
អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនស្ត្រីម្នាក់ដែលសង្ស័យជួលឃាតកសម្លាប់ប្ដី
ដោយ ៖ គឹម សុខជា ថ្ងៃទី 09 មីនា 2012ម៉ោង 15:15:03
ខេត្តបាត់ដំបងៈ កងរាជអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួន ស្ត្រីម្នាក់ដែលសង្ស័យថាបានជួលឃាតកឲ្យសម្លាប់ប្ដីខ្លួនឯងដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ។
ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ នៅចំណុចផ្ទះធ្វើបុណ្យសព ស្ថិតក្នុងក្រុមទី១៤ ភូមិស្លរខ្លាញ់ ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង។
លោកឡាច ប្រុស នាយការិយាល័យស្រាវជ្រាវព្រហ្មទណ្ឌអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះរិត ម៉ៅ អាយុ៤៣ឆ្នាំ មានទីលំនៅភូមិស្លរខ្លាញ់ ឃុំបវេល ។
លោកឡាច ប្រុស បានបញ្ជាក់ថា កម្លាំងស្រាវជ្រាវតាមរយៈសាក្សីម្នាក់បាននិយាយប្រាប់ថារួប គាត់ត្រូវស្ត្រី រិត ម៉ៅ មកជួលឲ្យទៅសម្លាប់ប្ដីឈ្មោះឡក់ ណុន អាយុ៤៥ឆ្នាំ។ សាក្សីបានបញ្ជាក់ទៀតថា រួបគាត់មិនដាច់ចិត្តសម្លាប់ ព្រោះមនុស្សគ្មានរឿងរ៉ាវនិងគ្នា។ សាក្សីបន្តទៀតថាស្ត្រីជាប្រពន្ធជនរងគ្រោះមានសាហាយដល់ទៅ២នាក់ដែលលាក់បំបាំងនឹងប្ដី ប៉ុន្តែទង្វើនេះអ្នកភូមិបានដឹងរឿងគ្រប់គ្នា តែគេមិនហ៊ាននិយាយ។ មុនថ្ងៃកើតហេតុ អ្នកភូមិបានឃើញស្ត្រីរិត ម៉ៅ ជាប្រពន្ធឈ្មោះ ឡក់ ណុន បានដើរទៅជួបសហាយ នៅកណ្ដាលវាលស្រែ ហើយនៅយប់ថ្ងៃទី៥ ខែមីនា ស្រាប់តែឮថាឡក់ ណុន ត្រូវជនមិន ស្គាល់មុខកាប់បីពួថៅស្លាប់នៅលើផ្ទះតែម្ដង។
