
លោកអគ្គនាយកត្រួតពិនិត្យធនាគារចិនបង្ហាញពីសុឆន្ទៈនិងការគាំទ្រចំពោះ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ
ដោយ ៖ សាគុណ ថ្ងៃទី 16 មីនា 2012ម៉ោង 17:26:41
ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ នៅទីស្តីការក្រសួង លោក LI-JUN អគ្គនាយក ត្រួតពិនិត្យធនាគារនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីសុឆន្ទៈនិងការគាំទ្រចំពោះគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ ជាពិសេសលើវិស័យធនាគារ ។
លោក LI-JUN ថ្លែងថា ធនាគារចិនដែលបានវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល ជាងមួយឆ្នាំកន្លងមកនេះមានភាពជោគជ័យ ដែលបានបង្ហាញនូវចំណុចវិជ្ជមាននៃការវិនិយោគ នៅកម្ពុជា ។
លោក LI-JUN បានបញ្ជាក់ថា ទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះមានគោល បំណងបីសំខាន់គឺ៖ ទីមួយៈ ដើម្បីត្រួតពិនិត្យស្ថានភាពធនាគាររបស់ចិនដែលបានមកវិនិយោគ នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ។ ទីពីរៈ ពិនិត្យមើលលើទិដ្ឋ ភាពនៃការបើកសាខារបស់ធនាគារចិនបន្ថែមនៅកម្ពុជា និងទីបីៈ , ពិនិត្យមើលទៅលើការវិនិយោគ ផលិតផល ផ្សេងៗទៀត ដើម្បីឲ្យឆ្លើយតបទៅនឹង តម្រូវការនៃអតិថិជនប្រទេសចិន ។
នៅក្នុងកិច្ចជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីកាលានុវត្តភាពនៃការវិនិយោគ នៅកម្ពុជា ដោយបានបញ្ជាក់ពីការធ្វើពិពិធកម្មនៃការវិនិយោគរបស់អ្នកវិនិយោគចិនមកកម្ពុជា ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ទស្សនៈរួមនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដើម្បីឲ្យធនាគារចិន ពិនិត្យមើលលទ្ធភាពនៃការវិនិយោគនិងគាំទ្រទៅលើវិស័យផ្សេងៗ ក្នុងនោះមានវិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម ទេសចរណ៍ ។ល។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីឱកាសនៃការ វិនិយោគនៃវិស័យកសិកម្មនៅកម្ពុជាដែលត្រូវការចាំបាច់នូវទុនវិនិយោគបន្ថែម ដើម្បីជំរុញការនាំអង្ករ ចេញឲ្យបានសម្រេចតាមគម្រោង ១លានតោនក្នុងឆ្នាំ ២០១៥ ។ ជាមូយនេះកម្ពុជា ក៏ត្រូវការទុនបន្ថែម ទៀតក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ។ ម្យ៉ាងទៀតកម្ពុជាសង្ឃឹមថា ធនាគារនិង ពង្រីគបន្ថែមទៀត លើវិស័យមូលបត្រដើម្បីឲ្យគ្រប់តួអង្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ៕
