វត្ត​ស្មាច់​ដែង​សាងសង់ព្រះវិហារ១មាន​អាយុ​៣២​ឆ្នាំ​ទើបរួចរាល់ និងធ្វើពិធី​បញ្ចុះសីមា​​

ដោយ​ ៖ ឆ្លាម សមុទ្រ ថ្ងៃទី 17 មីនា 2012ម៉ោង 08:40:42

​ព្រះ​សីហ​នុ​៖​ ដោយសារ​តែ​ភាព​អសកម្ម​របស់​ក្រុម​គ​ណៈ​កម្ម​ការ​អាចារ្យវត្ត​ជាមួយ​ពុទ្ធបរិស័ទចំណុះ​​ជើងវត្ត​ និង​មជ្ឈដ្ឋាន​ខាងក្រៅ​ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ កន្លង​មក​បាន​ធ្វើ​ឲ្យ​វត្ត​អារាម​មួយ​​ដែល​មានឈ្មោះ​ថា​ វត្ត​ស្មាច់​ដែង​ ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៤ ​ក្នុងភូមិ​ស្មាច់​ដែង ​ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​ពុទ្ធបរិ​ស័ទអ្នក​កាន់​ព្រះពុទ្ធ​សាសនា​មើល​រំលង​ទៅ​ហួស​ មក​ហួស ​។​

ប្រការ​នេះ​​ហើយ​បាន​ធ្វើ​ឲ្យ​វត្ត​ស្មាច់​ដែង​មួយ​នេះ​ រក​ថវិកា​សាងសង់​ព្រះ​វិហា​របស់​ខ្លួន​ស្ទើ​រមិន​បាន ​ទើបតែ​​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ វត្ត​មួយ​នេះ​បាន​ប្តូរ​ព្រះ​ចៅអធិការ​ថ្មី​ និង​គ​ណៈកម្ម​ការ​អាចារ្យវត្ត​ថ្មី​ ទើប​​មានការ​រីក​ចម្រើន​ឡើងជា​បន្តបន្ទាប់​ រហូត​ដល់​មានការ​សាងសង់​ព្រះ​វិហា​បាន​សម្រេច​ដោយ​​ជោគ​ជ័យ និង​ដាក់​ឲ្យ​ធ្វើបុណ្យ​បញ្ចុះសីមា​នៅ​ថ្ងៃ​ទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១២ ​និង​ឆ្លងបុណ្យ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​​មីនា ​ឆ្នាំ​២០១២ ​។​

លោកតា​ សា​រ៉ាត់​ គ​ណះ​កម្ម​ការ​អាចារ្យវត្ត​ស្មាច់​ដែង​បាន​ប្រាប់​នគរវត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ​ខែ​មីនា ​ឆ្នាំ​២០១២​នេះ​ថា​ វត្ត​ស្មាច់​ដែង​នេះ​បាន​ចាប់ផ្តើម​កសាង​មក​នៅ​ឆ្នាំ​១៩៨០​ ​បើ​គិត​មក​ដល់​​ថ្ងៃនេះ​ឃើញ​ថា ​មាន​អាយុកាល​៣២​ឆ្នាំទៅ​ហើយ ​ទំ​រាំរ​កប​ច្ច័យសាងសង់​ព្រះ​វិហា​មួយ​បាន​សម្រេច​​ដូច​សព្វ​ថ្ងៃនេះ​ ដូចនេះ​ពិតជា​លំបាក​ខ្លាំង​ណាស់​។​

​លោកតា​អាចារ្យ​  សា​ រ៉ាត់​ បាន​បន្ត​ថា​ ព្រះ​វិហា​មួយ​នេះ​បើ​គិត​ជា​ទឹកប្រាក់​សរុប​អស់​ប្រមាណ​​ជាង​១៥​ម៉ឺន​ដុល្លា​រអា​មេ​រិក ហើយ​ប​ច្ច័យទាំងនេះ​គឺ​បាន​មក​ពី​ពុទ្ធ​បរិ​ស័ទចំណុះ​ជើងវត្ត​ក្នុង​ប្រទេស​ និង​​ក្រៅប្រទេស​បាន​ជួយ​ឧ​ប​ត្ថ​ម្ភ​ ជា​ពិសេស​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ​ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

បញ្ជាក់​ថា​ វត្ត​ស្មាច់​ដែង​នេះ​ចាប់តាំងពី​បាន​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​មក ​ត្រូវ​បាន​​អ្នកស្រុក​ស្មាច់​ដែង​ប្រាប់​ថា​បាន​ប្តូរ​អធិការ​វត្ត​អស់​ចំនួន​បី​អង្គ​ហើយ​ ចំណែក​ក្រុម​គ​ណៈ​កម្ម​ការ​​អាចារ្យវត្ត​វិញ​ ក៏​មានការ​ផ្លាស់​ប្តូ​រច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ​ ៕