អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​សង្ស័យ​ជួល​ឃាតក​សម្លាប់​ប្ដី​

ដោយ​ ៖ គឹម សុខជា ថ្ងៃទី 09 មីនា 2012ម៉ោង 15:15:03

​ខេត្តបាត់ដំបងៈ​ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឃាត់ខ្លួន​ ស្ត្រី​ម្នាក់​ដែល​សង្ស័យ​ថា​បាន​ជួល​ឃាតក​ឲ្យ​សម្លាប់​ប្ដី​ខ្លួនឯង​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​។​

​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​៧​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ផ្ទះ​ធ្វើ​បុណ្យសព​ ស្ថិត​ក្នុង​ក្រុម​ទី​១៤​ ភូមិ​ស្លរ​ខ្លាញ់​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​

​លោក​ឡា​ច​ ប្រុស​ នាយការិយាល័យ​ស្រាវជ្រាវ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​សង្ស័យ​ឈ្មោះ​រិ​ត​ ម៉ៅ​ អាយុ​៤៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្លរ​ខ្លាញ់​ ឃុំ​ប​វេ​ល​ ។​

​លោក​ឡា​ច​ ប្រុស​ បាន​បញ្ជាក់​ថា​ កម្លាំង​ស្រាវជ្រាវ​តាម​រយៈ​សាក្សី​ម្នាក់​បាន​និយាយ​ប្រាប់​ថា​រួប​ គាត់​ត្រូវ​ស្ត្រី​ រិ​ត​ ម៉ៅ​ មក​ជួល​ឲ្យ​ទៅ​សម្លាប់​ប្ដី​ឈ្មោះ​ឡក់​ ណុ​ន​ អាយុ​៤៥​ឆ្នាំ​។​ សាក្សី​បាន​បញ្ជាក់​ទៀត​ថា​ រួប​គាត់​មិន​ដាច់​ចិត្ត​សម្លាប់​ ព្រោះ​មនុស្ស​គ្មាន​រឿងរ៉ាវ​និង​គ្នា​។​ សាក្សី​បន្ត​ទៀត​ថា​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​មាន​សាហា​យ​ដល់​ទៅ​២​នាក់​ដែល​លាក់​បំបាំង​នឹង​ប្ដី​ ប៉ុន្តែ​ទ​ង្វើ​នេះ​អ្នក​ភូមិ​បានដឹង​រឿង​គ្រប់​គ្នា​ តែ​គេ​មិន​ហ៊ាន​និយាយ​។​ មុន​ថ្ងៃ​កើតហេតុ​ អ្នក​ភូមិ​បានឃើញ​ស្ត្រី​រិ​ត​ ម៉ៅ​ ជា​ប្រពន្ធ​ឈ្មោះ​ ឡក់​ ណុ​ន​ បាន​ដើរទៅ​ជួប​សហាយ​ នៅ​កណ្ដាល​វាលស្រែ​ ហើយ​នៅ​យប់​ថ្ងៃ​ទី​៥​ ខែមីនា​ ស្រាប់តែ​ឮ​ថា​ឡក់​ ណុ​ន​ ត្រូវ​ជន​មិន​ ស្គាល់​មុខ​កាប់​បី​ពួ​ថៅ​ស្លាប់​នៅ​លើ​ផ្ទះ​តែ​ម្ដង​។​
​    ​