ប្រជា​កសិករ​ខេត្ដរតនគិរី​បារម្ភ​ពី​តម្លៃ​​ទីផ្សារ​ផលដំណាំ​ចន្ទី​មាន​តម្លៃ​មិន​ថេរ​

ដោយ​ ៖ ទិត ឦសាន ថ្ងៃទី 09 មីនា 2012ម៉ោង 14:15:14

​ខេត្ដរតនគិរី​ ៖​ ទន្ទឹម​នឹង​ការ​រីក​ ចម្រើន​គ្រប់​វិស័យ​ ខេត្ដ​រតនគីរី​ដែល​ អាច​មើលឃើញ​ថា​មាន​សន្ទុះ​រីក​ចម្រើន​ គ្រាន់បើ​ ដែរ​នោះ​ នៅ​ខែមីនា​ ឆ្នាំ​ ២០១២​នេះ​ បងប្អូន​ប្រជា​កសិករ​ជា​ ច្រើន​កំពុង​តែ​មមាញឹក​នឹង​ការងារ​ ប្រមូល​ផល​ពី​ដំណាំ​ស្វាយចន្ទី​យ៉ាង​សស្រាក់​ សស្រាំ​ដោយ​ដំណាំ​ស្វាយចន្ទី​ឆ្នាំ​នេះ​ ហាក់​មាន​ កំណើន​ផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ ២០១១​កន្លង​ មក​តែ​ប្រជា​កសិករ​ទាំង​ អស់​កំពុង​ជួប​ប្រទះ​បញ្ហា​តម្លៃ​ទីផ្សារ​ ដែល​ចុះថោក​ និង​មិន​មាន​ស្ថិរភាព​។​

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​និយាយ​ឱ្យ​ កាសែត​នគរវត្ដ​ដឹង​ថា​ នៅ​ឆ្នាំ​២០១២​ នា​រដូវ​ប្រមូល​ផលដំណាំ​ស្វាយចន្ទី​នេះ​ គឺ​មាន​ផល​កើនឡើង​ច្រើន​ជាង​ឆ្នាំ​២០១១​ កន្លង​ទៅ​ ហើយ​ក៏​មាន​ប្រជា​កសិករ​ជា​ ច្រើន​បាន​និយាយ​ថា​ នៅ​គ្រប់កន្លែង​ទាំង​ អស់​ក្នុង​ខេត្ដរតនគិរី​ឃើញ​ថា​ ដំណាំ​ ស្វាយចន្ទី​ឆ្នាំ​២០១២​នេះ​ ក្នុង​ចំការ​ នីមួយៗ​ បាន​ប្រមូល​ផល​តាំងពី​ដើម​ ខែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​ស្បើយ​ នោះ​ទេ​ គឺ​ខុស​ប្លែក​ច្រើន​ពី​ការ​ប្រមូល​ ផល​ក្នុង​ឆ្នាំ​២០១១​ កន្លង​ទៅ​ច្រើន​ ។​ តែ​ អកុសល​ត្រង់​តម្លៃ​ទីផ្សារ​លក់​ចេញ​ ទទួល​បាន​តម្លៃ​ថោក​ជាង​ឆ្នាំ​២០១១​ រហូត​ដល់​ទៅ​១​គីឡូក្រាម​មួយ​ពាន់​រៀល​ ទៅ​ជាង​មួយ​ពាន់​រៀល​ឯណោះ​ គឺ​ក្នុង​ ឆ្នាំ​២០១១​ តម្លៃ​គ្រាប់ស្វាយចន្ទី​លក់​ ចេញ​ក្នុង​១​គីឡូក្រាម​ បាន​៤.០០០​ទៅ​ ៤.៨០០​រៀល​ តែ​នៅ​ឆ្នាំ​នេះ​ លក់​បាន​តែ​ ១​គីឡូក្រាម​ ៣៥០០​រៀល​ប៉ុណ្ណោះ​ ដោយ​ តម្លៃ​ឡើង​ចុះ​មិន​មាន​លំនឹង​ទាល់តែ​ សោះ​ គឺ​តម្លៃ​ធ្លាក់​ចុះ​និង​តម្លៃ​ឡើង​ពុំ​ មាន​ទីផ្សារ​ច្បាស់លាស់​នោះ​ទេ​ ។​

​ជុំវិញ​តម្លៃ​ទីផ្សារ​មិន​ថេរ​និង​ផល​ស្វាយចន្ទី​ប្រមូល​បាន​មានការ​កើនឡើង​ លើស​ពី​ឆ្នាំ​កន្លង​មក​នោះ​ លោក​សយ​ សូ​ណា​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ដរតនគិរី​បានឱ្យ​កាសែត​ នគរវត្ដ​ដឹង​ថា​ នៅ​ក្នុង​ខេត្ដរតនគិរី​ទាំង​ មូល​ផ្ទៃដី​ដែល​ប្រជា​កសិករ​បាន​ប្រកប​ មុខរបរ​ដាំ​ដំណាំ​ស្វាយចន្ទី​មាន​ជាង​មួយ​ ម៉ឺន​ប្រាំ​ពាន់​ហិ​កតា​ និង​មាន​ប្រជា​ពល​ រដ្ឋ​ចំនួន​ជាង​មួយ​ម៉ឺន​គ្រួសារ​ដែល​បាន​ ដាំ​ដំណាំ​ស្វាយចន្ទី​នេះ​ ។​ មាន​ក្រុមហ៊ុន​ មួយ​ឈ្មោះ​ក្រុមហ៊ុន​ទ្រី​អយ​ ដែល​បាន​ ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ទៅ​លក់​នៅ​ ប្រទេស​វៀតណាម​ ។​

​លោក​សយ​ សូ​ណា​ បញ្ជាក់​ថា​ ចំពោះ​ បញ្ហា​តម្លៃ​ទិញ​ ទីផ្សារ​ក្នុងស្រុក​និង​លក់​ ចេញ​ទៅ​ក្រៅ​ស្រុក​មិន​មាន​ តម្លៃ​ ឱ្យ​ប្រាកដ​នោះ​ទេ​ ។​ លោក​ដឹង​ថា​ ការ​ ប្រមូល​ផលដំណាំ​ស្វាយចន្ទី​របស់​ប្រជា​ កសិករ​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ មានការ​ កើនឡើង​ខ្លាំង​ជាង​ផល​ឆ្នាំ​២០១១​កន្លង​មក​ ។​

​បងប្អូន​ប្រជា​កសិករ​ក្នុង​ខេត្ដរតនគិរី​ ទាំងអស់​ ពួក​គាត់​បាន​ស្នើ​សុំ​ឱ្យ​មន្ដ្រី​ ជំនាញ​ពាក់ព័ន្ធ​មេត្ដា​ជួយ​ស្វែងរក​ទីផ្សារ​ ក្នុងស្រុក​និង​ដៃគូ​ក្រៅ​ស្រុក​ឱ្យ​បាន​ពិត​ ប្រាកដ​ជួយ​ដល់​ពួក​គាត់​ផង​។​ បើ​មន្ដ្រី​ ជំនាញ​មិន​បាន​គិតគូរ​ឱ្យ​បាន​ត្រឹមត្រូវ​ ដល់​ពួក​គាត់​នោះ​ទេ​ នោះ​ក្រុម​ឈ្មួញ​ កណ្ដាល​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ក្រឡុក​ តម្លៃ​គ្រប់​បែប​យ៉ាង​ធ្វើ​ឱ្យ​បាត់បង់​កំណើន​ សេដ្ឋកិច្ច​ប្រជា​កសិករ​ដូច​ជា​ពួក​គាត់​ក៏​ ដូច​ជា​កំណើនសេដ្ឋកិច្ច​សង្គម​យ៉ាង​ធ្ងន់​ ធ្ង​រ​ជា​ពុំខាន​៕