
ម៉ៃថៃសាន់ ៖ ដាក់គុកទាំង២បើម៉េវ៉េឌ័រនិងប៉ាក់គីអៅមិនព្រមប្រកួត
ដោយ ៖ សាធី ថ្ងៃទី 13 មីនា 2012ម៉ោង 16:24:43
ការប្រកួតប្រដាក់សកលពិភពលោក រវាង ហ្វ្លយ ម៉េវ៉េឌ័រ និង ម៉ានី ប៉ាក់គីអៅ កាន់តែជួបបញ្ហាស្មុគស្មាញ ពេលដែល ម៉េវ៉េឌ័រ ទាមទារផ្ដល់ប្រាក់បន្ថែមនោះ។
ក្រុមអ្នកគាំទ្រប្រដាល់សកលនៅទ្វីប អាស៊ី ពិសេសតំបន់អាស៊ីភាគអាគ្នេយ៍ ទន្ទឹងរង់ចាំការប្រកួតរវាងកីឡាករប្រដាល់ លំដាប់ពិភពលោកជនជាតិហ្វីលីពីន ម៉ានី ប៉ាក់គីអៅ និងកីឡាករ ហ្វ្លយ ម៉េវ៉េឌ័រ ប៉ុន្ដែកិច្ចព្រមព្រៀងរវាងភាគីទាំងពីរមិន ទាន់មានការឯកភាពគ្នាឡើយ ពាក់ព័ន្ធ បញ្ហាប្រាក់កាស ។ គ្រូបង្វឹករបស់កីឡាករ ហ្វ្លយ ម៉េវ៉េឌ័រ បានផ្ដល់បទសម្ភាសន៍ កាលពីចុងសប្ដាហ៍កន្លងមកថា លោក បានទូរស័ព្ទទៅកាន់ ម៉ានី ប៉ាក់គីអៅ ហើយសុំឱ្យកីឡាកររូបនេះឯកភាពនូវទឹក ប្រាក់ដែលត្រូវបែងចែករហូតដល់៧០ ភាគរយស្ដីពីការលក់សិទ្ធិផ្សាយបន្ដផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ។
នៅក្នុងការខិតខំស្វែងរកប្រាក់ចំណូល បន្ថែមពីការប្រកួត កីឡាករហ្វ្លយ ម៉េវ៉េឌ័រ បាននិយាយទៅកាន់គូប្រជែងរបស់ខ្លួនថា “ម៉ានី ប៉ាក់គីអៅ ក្រោយការប្រកួត ប្រដាល់សកល ខ្ញុំគ្មានអ្វីទាំងអស់ ចំណែក លោកគឺមានគ្រប់បែបយ៉ាង” ។
ការប្រកួតរវាងកីឡាករជើងឯកពិភព លោកទាំង២អាចរកប្រាក់ចំណូលបាន រហូតដល់៥០លានដុល្លារពីការលក់សិទ្ធិ ផ្សាយបន្ដផ្ទាល់ដល់បណ្ដាញទូរទស្សន៍ ។ ក្រុមហ៊ុនរបស់ ប៉ាក់គីអៅ ចង់ចែករំលែក ទឹកប្រាក់៧០និង៣០ភាគរយសម្រាប់អ្នក ឈ្នះនិងអ្នកចាញ់ ។ ចំណែកក្រុមហ៊ុនរបស់ ហ្វ្លយ ម៉េវ៉េឌ័រ ស្នើចែករំលែកប្រាក់ទាំង នោះត្រឹម៥៥និង៤៥ភាគរយ ។
ប្រសិនបើការប្រកួតកើតឡើងអាច ក្លាយជាការប្រកួតលើកចុងក្រោយបង្អស់ របស់កីឡាករ ម៉ានី ប៉ាក់គីអៅ មុនពេល ចូលនិវត្ដន៍ ផ្ដោតអារម្មណ៍បម្រើក្នុង វិស័យនយោបាយរបស់លោកវិញម្ដង ។ បច្ចុប្បន្ន ប៉ាក់គីអៅ ជាតំណាងរាស្ដ្រដ៏ល្បី ល្បាញមួយរូបរបស់ហ្វីលីពីន ។ ប៉ាក់គីអៅ បានស្នើសុំម្ដាយរបស់លោក គឺលោកស្រី ឌីអូ ណេស៊ី សុំប្រកួត១ប្រកួតចុងក្រោយ ទៀតមុនពេលបញ្ចប់អាជីពជាអ្នកប្រដាល់ របស់លោក ។
កីឡាករ ហ្វ្លយ ម៉េវ៉េឌ័រ មានគម្រោង ឡើងសង្វៀនជាមួយ ប៉ាក់គីអៅ ជាយូរណាស់ មកហើយ រហូតមកទល់ពេលនេះទើប ប៉ាក់គីអៅ ឯកភាពអង្គុយតុពិភាក្សាជាមួយ ហ្វ្លយ ម៉េវ៉េឌ័រ ។ តាមគម្រោងការប្រកួត ដែលមានអ្នកទស្សនាច្រើនជាងគេបំផុត លើពិភពលោករវាង ប៉ាក់គីអៅ នឹង ហ្វ្លយ ម៉េវ៉េឌ័រ អាចនឹងធ្វើឡើងនៅថ្ងៃទី៥ខែឧសភា ឆ្នាំ២០១២ នៅម៉េរីណាប៊េ ប្រទេសសិង្ហ បុរី ដែលនៅសង្វៀននោះអាចផ្ទុកបាន ទស្សនិកជនប្រមាណ៤.០០០កាន់តែ ប៉ុណ្ណោះ ។
ការផ្គូផ្គងជួបឧបសគ្គជាច្រើននៅក្នុង កិច្ចពិភាក្សា ។ ដំបូង គឺហ្វ្លយ ម៉េវ៉េឌ័រ សង្ស័យ ប៉ាក់គីអៅ ប្រើប្រាស់ថ្នាំប៉ូវកម្លាំង Doping ក្រោយមក ប៉ាក់គីអៅ ស្នើឱ្យត្រួត ពិនិត្យឈាមមុនការប្រកួត១៤ថ្ងៃតាម ច្បាប់របស់អូឡាំពិក ។ ក្រោយមកកិច្ច ពិភាក្សាទាំងនោះក៏បានឯកភាព ប៉ុន្ដែនៅ ត្រង់ចំណុចចែកប្រាក់ កីឡាករទាំង២មិន ទាន់ឯកភាពគ្នានៅឡើយពីអ្នកឈ្នះទទួល បាន៧០ភាគរយ និងអ្នកចាញ់ទទួលបាន ៣០ភាគរយនោះ ។
ក្រៅពីបញ្ហាផ្គូផ្គងប្រកួត កីឡាករ ទាំង២ក៏ជួបនូវបញ្ហាស្មុគស្មាញផ្ទាល់ខ្លួន ជាច្រើន ។ កីឡាករ ហ្វ្លយ ម៉េវ៉េឌ័រ ប្រឈមនឹងការចាប់ដាក់ពន្ធនាគារ៨៧ថ្ងៃ គឺ ចាប់ពីថ្ងៃទី១ខែមិថុនា ដោយប្រើអំពើ ហិង្សាក្នុងគ្រួសារ ចំណែកម៉ានី ប៉ាក់គីអៅ ត្រូវបានទស្សនាវដ្ដី Fobres ជ្រើសរើស ជាកីឡាករមានប្រាក់លំដាប់ទី២៤នៅលើ ពិភពលោកត្រូវបានតុលាការហ្វីលីពីន រកឃើញថាបានពាក់ព័ន្ធរឿងរ៉ាវគេចពន្ធ នៅហ្វីលីពីន ។
ក្រៅពីអាជីពជាអ្នកប្រដាល់ ប៉ាក់គីអៅ ក៏ជាអ្នកសម្ដែងជាតារាចម្រៀងនិងអ្នក នយោបាយ ដោយរកប្រាក់ចំណូលបាន យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ក្រសួងពន្ធដារ ហ្វីលីពីនបានស្នើឱ្យ ម៉ានី ប៉ាក់គីអៅ បក ស្រាយពីប្រាក់ចំណូលរហូត៤០លានដុល្លារ នៅឆ្នាំ២០១០ ក្រោយការប្រកួតជាមួយ កីឡាករ ខ្លូតតេ និងអែនស្ដូ នីអូ ម៉ាហ្គារីតូ ប៉ុន្ដែ ប៉ាក់គីអៅ មិនបានផ្ដល់ឯកសារគ្រប់ គ្រាន់ដល់តុលាការនោះឡើយ ។ ប្រសិន បើគេរកឃើញថា ប៉ាក់គីអៅ គេចពន្ធនោះ អាចត្រូវកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំ។
ចំពោះបញ្ហាស្មុគស្មាញពីការផ្គូផ្គង និងចែកប្រាក់គ្នារវាងកីឡាករទាំង២ អតីតកីឡាករប្រដាល់ទម្ងន់ធ្ងន់លើពិភព លោក ម៉ៃថៃសាន់ បានផ្ដល់យោបល់ថា ប្រសិនបើកីឡាករទាំង២នោះមិន ប្រកួតទេ “ដាក់គុកវាទាំង២ទៅ” ។
ក្នុងពេលកីឡាករទាំង២កំពុងតែដោះ ស្រាយបញ្ហាលុយកាក់ ក្រុមហ៊ុនផ្គូផ្គង ការប្រកួតបានប្រកាសថា នឹងចាប់ផ្ដើម លក់សំបុត្រដល់ប្រិយមិត្ដចាប់ពីថ្ងៃទី៥ ខែមេសា ។ ក្នុងករណីភាគីទាំង២មិនទទួល បានការឯកភាព ប៉ាក់គីអៅ ចាំបាច់ត្រូវតែ ផ្គូរផ្គងជាមួយគូប្រកួតខ្លាំងផ្សេងទៀត ។
ប៉ាក់គីអៅ ជាកីឡាករប្រដាល់សកល ដ៏ល្បីល្បាញលើពិភពលោក មកទល់ពេល នេះលោកបានឆ្លងកាត់ការប្រកួតចំនួន ៥៤លើក ស្មើ៣ ចាញ់២ ក្នុងនោះផ្ដួលដៃគូ ឱ្យសន្លប់បោះបង់ការប្រកួត៣៨លើក ។ ប៉ាក់គីអៅ ជាកីឡាករប្រដាល់ដំបូងគេបង្អស់ ក្នុងប្រវត្ដិសាស្ដ្រដែលទទួលបានជើង ឯក១០ស្ថាប័នផ្សេងគ្នា ។ ចំណែក ហ្វ្លយ ម៉េវ៉េឌ័រ ក៏ជាកីឡាករលំដាប់ពិភពលោក ដោយសារតែមិនធ្លាប់ចាញ់ទាល់តែសោះ ក្នុងការប្រកួត៤២លើក ដោយផ្ដួលដៃគូ ឱ្យសន្លប់២៦លើក ៕
