ខេមរៈ​ សិរីមន្ត​ទៅ​ទទួល​ពាន​តែ​ម្នាក់ឯង​

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 12 មីនា 2012ម៉ោង 08:36:37

​ភ្នំពេញៈ​ តារាចម្រៀង​ខេមរៈ​សិរីមន្ត​គឺជា​តារាចម្រៀង​ម្នាក់​ក្នុង​ចំណោម​តារាចម្រៀង​៣​នាក់​ដែល​អវត្តមាន​ក្នុង​ការ​លើក​ពាន​ក្នុង​កម្មវិធី​អាណាចក្រ​តារា​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១២​។​ កម្មវិធី​ប្រគល់​ពាន​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១១​ នៅ​ហាង​កាហ្វេ​ ធី​ អេ​ន​ស៊ី​ ដោយ​មានការ​ចូលរួម​ពី​តំណាង​គណៈកម្មការ​ តំណាង​ក្រុមហ៊ុន​សប្បាយ​ និង​អ្នក​សា​ព័ត៌មាន​ជា​ច្រើន​នាក់​ទៀត​។​
​គួរ​បញ្ជាក់​ដែរ​ថា​ក្នុង​កម្មវិធី​អាណាចក្រ​តារា​ ខេមរៈ​ សិរីមន្ត​ទទួល​បាន​ពាន​តារាចម្រៀង​វ័យក្មេង​ច្រៀង​បាន​ល្អ​បំផុត​ប្រចាំឆ្នាំ​ ខណៈ​ដែល​តារា ចម្រៀង​២​រូប​ទៀត​អវត្តមាន​ក្នុង​ការ​ទទួល​ពាន​ដែរ​គឺ​លោក​ ព្រាប​ សុវត្ថិ​ ដែល​ទទួល​បាន​កំពូល​តារាចម្រៀង​ល្បី​ប្រចាំឆ្នាំ​ និង​លោក​ នី​កូ​ទទួល​បាន​ពាន​ជា​តារាចម្រៀង​ដែល​មាន​រូ​ម​សម្រស់​ស្រស់​ស្អាត​ប្រចាំឆ្នាំ​ ហើយ​ពាន​ទាំង​៣​នេះ​ស្ថិត​ក្នុង​ចំណោម​ពាន​៣៦​ ដែល​កម្មវិធី​អាណាចក្រ​តារា​សម្រេច​ប្រគល់​ឲ្យ​សិល្បករ​ដែល​មាន​ស្នាដៃ​ឆ្នើម​។​

​ខេមរៈ​ សិរីមន្ត​ដែល​មក​ទទួល​ពាន​នា​ឱកាស​នេះ​បាន​ថ្លែង​ពី​អារម្មណ៍​រំភើប​រីករាយ​ និង​មោទនៈភាព​សម្រាប់​ការ​ទទួល​ពាន​មួយ​នេះ​។​ តារា​រូប​នេះ​ប្រាប់​ថា​ ការ​ខកខាន​ក្នុង​ការ​ទទួល​ពាន​កន្លង​មក​គឺ​ដោយសារ​លោក​ជាប់រវល់​ចេញ​ច្រៀង​នៅ​តាម​បណ្តា​ខេត្ត​ ហើយ​លោក​នឹង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ទទួល​បានការ​គាំទ្រ​បន្ថែម​ពី​មហាជន​ផង​ដែរ​។​

​ទោះបីជា​យ៉ាងណា​តារាចម្រៀង​ពីរ​រូប​ទៀត​ដែល​នៅ​តែ​បន្ត​អវត្តមាន​ក្នុង​ការ​ទទួលយក​ពានរង្វាន់​នេះ​នៅឡើយ​គឺ​តារាចម្រៀង​ព្រាប​ សុវត្ថិ​ និង​ នី​កូ​។​ ទាក់ទិន​នឹង​ការ​មិន​មក​ទទួល​ពាន​នេះ​អ្នកស្រី​ ម៉ី​សន​ សុធា​រី​ ដែល​ជា​តំ​ណា​ក្រុមហ៊ុន​សប្បាយ​ប្រាប់​ថា​ វា​ជា​សិទ្ធ​របស់​បុគ្គល​ ឬ​សិទ្ធ​របស់​ផលិតកម្ម​ដែល​សម្រេច​ទទួលយក​ឬ​ទទួលយក​ ប៉ុន្តែ​ក្រុមហ៊ុន​សប្បាយ​នៅ​តែ​រង់ចាំ​ស្វាគមន៍​ក្នុង​ការ​សម្រេចចិត្ត​បន្ត​ទៀត​ ហើយ​អ្នកស្រី​បញ្ជាក់​ថា​ ប្រសិនបើ​អវត្តមាន​ជា​រៀង​រហូត​ ពាន​មួយ​នេះ​នឹង​មិន​ប្រគល់​ជូន​ដល់​តារា​ណា​ផ្សេង​ឡើយ​។​ អ្នកស្រី​បញ្ជាក់​ដែរ​ថា​ កម្មវិធី​អ​ណា​ចក្រ​តារា​នេះ​នឹង​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​បាន​កាន់តែ​ទូលំ​លាយ​បន្ថែម​ទៀត​ និង​នៅ​តែ​បន្ត​ស្វាគមន៍​វត្តមាន​ប្រកួតប្រជែង​របស់​សិល្បករ​ទាំងអស់​ ដែល​អ្នកស្រី​ប្រាប់​ថា​ គ្មាន​សិល្បករ​ណា​ម្នាក់​បាត់​សិទ្ធ​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ​ទេ​គឺ​អាស្រ័យ​លើ​គោល​ជំហរ​បស់​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​នោះ​តែ​ប៉ុណ្ណោះ​៕​