
គម្រោង៤ធំៗ ដែលអូឡាំពិកកម្ពុជា គ្រោងនឹងអនុវត្ត ដើមឆ្នាំ២០១១
ដោយ ៖ កាំង សុធា ថ្ងៃទី 23 តុលា 2010ម៉ោង 08:41:26
មួយរយៈកាលចុងក្រោយនេះ វិស័យកីឡារបស់ប្រទេសកម្ពុជាហាក់ទាញនូវការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅថា មានការវិវឌ្ឍន៍ល្អតាមរយៈការទទួលបានមេដាយញឹកញាប់ក្នុងបរិមាណច្រើន ពិសេសក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម (Sea Games ) នៅប្រទេសឡាវកាលពីចុងឆ្នាំ២០០៩ ពិសេសការទទួលមេដាយថ្មីមួយទៀតក្នុងការប្រកួតកីឡាអូឡាំពិកយុវជនលើកទី១ នៅ ប្រទេសសឹង្ហបូរី។
គេនៅចាំបានថា ក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី២៥នៅប្រទេស ឡាវ កម្ពុជាមានលទ្ធភាពទទួលបានមេដាយសរុប៤០ មាស៣ ប្រាក់១១ សំរិទ្ធ២៦ ហើយក្នុងព្រឹត្ដិការណ៍នោះផងដែរ គេបានធ្វើការកត់សម្គាល់ ឃើញផងដែរថា មានកីឡាខ្លះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ សារគេមានលទ្ធភាពទទួលបានមេដាយមាសរបស់កីឡាអូឡាំពិកដែលកម្ពុជា ពុំធ្លាប់ទទួលបាន គឺកីឡាចំបាប់ ហើយកីឡាអូឡាំពិកយុវជនលើកទី ១ទៀត សោតក៏កីឡាករកម្ពុជាមានសមត្ថភាពទទួលដល់មេដាយសំរិទ្ធទៀតផង គឺកីឡាយូដូ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថាប៉ុន្មានឆ្នាំចុងក្រោយនេះសមត្ថភាពកីឡាករកម្ពុជា មានការរីកចម្រើនច្រើនតាមរយៈការទទួលយកបាននូវមេដាយនៃការ ប្រកួតធំៗដូចជាកីឡាចំបាប់ និងយូដូ កីឡា២ប្រភេទនេះ ជាកីឡាក្នុង ព្រឹត្ដិការណ៍កីឡាអូឡាំពិក ដែលអត្ដពលិកម្នាក់ៗពិបាកទទួលយកមេ ដាយណាស់ ទាល់តែគេមានសមត្ថភាពខ្ពស់ ។ លោកបានបន្ដថា កីឡាចំបាប់ ជាប្រវត្ដិ-សាស្ដ្រកម្ពុជាពុំធ្លាប់ទទួលបាននូវមេដាយមាសទេ តែក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី២៥ នៅប្រទេសឡាវយើងទទួលបាន ហើយ នៅសឹង្ហបូរីថ្មីៗនេះ កម្ពុជាមានសមត្ថភាពទទួលបានដល់មេដាយសំរិទ្ធ វាជា ព្រឹត្ដិការណ៍កីឡាកម្រិតពិភពលោកដែលកម្ពុជាពុំទទួលបានឡើយ ។ ការ ទទួលបានការរីកចម្រើនថ្មីៗនេះ លោកបានទាញនូវការចាប់អារម្មណ៍ថា កីឡាដែលទទួលលទ្ធផល គឺភាគច្រើនជាកីឡាដែលមានគ្រូជនជាតិបរទេស មកបង្ហាត់នៅក្នុងស្រុក ឬ ក៏បញ្ជូនទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេស ។ តែយ៉ាងណាក៏ដោយលោកក៏មិនបានបដិសេធចោលពីកីឡាខ្លះដែលទទួលបង្ហាត់ ដោយគ្រូជនជាតិកម្ពុជាផ្ទាល់ក៏ទទួលបានលទ្ធផលល្អផងដែរ ដូចជាប៉េតង់ជា ដើម។
ដោយថ្លែងទៅកាន់សមាជិកកីឡា ដែលជាថ្នាក់ដឹកនាំនៃសហព័ន្ធកីឡា ជាតិដែលចំណុះឱ្យគណៈកម្មាធិការជាតិអូឡាំពិកទាំង៣៦ លោកវ៉ាត់ ចំរើន ក៏បានឆ្លៀតបង្ហាញពីគម្រោងការធំៗចំនួន៤ ដែលប្រទេសកម្ពុជាគ្រោងនឹង ទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡានាពេលខាងមុខបន្ថែមលើការកត់ សម្គាល់របស់លោកពីករណីខាងលើ នោះគឺការត្រៀមប្រកួតកីឡាវាយកូន ហ្គោលនៅខេត្ដសៀមរាប ការប្រកួតពាក់កណ្ដាលម៉ារ៉ាតុនអង្គរអន្ដរជាតិ ការប្រកួតប្រណាំងកង់កម្ពុជាអន្ដរជាតិ និងការប្រកួតកីឡាទ្រីយ៉ាត្លុងនៅ ខេត្ដសៀមរាប។
លោកបានមានប្រសាសន៍ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១០ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាសហការនឹងសហព័ន្ធហ្គោលកម្ពុជា និងរៀបចំ នូវការប្រកួតមួយ ដែលមានឈ្មោះថា ចននីវ៉កឃើ អុបផិន (Jonny Worker Open Angkor) ដោយមានកីឡាករអាជីពចំនួនជាង ១០០នាក់ ចូលរួមជាង ៤០ប្រទេស ហើយលើកនេះជាលើកទី៤ នៃការបង្កើតឱ្យមាន សកម្មភាពប្រកួតបែបនេះឡើង។
ឯព្រឹត្ដិការណ៍មួយផ្សេងទៀត គឺការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុន អន្ដរជាតិអង្គរ (Half Marathon) នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១០ ការប្រកួត នេះជាការប្រកួតខួបលើកទី១៥ (ឆ្នាំដំបូង១៩៩៦) ជាព្រឹត្ដិការណ៍ដ៏ធំជាង គេបំផុតនៅកម្ពុជា ហើយបើតាមគម្រោងនិងមានសភាពធំជាងពីឆ្នាំកន្លង មកដែលមានកីឡាករចូលរួមប្រមាណជាង ២៨០០នាក់ (មកពី៤៧ប្រទេស)។ តែសម្រាប់លើកនេះលោករំពឹងថា និងមានការចូលរួមច្រើន ហើយប្រហែល ជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលរួមក្នុងពិធីបើកការ រត់ប្រណាំងនេះផងដែរ។ លោកក៏បានធ្វើការកត់សម្គាល់ផងដែរថា កាលពី ឆ្នាំ២០០៩ មានជនជាតិបរទេសចូលរួមដូចជាជប៉ុន អាមេរិក បារាំង អូស្ដ្រាលី ហើយការរៀបចំនេះធ្វើឡើងដោយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាសហការណ៍ជាមួយនឹងអង្គការបេះដូងមាសរបស់ជប៉ុន និងសហព័ន្ធ អត្ដពលកម្មកម្ពុជាផងដែរ ។
ដោយឡែកនៅដើមឆ្នាំ២០១១ ពោលគឺនៅដើមខែកុម្ភៈក៏នឹងមានការ ប្រកួតកីឡាជាអន្ដរជាតិធំៗពីរផ្សេងទៀតដែរ គឺការប្រកួតកីឡាទ្រីយ៉ាត្លុង អង្គរអន្ដរជាតិលើកទី១ និងការប្រកួតប្រណាំងកង់អន្ដរជាតិឈ្មោះ Tour Du Cambodge ។
លោកក៏បានលើកពីគម្រោងការនោះថា កីឡាទ្រីយ៉ាត្លុងគឺជាកីឡាមួយ ប្រភេទដែលបណ្ដាប្រទេសនៅអឺរ៉ុបនិយមលេងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ដជាអ្នកនាំរៀបចំ ហើយ រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រនូវគម្រោងការនេះ តាមរយៈលិខិតលេខ ១៦៣៣ ស.ជ.ញ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៩ ។
តាមរយៈការរៀបចំការប្រកួតនេះ លោកបានចាត់ទុកថា វាជាព្រឹត្ដិ ការណ៍កីឡា និងទេសចរណ៍ទី២ (ទី១ប្រកួតពាក់កណ្ដាលម៉ា រ៉ាតុងអង្គរ អន្ដរជាតិ) ដែលបានរៀបចំនៅខេត្ដសៀមរាប ។ ការប្រកួតនេះនឹងធ្វើនៅ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១០ ដោយចែកជា ៣ក្រុម គឺក្រុមកុមារក្រោម១០ ឆ្នាំដល់ ១៨ឆ្នាំ និងក្រុមពេញវ័យ (១៨ ឆ្នាំឡើង) ។ កីឡានេះគេលេងមាន ៣ កីឡា បញ្ចូលគ្នា គឺហែលទឹក ជិះកង់ និងរត់ ។ សម្រាប់ការប្រកួតប្រណាំងកង់អន្ដរជាតិដែលមានឈ្មោះ ថា Tour du Cambodge ក៏ធ្វើនៅដើមខែកុម្ភៈ ដោយមានកីឡាករប្រណាំងកងអាជីពប្រមាណជាង១០០នាក់មកពីប្រទេស នានាលើពិភពលោក ហើយក៏ជាកីឡាករដែលបានចូលរួមប្រណាំងកង់នៅ ក្នុងកម្មវិធី របស់បារាំងឈ្មោះ Tour de France . បើយោងតាមប្រសាសន៍របស់លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឱ្យដឹងថា ការរៀបចំនឹងធ្វើឡើង ដោយក្រុមការងារមកពី Tour de France ដោយចំ ណាយអស់ជាង៣លានដុល្លារ ហើយថែមទាំងមានការថតពីអាកាសពីសកម្ម-ភាពប្រណាំង ដូចបណ្ដាការប្រកួតធំៗលើពិភពលោកផងដែរ ។
លោកវ៉ាត់ ចំរើន បានបន្ថែមទៀតថា ការប្រណាំងនេះនឹងមានចម្ងាយ ជាង៧០០គីឡូម៉ែត្រ ចេញពីខេត្ដសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កណ្ដាល ភ្នំពេញ កំពង់ចាម ហើយបញ្ចប់នៅភ្នំពេញ វិញ ។
សូមបញ្ជាក់ថា មុននឹងចេញពីខេត្ដសៀមរាប ការប្រណាំងនឹងធ្វើការ ប្រកួតនៅតំបន់អង្គរលើចម្ងាយជាង ២០០គីឡូម៉ែត្រ ជាមុនសិន។ ជាការ ពិតប្រសិនបើគម្រោងការស្ដីពីសកម្មភាពកីឡាធំៗទាំង៤ នឹងចេញជាលទ្ធ ផលមែននោះ វិស័យកីឡានៅកម្ពុជាប្រាកដជាបង្ហាញពីភាពមាំទាំនៅកម្ពុជា មិនខាន ហើយវាក៏កាន់តែបានទាក់ទាញនូវការចាប់អារម្មណ៍ពីសំណាក់ មតិជាតិ និងអន្ដរជាតិងាកមកមើលកម្ពុជាមិនខាន ហើយគេនឹងគិតថា កម្ពុជាប្រៀបធៀបនឹងខ្លាដែលទើបងើបពីដេកមិនខាន៕
