពន្ធ​បទ​ភ្លេង​ ទំនុកច្រៀង​ ដែល​មាន​ទេព​កោសល្យ​ ទទួល​បាន​ចំណាត់ថ្នាក់​ជា​តន្ត្រី​ ឆ្នើម​ឆ្នាំ​២០១១​នេះ​ផង​ដែរ​ ។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាងនេះ​ នៅ​ក្នុង​ពិធី​បិទ​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១១​ និង​ប្រគល់​ពានរង្វាន់​ជ័យ​លា​ភី​ដល់​ក្រុម​តន្ត្រី​ជាប់​ចំណាត់ថ្នាក់​  ដែល​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ មីនា​ ២០១២​ នៅ​សាលសន្និសីទ​ចតុមុខ​ ក្រោម​អធិបតីភាព​ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ម៉ែ​ន​ សំ​អន​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធ​ សភា​ និង​អធិការកិច្ច​ ។​

លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ថ្លៃ​ង​បន្ត​ទៀត​ថា​ មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ ថ្នាក់​ជាតិ​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ តាម​រយៈ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ប្រ​ កាស​បើក​ មហោស្រព​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១១​នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​ ២០១១​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ ដោយ​មានការ​ចាប់អារម្មណ៍​ និង​ចូលរួម​ពី​សំណាក់​អ្នក​ សារព័ត៌មាន​ ព្រមទាំង​បណ្តា​ប្រព័ន្ធ​ផ្សេ​ព្វ​ផ្សាយ​ជា​ច្រើន​រូប​ទៀត​ ។​ នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១១​ យើង​ក៏​បាន​ប្រារព្ធ​ពិធី​បើក​មហោស្រព​នេះ​ឡើង​ នៅ​សាលសន្និសីទ​ចតុមុខ​ ដោយ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ សិល្បករ​ សិល្ប​ការិនី​ កវីនិពន្ធ​ សិស្ស​ និស្សិត​ ព្រមទាំង​ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ចូលរួម​យ៉ាងច្រើន​កុះករ​ ហើយ​ក្នុង​នោះ​យើង​ក៏​បាន​បង្ហាញ​ សមាសភាព​ក្រុម​តន្ត្រី​ អ្នកនិពន្ធ​ បទ​ភ្លេង​ដែល​មក​ពី​បណ្តាល​ខេត្ត​-​ក្រុង​ និង​រាជធានី​ សរុប​ ចំនួន​២៨​ក្រុម​ផង​ដែរ​ ។​ ជាមួយ​គ្នា​នោះ​ដែរ​ យើង​ក៏​បាន​ទទួល​នូវ​សារ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលរួម​អបអរសាទរ​ពិធី​បើក​មហោស្រព​ តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​នេះ​ផង​ដែរ​ ។​

លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​បញ្ជាក់​ថា​ មហោស្រព​តន្ត្រី​ចម្រៀង​សម័យនេះ​ បាន​រៀបចំ​ឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់​ក្រសួង​ព័ត៌មាន​ សហការ​រវាង​ក្រសួង​វប្បធម៌​ និង​វិ​ ចិត្រ​សិល្បៈ​ និង​ក្រសួងទេសចរណ៍​ ចាប់ពី​ថ្ងៃ​ទី​២៤​ ខែមិថុនា​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​ ២០១១​ ហើយ​រាល់​ការ​ចំណាយ​ទាំងអស់​សម្រាប់​ដំណើរការ​មហោស្រព​នេះ​ យើង​ពុំ​បាន​ ប្រើប្រាស់​ថវិកាជាតិ​ឡើយ​ ។​ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា​ រាល់​ការ​ចំណាយ​ទាំងអស់​ គឺ​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​ របស់​សប្បុរសជន​ និង​ថវិកា​ផ្ទាល់​ខ្លូ​ន​ដ៏​ស្តួចស្តើង​របស់​លោក​រដ្ឋ​ មន្ត្រី​និង​ភរិយា​ មួយ​ចំណែក​ ព្រមទាំង​ថវិកា​បន្តិចបន្តួច​ដែល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជ​ កម្ម​ផង​ដែរ​ ។​

នៅ​ក្នុង​ឱកាស​នោះ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​  ម៉ែ​ន​ សំ​អន​ បាន​លើក​ ឡើង​នូវ​បញ្ហា​ប្រឈម​គួរ​ឲ្យ​បារម្ភ​ដែល​យើង​គ្រប់​គ្នា​ត្រូវ​រួម​គ្នា​ដោះស្រាយ​ ហើយ​ក៏​ពុំគួរ​ភ្លេច​ ខ្លួន​បណ្តោយ​ឲ្យ​ វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង​សម័យនេះ​ ធ្លាក់​ចុះ​រហូត​ដល់​កែ​មិន​រួច​ឡើយ​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ បញ្ហា​ប្រឈម​ទាំង​អស់នោះ​រួម​មានៈ​ កង្វះ​ការ​ បង្កើត​ថ្មី​ និង​កង្វះ​ការ​ច្នៃប្រឌិត​ (​គ្មាន​ការ​បង្កើត​ស្នាដៃ​ថ្មីៗ​ និង​ភាព​ច្នៃប្រឌិត​រស់​រវើក​នៃ​បទ​ ចម្រៀង​ ឬ​មេ​ឡូ​ឌី​ និង​ទំនុកច្រៀង​),​ ការ​ភ្លេចខ្លួន​មិន​បាន​គិតដល់​ចំណាប់​ចុង​ជួន​ និង​ខ្លឹម​ សារ​នៃ​ចម្រៀង​,​ ការ​លួច​ចម្លង​រចនា​បទ​ សាច់ភ្លេង​ និង​ខ្លឹមសារ​ទាំងស្រុង​ពី​បរទេស​,​ កង្វះ​ ការ​គាំទ្រ​ពី​ទស្សនិកជន​ ឬ​អ្នក​ស្តាប់​ និង​ភាព​ទន់ខ្សោយ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​កម្មសិទ្ធិ​ បញ្ញា​ជាដើម​ ។​ ដើម្បី​ពញ្ញាក់​ស្មារតី​ និង​ជម្រុញ​លើកទឹកចិត្ត​ដល់​ កវីនិពន្ធ​ តន្ត្រីករ​ សិល្បករ​ សិល្ប​ការិនី​ ឲ្យ​ខិតខំ​បន្ត​នូវ​វប្បធម៌​ អរិយធម៌​ និង​អត្តសញ្ញាណ​ជាតិ​យើង​បាន​ថ្កុំថ្កើង​រុងរឿង​ បន្ថែម​ទៀត​នោះ​ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ រួម​មានៈ​ សូម​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ដែល​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធនធាន​មនុ​ ស្ស​ក្នុង​វិស័យ​វប្បធម៌​ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ បន្ត​ជម្រុញ​ការងារ​ផលិត​ និង​ បង្កើត​នូវ​គំនិត​ថ្មីៗ​ក្នុង​វិស័យ​សិល្បៈ​ វប្បធម៌​បន្ថែម​ទៀត​,​ សូម​ឲ្យ​វិស័យ​ឯកជន​ចូលរួម​សហ​ ការ​បង្កើត​សាលា​តូរ្យតន្ត្រី​ ឬ​ក្រុម​តន្ត្រី​ ដើម្បី​បង្ក​លក្ខណៈ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​,​ សូម​ឲ្យ​ ក្រសួង​ព័ត៌មាន​ ដែល​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ និង​ជា​អាវុធ​ដ៏​ មុត​ស្រួច​ បង្កើន​ការ​ផលិត​នូវ​កម្មវិធី​ថ្មីៗ​ ល្អៗ​ ដើម្បី​ជា​ការ​ទាក់ទាញ​ និង​លើកកម្ពស់​ការ​ យល់​ដឹង​របស់​ប្រជាពលរដ្ឋ​យើង​,​ ក្រសួង​ ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​បន្ត​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​បទបញ្ញតិ​ជា​ធរមាន​ ជា​ពិសេស​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា​,​ សូម​ឲ្យ​ក្រុមហ៊ុន​ សហគ្រាស​ឯកជន​ទាំងអស់​ ដែល​កំពុង​ធ្វើ​ធុរៈកិច្ច​លើ​វិស័យ​ វប្បធម៌​ តូ​រ្យ​ តន្ត្រី​ ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ ក្នុង​ភាព​ជា​ដៃគូរ​ជាមួយ​រាជរដ្ឋាភិបាល​ ដើម្បី​ជម្រុញ​ការ​អនុវត្ត​ ច្បាប់​ និង​កាត់​បន្ថយ​ជា​បណ្តើរៗ​ក្នុង​ការ​ចម្លង​បទ​ភ្លេង​ទាំងស្រុង​ពី​បរទេស​ដោយ​ខុសច្បាប់​ នោះ​,​ អ្នក​កវីនិពន្ធ​ តន្ត្រីករ​ អ្នកចម្រៀង​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ ដុសខាត់​សមត្ថភាព​របស់​ខ្លួន​ ប្រកបដោយ​សីលធម៌​ វិជ្ជាជីវៈ​ និង​មនសិការ​ជាតិ​ខ្ពស់​ ដើម្បី​ចូលរួម​កសាង​ សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ជាតិ​យើង​ទាំងមូល​ ។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​លទ្ធ​ ផល​នៃ​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ ដ៏​គួរ​ឲ្យ​មាន​មោទនភាព​នេះ​ ដើម្បី​បន្ត​ ពង្រឹង​កេរ្តិ៍​ដំណែល​ពី​បុរាណ​ដែល​កាត់ថ្លៃ​ពុំ​បាន​នៃ​វិស័យ​វប្បធម៌​ និង​អារ្យធម៌​ ជា​ពិសេស​ វិស័យ​សិល្បៈ​តូរ្យតន្ត្រី​របស់​ខ្មែរ​ឲ្យ​កាន់តែ​សម្បូ​ណ៍​បែប​ថែម​ទៀត​ ។​

ចំពោះ​លទ្ធផល​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១១​នេះ​ ចំណាត់ថ្នាក់​លេខ​១​ បាន​ទៅ​លើ​ក្រុម​Tragon​ មក​ពី​ខេត្តកំពត​ ទទួល​បាន​ពានរង្វាន់​ជ័យ​ លា​ភី​លេខ​១​ ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ និង​ឧបករណ៍​បំពង​សម្លេង​១​គ្រឿង​ ចំណាត់​ ថ្នាក់​លេខ​២​ បាន​ទៅ​លើ​ក្រុម​តន្ត្រី​ ស្នាមញញឹម​ មក​ពី​រាជធានី​ភ្នំពេញ​ ទទួល​បាន​ពានរង្វាន់​ ជ័យ​លា​ភី​លេខ​២​ ប្រាក់​ចំនួន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ និង​ឧបករណ៍​បំពង​សម្លេង​១​គ្រឿង​ និង​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​ ដែល​មាន​ពីរ​ក្រុម​នោះ​គឺ​ ក្រុម​តន្ត្រី​ CT​ មក​ពី​ខេត្ត​ព្រះ​សីហ​នុ​ និង​ ក្រុម​តន្ត្រី​ប៉ៃ​តង​ មក​ពី​រាជធានី​ភ្នំពេញ​ ទទួល​បាន​ពានរង្វាន់​ជ័យ​លា​ភី​លេខ​៣​ ប្រាក់​ចំនួន​ ១​ពាន់​ដុ​លា្ល​រអា​មេ​រិ​ក​ និង​ឧបករណ៍​បំពង​សម្លេង​១​គ្រឿង​ ក្នុង​១​ក្រុមៗ​ ៕​ 
​