បទ​ចម្រៀង​”​កូនស្រី​អ្នកនេសាទ​”​ នឹង​ជួយ​ឲ្យ​កុមារ​ភូមិ​បាក់​ព្រា​ឲ្យ​មានទឹក​ស្អាត​ផឹក​

ដោយ​ ៖ វឌ្ឍនា|ថ្ងៃទី 13 មីនា 2012 ម៉ោង 08:39:50

​ភ្នំពេញ​៖​ “​កូនស្រី​អ្នកនេសាទ​”​ ឬ​”​វាសនា​ភូមិ​បាក់​ព្រា​”​គឺជា​ចំណងជើង​បទ​ចម្រៀង​មួយ​បទ​ដែល​និពន្ធ​ទំ​នុ​ច្រៀង​ដោយ​កវី​គ​ង្គ​ ប៊ុ​ន​ឈឿ​ន​ក្នុង​អំឡុង​ឆ្នាំ​១៩៧៤​ និង​ជា​សំនៀង​ដើម​របស់​អ្នកស្រី​ រស់​ សេរី​សុទ្ធា​ហើយ​បទ​ចម្រៀង​នេះ​ធ្លាប់​បាន​បំពេ​អារម្មណ៍​អ្នក​ស្តាប់​ឲ្យ​អណ្តែតត្រសែត​ទៅ​តាម​អត្ថន័យ​នៃ​បទ​ចម្រៀង​។​ បទ​ចម្រៀង​នេះ​ត្រូវ​បាន​បុស្បា​ប៉ាន​ ដែល​គេ​ស្គាល់​ថា​ជា​កុមារី​ដែល​មានសំនៀង​គ្រលួច​(Soprano)​ របស់​កម្ពុជា​លើកយក​មក​បកស្រាយ​ ប្រយោជន៍​ទាក់ទាញ​ចំណាប់​ពី​មហាជន​ សប្បុរសជន​ឲ្យ​ងាក​មក​ស្វែង​យល់​ពី​ជីវិត​រស់នៅ​ពិត​របស់​អ្នក​ភូមិ​បាក់​ព្រា​ និង​ចូលរួម​ជា​វិភាគទាន​សម្រាប់​ទិញ​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​សម្រាប់​កុមារ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ក្នុង​តំបន់​នេះ​ផង​ដែរ​។​

បន្ទាប់​ពី​ស្តាប់​បទ​ចម្រៀង​ដ៏​លន្លង់លន្លោច​នេះ​ចប់​គេ​ប្រាកដជា​នឹកភ្នក​ទៅ​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​នេសាទ​ដែល​ផ្ញើ​ជីវិត​ជាមួយ​ផ្ទៃ​ទន្លេរ​ដ៏​ធំ​ល្វឹងល្វើយ​។​ បញ្ហា​សុខភាព​ របស់​កុមារ​នៅ​តំបន់​នេះ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​ បញ្ហា​សំខាន់ៗ​របស់​ពួក​គេ​។​ ជា​ទម្លាប់​កុមារ​ទាំងនោះ​បាន​ប្រើប្រាស់​ទឹក​ដែល​បណ្តុំ​ដោយ​មេរោគ​ដែល​ជា​កាក​សំណល់​ផ្សេងៗ​ ពិសេស​លាមក​មនុស្ស​ និង​សត្វ​សម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​រួម​ទាំង​ការ​លាង​ជម្រះ​កាយ​ ការ​ដាំ​ស្លរ​ និង​ការ​ទទួលទាន​ ហើយ​ភាគច្រើន​ពួក​គេ​មិន​ទាំង​បាន​ដាំ​ឲ្យ​ពុះ​នៅឡើយ​ ពិសេស​ក្មេងៗ​ដែល​មិន​មានការ​មើល​ខុស​ត្រូវ​ដិត​ដល់​ពី​ឪពុក​ម្តាយ​ ដែល​វា​បណ្តាល​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​ប្រភេទ​ដូច​ជា​ជំងឺ​រាគ​។​

មេឃុំ​ព្រៃ​ចាស់​ លោក​ឈ​ន​ លាង​ ប្រាប់​ថា​ ភូមិ​បាក់​ព្រា​ស្ថិត​នៅ​ឃុំ​ព្រៃ​ចាស់​ ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​នៅ​ជាប់​បឹង​ទន្លេរ​សាប​ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​៣៣០​គ្រួសារ​រដែ​ល​៩៥​ភាគរយ​ប្រកប​រប​នេសាទ​ត្រី​។​ លោក​ប្រាប់​ថា​ការ​ប្រើប្រាស់​ និង​ទទួល​ទឹក​មិន​ស្អាត​ដែល​ដង​មក​ពី​ក្នុង​ទឹកទន្លេរ​គឺជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​នេះ​ បើ​ទោះបីជា​កន្លង​មក​មាន​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​មក​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​មូលដ្ឋាន​ក្តី​។​ លោក​ប្រាប់​ថា​ប្រជាពលរដ្ឋ​រួម​ទាំង​កុមារ​នៅ​តំបន់​នេះ​បាន​ប្រើប្រាស់​ទឹក​កខ្វក់​យក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​មានគ្រួសារ​តិចតួច​បំផុត​យក​មក​ចម្អិន​មុន​ពេល​ទទួលទាន​នោះ​ ហើយ​វា​បាន​បណ្តាល​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ​ ពិសេស​ជំងឺ​រាករូស​។​ លោក​ថ្លែង​នូវ​អំណរ​សាទរ​ចំពោះ​ការ​ជួយ​ជា​ធុង​ចម្រោះ​ទឹក​សម្រាប់​ក្រុម​គ្រួសារ​កុមារ​ក្រីក្រ​ ពី​សំណាក់​កុមារី​បុស្បា​ ប៉ាន់​ និង​សប្បុរសជន​នេះ​ដែល​បង្ហាញ​ពី​ការ​ជួយ​រួមចំណែក​លើកកម្ពស់​ផ្នែក​សុខភាព​នៅ​តំបន់​នេះ​ ហើយ​លោក​រំពឹង​ថា​តាម​រយៈ​ជំនួយ​យ​ធុង​ចម្រោះ​ទឹក​នេះ​ក៏​នឹង​ចូលរួម​ចំណែក​កែប្រែ​ទម្លាប់​នៃ​ការ​ប្រើប្រាស់​និង​ទទួលទាន​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បាក់​ព្រា​នេះ​ផង​ដែរ​។​

យុវជន​ លី​ យូ​ហាន​ ដែល​ជា​អ្នក​តំឡើង​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​របស់​អង្គការ​ស្អាត​កម្ពុជា​ថា​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​ដែល​នឹង​ត្រូវ​តំឡើង​នៅ​ពេល​ខាង​មុខ​នេះ​គឺជា​ឧបករណ៍​ចម្រោះ​ទឹក​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។​ ក្រៅពី​ផ្តល់​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ ពេលវេលា​ ប្រាក់​កាក់​ ធនធាន​នានា​ ។​ យុវជន​រូប​នេះ​បញ្ជាក់​ថា​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​នេះ​មាន​ទម្ងន់​ស្រាល​ជាង​ឧ​បករ​ណ័​ចម្រោះ​ទឹក​ស្អាត​មុន​ ធន់​ ងាយ​ស្រួ​ស​ថែទាំ​ ប្រើប្រាស់​ធនធាន​នៅ​ក្នុងស្រុក​ អាច​ប្រើប្រាស់​បាន​រយៈពេល​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ​ដោយសា​ធុង​នេះ​ត្រូវ​បាន​ផលិត​នៅ​សហរដ្ឋ​អា​មេ​រិ​ និង​ស្រប​តាម​បច្ចេកទេស​ប្រទេស​ស្វី​ស​ និង​មានការ​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​នានា​ផង​ដែរ​។​

តាម​រយៈ​ថវិកា​មួយ​រយ​ភាគរយ​ដែល​ទទួល​បាន​ពី​សប្បុរសជន​នេះ​ នឹង​ត្រូវ​យក​ទៅ​ទិញ​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​សម្រាប់​កុមារ​នៅ​ក្នុង​គ្រួសារ​ទីទ័ល​ក្រ​មួយ​ចំនួន​នៅ​ភូមិ​បាក់​ព្រា​ផ្ទាល់​ដែល​វា​នឹង​ចាប់ផ្តើម​ប្រគល់​ជូន​ពួក​គាត់​នៅ​ចុងខែ​មីនា​នេះ​គឺ​បន្ទាប់​ពី​ការ​ដាក់​លក់​ស៊ី​ឌី​បទ​ចម្រៀង​“​កូនស្រី​អ្នកនេសាទ​”​ នៅ​ Monument​ Book​ និង​បន្ទាប់​ពី​ការ​ច្រៀង​ប្រមូល​ថវិកា​សប្បុរសធម៌​នា​ឱកាស​ពិធី​ជំនួប​សហគ្រិន​ជានា​រី​ នៅ​សណ្ឋាគារ​ ឡឺ​រ៉ូ​យ៉ា​ល់​ នា​ថ្ងៃ​ទី​១៧​ ខែមីនា​ឆ្នាំ​២០១២​ខាង​មុខ​នេះ​។​ ក្នុង​នោះ​ក្រុមហ៊ុន​ដែល​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​នេះ​មាន​ដូច​ជា​ ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​,Australian​ AID,​ Mekong​ Bank,​ AIRFRANCE,​ក្រុម​ហ៊​ន​ RMA,​ ហាង​សូត្រ​សេន​ឋូ​សា​សៀ​ល​,​ថ្នាំលាប​JOTUN​ ជាដើម​។​

លោកស្រី​ សេង​ តក្ក​នារី​ប្រធាន​សមាគម​ន​សហគ្រិន​ស្ត្រី​កម្ពុជា​ប្រាប់​ថា​អ្នកស្រី​សប្បាយចិត្ត​ចំពោះ​ការ​បើកឱកាស​ឲ្យ​ បុស្បា​ ប៉ាន់​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​ប្រកាស​សម្ពោធ​សមាគម​របស់​អ្នកស្រី​នៅ​ពេល​ខាង​មុខ​នេះ​។​ អ្នកស្រី​ប្រាប់​ថា​ បុស្បា​មិន​ត្រឹមតែ​ជា​ក្មេង​ដែល​មាន​សមត្ថភាព​ ទេព​កោសល្យ​ខ្ពស់​ទេ​ ប៉ុន្តែ​នាង​ជា​កុមារី​ដែល​មាន​ឆន្ទៈ​ ទឹកចិត្ត​សប្បុរស​ ក្នុង​ការ​យក​សមត្ថភាព​ស្វែងរក​ជំនួយ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​បញ្ហា​ជីវភាព​និង​ជា​គំរូ​មួយ​សម្រាប់​យុវវ័យ​ និង​មហាជន​ផង​ដែរ​។​ អ្នកស្រី​សប្បាយចិត្ត​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ការងារ​សង្គម​នេះ​ផង​ដែរ​។​ អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​បណ្តា​ស្ត្រី​ដែល​មាន​បំណង​ចូលរួម​កម្មវិធី​សម្ពោធ​សមាគម​ ក៏​ដូច​ជា​ការ​ចូលរួម​វិភាគទាន​សម្រាប់​កិច្ចការ​សង្គម​ជាមួយ​បុស្បា​ប៉ាន់​ផង​ដែរ​។​

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​កុមារី​វ័យ​១៥​រូប​នេះ​ឆ្នាំ​បាច​ផ្តួចផ្តើម​គំនិត​បង្កើត​ឲ្យ​មានកម្ម​វិធី​សិល្បៈ​គៀងគរ​រក​ថវិការ​ជួយ​ជន​ក្រីក្រ​និង​សិល្បករ​ជួប​ប្រទះ​ការ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​។​ ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​លើក​ទី​១​គឺ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៩​ដើម្បី​រក​ថវិកា​ជួយ​សាស្ត្រាចារ្យ​វ័យ​ចំណាស់​ម្នាក់​គឺ​លោកយាយ​ ឯម​ ធា​យ​។​ លើក​ទី​២​កុមារី​ដែល​លេចធ្លោ​ទាំង​វិស័យ​សិល្បៈ​ ការ​សិក្សា​ និង​កីឡា​រូប​នេះ​ បាន​រៀបចំ​ការ​ច្រៀង​លក់​សំបុត្រ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​។​ លើក​ទី​៣​គឺ​នៅ​ឆ្នាំ​២០១១​ដែល​ជា​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​ខាង​មុខ​ប្រាសាទបាយ័ន​ខេត្តសៀមរាប​ ដើម្បី​រក​ថវិការ​ជួយ​ដល់​សិល្បករ​វ័យ​ចំណាស់​ដែល​បាត់បង់​សមត្ថភាព​ និង​មាន​ជីវភាព​ខ្សត់ខ្សោយ​ ហើយ​ទី​បួន​គឺ​ការ​ប្រគុំ​តន្ត្រី​កាលពីដើម​ខែកុម្ភៈ​ឆ្នាំ​២០១២​នេះ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ក្នុង​គោលបំណង​ស្វែងរក​ជំនួយ​ជួយ​កុមារ​ដែល​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​ និង​មិន​មាន​លទ្ធភាព​ចូល​សិក្សា​ នៅ​ភូមិ​ផ្តៅ​ខេត្តក្រចេះ​ និង​ភូមិ​បាក់​ព្រា​ខេត្តបាត់ដំបង​។​

​គេ​សង្ឃឹមថា​តាម​រយៈ​បទ​ចម្រៀង​ដ៏​គ្រលួច​របស់​បុស្បា​ នឹង​អាច​អន្ទង​ចិត្ត​សប្បុរសជន​ឲ្យ​មើលឃើញ​ពី​ជីវិត​រស់នៅ​របស់​អ្នក​ភូមិ​ដែល​មើលទៅ​ឃើញ​តែ​លម្ហ​ទឹក​ល្ហាចល្ហឹម​ហើយ​តាម​រយៈ​ទឹកចិត្ត​សប្ប​រស​របស់​ បុស្បា​ រួម​ទាំង​សប្បុរសជន​នេះ​ដែរ​គេ​រំពឹង​ថា​បេះដូង​អ្នក​ភូមិ​បាក់​ព្រា​នឹង​មិន​ស​រស់នៅ​ក្នុង​ភាព​ឯក​កោ​ឡើយ​៕​