
បទចម្រៀង”កូនស្រីអ្នកនេសាទ” នឹងជួយឲ្យកុមារភូមិបាក់ព្រាឲ្យមានទឹកស្អាតផឹក
ដោយ ៖ វឌ្ឍនា ថ្ងៃទី 13 មីនា 2012ម៉ោង 08:39:50
ភ្នំពេញ៖ “កូនស្រីអ្នកនេសាទ” ឬ”វាសនាភូមិបាក់ព្រា”គឺជាចំណងជើងបទចម្រៀងមួយបទដែលនិពន្ធទំនុច្រៀងដោយកវីគង្គ ប៊ុនឈឿនក្នុងអំឡុងឆ្នាំ១៩៧៤ និងជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធាហើយបទចម្រៀងនេះធ្លាប់បានបំពេអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែតត្រសែតទៅតាមអត្ថន័យនៃបទចម្រៀង។ បទចម្រៀងនេះត្រូវបានបុស្បាប៉ាន ដែលគេស្គាល់ថាជាកុមារីដែលមានសំនៀងគ្រលួច(Soprano) របស់កម្ពុជាលើកយកមកបកស្រាយ ប្រយោជន៍ទាក់ទាញចំណាប់ពីមហាជន សប្បុរសជនឲ្យងាកមកស្វែងយល់ពីជីវិតរស់នៅពិតរបស់អ្នកភូមិបាក់ព្រា និងចូលរួមជាវិភាគទានសម្រាប់ទិញឧបករណ៍ចម្រោះទឹកស្អាតសម្រាប់កុមារនៅក្នុងគ្រួសារក្រីក្រក្នុងតំបន់នេះផងដែរ។
បន្ទាប់ពីស្តាប់បទចម្រៀងដ៏លន្លង់លន្លោចនេះចប់គេប្រាកដជានឹកភ្នកទៅដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជានេសាទដែលផ្ញើជីវិតជាមួយផ្ទៃទន្លេរដ៏ធំល្វឹងល្វើយ។ បញ្ហាសុខភាព របស់កុមារនៅតំបន់នេះគឺជាបញ្ហាប្រឈមមួយក្នុងចំណោម បញ្ហាសំខាន់ៗរបស់ពួកគេ។ ជាទម្លាប់កុមារទាំងនោះបានប្រើប្រាស់ទឹកដែលបណ្តុំដោយមេរោគដែលជាកាកសំណល់ផ្សេងៗ ពិសេសលាមកមនុស្ស និងសត្វសម្រាប់ការប្រើប្រាស់ផ្សេងៗរួមទាំងការលាងជម្រះកាយ ការដាំស្លរ និងការទទួលទាន ហើយភាគច្រើនពួកគេមិនទាំងបានដាំឲ្យពុះនៅឡើយ ពិសេសក្មេងៗដែលមិនមានការមើលខុសត្រូវដិតដល់ពីឪពុកម្តាយ ដែលវាបណ្តាលឲ្យពួកគេប្រឈមនឹងជំងឺជាច្រើនប្រភេទដូចជាជំងឺរាគ។
មេឃុំព្រៃចាស់ លោកឈន លាង ប្រាប់ថា ភូមិបាក់ព្រាស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំខេត្តបាត់ដំបងនៅជាប់បឹងទន្លេរសាបដែលមានប្រជាពលរដ្ឋចំនួន៣៣០គ្រួសាររដែល៩៥ភាគរយប្រកបរបនេសាទត្រី។ លោកប្រាប់ថាការប្រើប្រាស់ និងទទួលទឹកមិនស្អាតដែលដងមកពីក្នុងទឹកទន្លេរគឺជាបញ្ហាប្រឈមមួយសម្រាប់ពលរដ្ឋនៅតំបន់នេះ បើទោះបីជាកន្លងមកមានស្ថាប័នពាក់ព័ន្ធបានចុះមកផ្សព្វផ្សាយអប់រំណែនាំដល់មូលដ្ឋានក្តី។ លោកប្រាប់ថាប្រជាពលរដ្ឋរួមទាំងកុមារនៅតំបន់នេះបានប្រើប្រាស់ទឹកកខ្វក់យកមកប្រើប្រាស់ប្រចាំថ្ងៃដែលមានគ្រួសារតិចតួចបំផុតយកមកចម្អិនមុនពេលទទួលទាននោះ ហើយវាបានបណ្តាលឲ្យមានជំងឺជាច្រើនប្រភេទ ពិសេសជំងឺរាករូស។ លោកថ្លែងនូវអំណរសាទរចំពោះការជួយជាធុងចម្រោះទឹកសម្រាប់ក្រុមគ្រួសារកុមារក្រីក្រ ពីសំណាក់កុមារីបុស្បា ប៉ាន់ និងសប្បុរសជននេះដែលបង្ហាញពីការជួយរួមចំណែកលើកកម្ពស់ផ្នែកសុខភាពនៅតំបន់នេះ ហើយលោករំពឹងថាតាមរយៈជំនួយយធុងចម្រោះទឹកនេះក៏នឹងចូលរួមចំណែកកែប្រែទម្លាប់នៃការប្រើប្រាស់និងទទួលទានទឹករបស់ប្រជាពលរដ្ឋនៅភូមិបាក់ព្រានេះផងដែរ។
យុវជន លី យូហាន ដែលជាអ្នកតំឡើងឧបករណ៍ចម្រោះទឹកស្អាតរបស់អង្គការស្អាតកម្ពុជាថាឧបករណ៍ចម្រោះទឹកស្អាតដែលនឹងត្រូវតំឡើងនៅពេលខាងមុខនេះគឺជាឧបករណ៍ចម្រោះទឹកប្រកបដោយគុណភាព សុវត្ថិភាព និងងាយស្រួលក្នុងការប្រើប្រាស់។ ក្រៅពីផ្តល់សុវត្ថិភាពក្នុងការប្រើប្រាស់វាក៏ជួយកាត់បន្ថយការចំណាយ ពេលវេលា ប្រាក់កាក់ ធនធាននានា ។ យុវជនរូបនេះបញ្ជាក់ថាឧបករណ៍ចម្រោះទឹកស្អាតនេះមានទម្ងន់ស្រាលជាងឧបករណ័ចម្រោះទឹកស្អាតមុន ធន់ ងាយស្រួសថែទាំ ប្រើប្រាស់ធនធាននៅក្នុងស្រុក អាចប្រើប្រាស់បានរយៈពេលចាប់ពី៣០ឆ្នាំឡើងទៅដោយសាធុងនេះត្រូវបានផលិតនៅសហរដ្ឋអាមេរិ និងស្របតាមបច្ចេកទេសប្រទេសស្វីស និងមានការទទួលស្គាល់ដោយស្ថាប័នជាតិ និងអន្តរជាតិនានាផងដែរ។
តាមរយៈថវិកាមួយរយភាគរយដែលទទួលបានពីសប្បុរសជននេះ នឹងត្រូវយកទៅទិញឧបករណ៍ចម្រោះទឹកស្អាតសម្រាប់កុមារនៅក្នុងគ្រួសារទីទ័លក្រមួយចំនួននៅភូមិបាក់ព្រាផ្ទាល់ដែលវានឹងចាប់ផ្តើមប្រគល់ជូនពួកគាត់នៅចុងខែមីនានេះគឺបន្ទាប់ពីការដាក់លក់ស៊ីឌីបទចម្រៀង“កូនស្រីអ្នកនេសាទ” នៅ Monument Book និងបន្ទាប់ពីការច្រៀងប្រមូលថវិកាសប្បុរសធម៌នាឱកាសពិធីជំនួបសហគ្រិនជានារី នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នាថ្ងៃទី១៧ ខែមីនាឆ្នាំ២០១២ខាងមុខនេះ។ ក្នុងនោះក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភកម្មវិធីនេះមានដូចជា ធនាគារអេស៊ីលីដា ភីអិលស៊ី,Australian AID, Mekong Bank, AIRFRANCE,ក្រុមហ៊ន RMA, ហាងសូត្រសេនឋូសាសៀល,ថ្នាំលាបJOTUN ជាដើម។
លោកស្រី សេង តក្កនារីប្រធានសមាគមនសហគ្រិនស្ត្រីកម្ពុជាប្រាប់ថាអ្នកស្រីសប្បាយចិត្តចំពោះការបើកឱកាសឲ្យ បុស្បា ប៉ាន់បង្ហាញសមត្ថភាពក្នុងកម្មវិធីប្រកាសសម្ពោធសមាគមរបស់អ្នកស្រីនៅពេលខាងមុខនេះ។ អ្នកស្រីប្រាប់ថា បុស្បាមិនត្រឹមតែជាក្មេងដែលមានសមត្ថភាព ទេពកោសល្យខ្ពស់ទេ ប៉ុន្តែនាងជាកុមារីដែលមានឆន្ទៈ ទឹកចិត្តសប្បុរស ក្នុងការយកសមត្ថភាពស្វែងរកជំនួយប្រជាពលរដ្ឋដែលប្រឈមនឹងបញ្ហាជីវភាពនិងជាគំរូមួយសម្រាប់យុវវ័យ និងមហាជនផងដែរ។ អ្នកស្រីសប្បាយចិត្តក្នុងការចូលរួមចំណែកជួយការងារសង្គមនេះផងដែរ។ អ្នកស្រីបានអំពាវនាវឲ្យបណ្តាស្ត្រីដែលមានបំណងចូលរួមកម្មវិធីសម្ពោធសមាគម ក៏ដូចជាការចូលរួមវិភាគទានសម្រាប់កិច្ចការសង្គមជាមួយបុស្បាប៉ាន់ផងដែរ។
នេះពុំមែនជាលើកទីមួយទេដែលកុមារីវ័យ១៥រូបនេះឆ្នាំបាចផ្តួចផ្តើមគំនិតបង្កើតឲ្យមានកម្មវិធីសិល្បៈគៀងគររកថវិការជួយជនក្រីក្រនិងសិល្បករជួបប្រទះការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃនោះ។ ការប្រគុំតន្ត្រីសប្បុរសធម៌លើកទី១គឺធ្វើឡើងកាលពីឆ្នាំ២០០៩ដើម្បីរកថវិកាជួយសាស្ត្រាចារ្យវ័យចំណាស់ម្នាក់គឺលោកយាយ ឯម ធាយ។ លើកទី២កុមារីដែលលេចធ្លោទាំងវិស័យសិល្បៈ ការសិក្សា និងកីឡារូបនេះ បានរៀបចំការច្រៀងលក់សំបុត្រនៅសណ្ឋាគារកាំបូឌីយ៉ាណាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ លើកទី៣គឺនៅឆ្នាំ២០១១ដែលជាការប្រគុំតន្ត្រីដ៏ធំមិនធ្លាប់មាននៅខាងមុខប្រាសាទបាយ័នខេត្តសៀមរាប ដើម្បីរកថវិការជួយដល់សិល្បករវ័យចំណាស់ដែលបាត់បង់សមត្ថភាព និងមានជីវភាពខ្សត់ខ្សោយ ហើយទីបួនគឺការប្រគុំតន្ត្រីកាលពីដើមខែកុម្ភៈឆ្នាំ២០១២នេះនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រក្នុងគោលបំណងស្វែងរកជំនួយជួយកុមារដែលស្ថិតក្នុងគ្រួសារក្រីក្រ និងមិនមានលទ្ធភាពចូលសិក្សា នៅភូមិផ្តៅខេត្តក្រចេះ និងភូមិបាក់ព្រាខេត្តបាត់ដំបង។
គេសង្ឃឹមថាតាមរយៈបទចម្រៀងដ៏គ្រលួចរបស់បុស្បា នឹងអាចអន្ទងចិត្តសប្បុរសជនឲ្យមើលឃើញពីជីវិតរស់នៅរបស់អ្នកភូមិដែលមើលទៅឃើញតែលម្ហទឹកល្ហាចល្ហឹមហើយតាមរយៈទឹកចិត្តសប្បរសរបស់ បុស្បា រួមទាំងសប្បុរសជននេះដែរគេរំពឹងថាបេះដូងអ្នកភូមិបាក់ព្រានឹងមិនសរស់នៅក្នុងភាពឯកកោឡើយ៕
