ម៉ៃ​ថៃ​សាន់​ ៖​ ដាក់គុក​ទាំង​២​បើ​ម៉េ​វ៉េ​ឌ័​រ​និង​ប៉ាក់​គី​អៅ​មិន​ព្រម​ប្រកួត​

ដោយ​ ៖ សាធី ថ្ងៃទី 13 មីនា 2012ម៉ោង 16:24:43

​ការ​ប្រកួត​ប្រដាក់​សកល​ពិភពលោក​ រវាង​ ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ និង​ ម៉ា​នី​ ប៉ាក់​គី​អៅ​  កាន់តែ​ជួប​បញ្ហា​ស្មុគស្មាញ​ ពេល​ដែល​ ម៉េ​វ៉េ​ឌ័​រ​ ទាមទារ​ផ្ដល់​ប្រាក់​បន្ថែម​នោះ​។​

​ក្រុម​អ្នកគាំទ្រ​ប្រដាល់សកល​នៅ​ទ្វីប​ អាស៊ី​ ពិសេស​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ ទន្ទឹងរង់ចាំ​ការ​ប្រកួត​រវាង​កីឡាករ​ប្រដាល់​ លំដាប់​ពិភពលោក​ជនជាតិ​ហ្វី​លី​ពី​ន​ ម៉ា​នី​ ប៉ាក់​គី​អៅ​ និង​កីឡាករ​ ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ ប៉ុន្ដែ​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​មិន​ ទាន់​មានការ​ឯកភាព​គ្នា​ឡើយ​ ពាក់ព័ន្ធ​ បញ្ហា​ប្រាក់​កាស​ ។​ គ្រូបង្វឹក​របស់​កីឡាករ​ ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​ថា​ លោក​ បាន​ទូរស័ព្ទ​ទៅ​កាន់​ ម៉ា​នី​ ប៉ាក់​គី​អៅ​ ហើយ​សុំ​ឱ្យ​កីឡាករ​រូប​នេះ​ឯកភាព​នូវ​ទឹក​ ប្រាក់​ដែល​ត្រូវ​បែងចែក​រហូត​ដល់​៧០​ ភាគរយ​ស្ដី​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​បន្ដ​ផ្ទាល់​ តាម​កញ្ចក់​ទូរទស្សន៍​ ។​

​នៅ​ក្នុង​ការ​ខិតខំ​ស្វែងរក​ប្រាក់​ចំណូល​ បន្ថែម​ពី​ការ​ប្រកួត​ កីឡាករ​ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ បាន​និយាយ​ទៅ​កាន់​គូប្រជែង​របស់​ខ្លួន​ថា​ “​ម៉ា​នី​ ប៉ាក់​គី​អៅ​ ក្រោយ​ការ​ប្រកួត​ ប្រដាល់សកល​ ខ្ញុំ​គ្មាន​អ្វី​ទាំងអស់​ ចំណែក​ លោក​គឺ​មាន​គ្រប់​បែប​យ៉ាង​”​ ។​

​ការ​ប្រកួត​រវាង​កីឡាករ​ជើងឯក​ពិភព​ លោក​ទាំង​២​អាច​រក​ប្រាក់​ចំណូល​បាន​ រហូត​ដល់​៥០​លាន​ដុល្លារ​ពី​ការ​លក់​សិទ្ធិ​ ផ្សាយ​បន្ដ​ផ្ទាល់​ដល់​បណ្ដាញ​ទូរទស្សន៍​ ។​ ក្រុមហ៊ុន​របស់​ ប៉ាក់​គី​អៅ​ ចង់​ចែករំលែក​ ទឹកប្រាក់​៧០​និង​៣០​ភាគរយ​សម្រាប់​អ្នក​ ឈ្នះ​និង​អ្នក​ចាញ់​ ។​ ចំណែក​ក្រុមហ៊ុន​របស់​ ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ ស្នើ​ចែករំលែក​ប្រាក់​ទាំង​ នោះ​ត្រឹម​៥៥​និង​៤៥​ភាគរយ​ ។​

​ប្រសិនបើ​ការ​ប្រកួត​កើតឡើង​អាច​ ក្លាយជា​ការ​ប្រកួត​លើក​ចុង​ក្រោយបង្អស់​ របស់​កីឡាករ​ ម៉ា​នី​ ប៉ាក់​គី​អៅ​ មុន​ពេល​ ចូល​និវត្ដន៍​ ផ្ដោតអារម្មណ៍​បម្រើ​ក្នុង​ វិស័យ​នយោបាយ​របស់​លោក​វិញ​ម្ដង​ ។​ បច្ចុប្បន្ន​ ប៉ាក់​គី​អៅ​ ជា​តំណាងរាស្ដ្រ​ដ៏​ល្បី​ ល្បាញ​មួយ​រូប​របស់​ហ្វី​លី​ពី​ន​ ។​ ប៉ាក់​គី​អៅ​ បាន​ស្នើ​សុំ​ម្ដាយ​របស់​លោក​ គឺ​លោកស្រី​ ឌី​អូ​ ណេ​ស៊ី​ សុំ​ប្រកួត​១​ប្រកួត​ចុង​ក្រោយ​ ទៀត​មុន​ពេល​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​ របស់​លោក​ ។​

​កីឡាករ​ ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ មាន​គម្រោង​ ឡើង​សង្វៀន​ជាមួយ​ ប៉ាក់​គី​អៅ​ ជា​យូរណាស់​ មក​ហើយ​ រហូត​មក​ទល់​ពេល​នេះ​ទើប​ ប៉ាក់​គី​អៅ​ ឯកភាព​អង្គុយ​តុ​ពិភាក្សា​ជាមួយ​  ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ ។​ តាម​គម្រោងការ​ប្រកួត​ ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាងគេ​បំផុត​ លើ​ពិភពលោក​រវាង​ ប៉ាក់​គី​អៅ​ នឹង​ ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែឧសភា​ ឆ្នាំ​២០១២​ នៅ​ម៉េ​រី​ណា​ប៊េ​ ប្រទេស​សិង្ហ​ បុរី​ ដែល​នៅ​សង្វៀន​នោះ​អាច​ផ្ទុក​បាន​ ទស្សនិកជន​ប្រមាណ​៤.០០០​កាន់តែ​ ប៉ុណ្ណោះ​ ។​

​ការ​ផ្គូផ្គង​ជួប​ឧបសគ្គ​ជា​ច្រើន​នៅ​ក្នុង​ កិច្ច​ពិភាក្សា​ ។​ ដំបូង​ គឺ​ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ សង្ស័យ​ ប៉ាក់​គី​អៅ​ ប្រើប្រាស់​ថ្នាំ​ប៉ូវ​កម្លាំង​ Doping​ ក្រោយមក​ ប៉ាក់​គី​អៅ​ ស្នើ​ឱ្យ​ត្រួត​ ពិនិត្យ​ឈាម​មុន​ការ​ប្រកួត​១៤​ថ្ងៃ​តាម​ ច្បាប់​របស់​អូ​ឡាំ​ពិ​ក​ ។​ ក្រោយមក​កិច្ច​ ពិភាក្សា​ទាំងនោះ​ក៏​បាន​ឯកភាព​ ប៉ុន្ដែ​នៅ​ ត្រង់​ចំណុច​ចែក​ប្រាក់​ កីឡាករ​ទាំង​២​មិន​ ទាន់​ឯកភាព​គ្នា​នៅឡើយ​ពី​អ្នក​ឈ្នះ​ទទួល​ បាន​៧០​ភាគរយ​ និង​អ្នក​ចាញ់​ទទួល​បាន​ ៣០​ភាគរយ​នោះ​ ។​

​ក្រៅពី​បញ្ហា​ផ្គូផ្គង​ប្រកួត​ កីឡាករ​ ទាំង​២​ក៏​ជួប​នូវ​បញ្ហា​ស្មុគស្មាញ​ផ្ទាល់ខ្លួន​ ជា​ច្រើន​ ។​ កីឡាករ​ ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ ប្រឈម​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​៨៧​ថ្ងៃ​ គឺ​ ចាប់ពី​ថ្ងៃ​ទី​១​ខែមិថុនា​ ដោយ​ប្រើ​អំពើ​ ហិង្សា​ក្នុង​គ្រួសារ​ ចំណែក​ម៉ា​នី​ ប៉ាក់​គី​អៅ​ ត្រូវ​បាន​ទស្សនាវដ្ដី​ Fobres​ ជ្រើសរើស​ ជា​កីឡាករ​មាន​ប្រាក់​លំដាប់​ទី​២៤​នៅ​លើ​ ពិភពលោក​ត្រូវ​បាន​តុលាការ​ហ្វី​លី​ពី​ន​ រក​ឃើញ​ថា​បាន​ពាក់ព័ន្ធ​រឿងរ៉ាវ​គេចពន្ធ​ នៅ​ហ្វី​លី​ពី​ន​ ។​

​ក្រៅពី​អាជីព​ជា​អ្នក​ប្រដាល់​ ប៉ាក់​គី​អៅ​ ក៏​ជា​អ្នក​សម្ដែង​ជា​តារាចម្រៀង​និង​អ្នក​ នយោបាយ​ ដោយ​រក​ប្រាក់​ចំណូល​បាន​ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ។​ ក្រសួង​ពន្ធដារ​ ហ្វី​លី​ពី​ន​បាន​ស្នើ​ឱ្យ​ ម៉ា​នី​ ប៉ាក់​គី​អៅ​ បក​ ស្រាយ​ពី​ប្រាក់​ចំណូល​រហូត​៤០​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១០​ ក្រោយ​ការ​ប្រកួត​ជាមួយ​ កីឡាករ​ ខ្លូត​តេ​ និង​អែន​ស្ដូ​ នី​អូ​ ម៉ា​ហ្គា​រី​តូ​ ប៉ុន្ដែ​ ប៉ាក់​គី​អៅ​ មិន​បាន​ផ្ដល់​ឯកសារ​គ្រប់​ គ្រាន់​ដល់​តុលាការ​នោះ​ឡើយ​ ។​ ប្រ​សិន​ បើ​គេ​រក​ឃើញ​ថា​ ប៉ាក់​គី​អៅ​ គេចពន្ធ​នោះ​ អាច​ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ​២​ឆ្នាំ​។​

​ចំពោះ​បញ្ហា​ស្មុគស្មាញ​ពី​ការ​ផ្គូផ្គង​ និង​ចែក​ប្រាក់​គ្នា​រវាង​កីឡាករ​ទាំង​២​ អតីត​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​លើ​ពិភព​ លោក​ ម៉ៃ​ថៃ​សាន់​ បាន​ផ្ដល់​យោបល់​ថា​ ប្រសិនបើ​កីឡាករ​ទាំង​២​នោះ​មិន​ ប្រកួត​ទេ​ “​ដាក់គុក​វា​ទាំង​២​ទៅ​”​ ។​

​ក្នុង​ពេល​កីឡាករ​ទាំង​២​កំពុង​តែ​ដោះ​ ស្រាយ​បញ្ហា​លុយកាក់​ ក្រុមហ៊ុន​ផ្គូផ្គង​ ការ​ប្រកួត​បាន​ប្រកាស​ថា​ នឹង​ចាប់ផ្ដើម​ លក់​សំបុត្រ​ដល់​ប្រិ​យ​មិត្ដ​ចាប់ពី​ថ្ងៃ​ទី​៥​ ខែមេសា​ ។​ ក្នុង​ករណី​ភាគី​ទាំង​២​មិន​ទទួល​ បានការ​ឯកភាព​ ប៉ាក់​គី​អៅ​ ចាំបាច់​ត្រូវ​តែ​ ផ្គូរ​ផ្គង​ជាមួយ​គូប្រកួត​ខ្លាំង​ផ្សេង​ទៀត​ ។​

​ប៉ាក់​គី​អៅ​ ជា​កីឡាករ​ប្រដាល់សកល​ ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ មក​ទល់​ពេល​ នេះ​លោក​បាន​ឆ្លងកាត់​ការ​ប្រកួត​ចំនួន​ ៥៤​លើក​ ស្មើ​៣​ ចាញ់​២​ ក្នុង​នោះ​ផ្ដួល​ដៃគូ​ ឱ្យ​សន្លប់​បោះបង់​ការ​ប្រកួត​៣៨​លើក​ ។​ ប៉ាក់​គី​អៅ​ ជា​កីឡាករ​ប្រដាល់​ដំបូង​គេ​បង្អស់​ ក្នុង​ប្រវត្ដិសាស្ដ្រ​ដែល​ទទួល​បាន​ជើង​ ឯក​១០​ស្ថាប័ន​ផ្សេង​គ្នា​ ។​ ចំណែក​ ហ្វ្ល​យ​ ម៉េ​វ៉េ​ឌ័​រ​ ក៏​ជា​កីឡាករ​លំដាប់​ពិភពលោក​ ដោយសារ​តែ​មិន​ធ្លាប់​ចាញ់​ទាល់តែ​សោះ​ ក្នុង​ការ​ប្រកួត​៤២​លើក​ ដោយ​ផ្ដួល​ដៃគូ​ ឱ្យ​សន្លប់​២៦​លើក​ ៕