
វត្តស្មាច់ដែងសាងសង់ព្រះវិហារ១មានអាយុ៣២ឆ្នាំទើបរួចរាល់ និងធ្វើពិធីបញ្ចុះសីមា
ដោយ ៖ ឆ្លាម សមុទ្រ ថ្ងៃទី 17 មីនា 2012ម៉ោង 08:40:42
ព្រះសីហនុ៖ ដោយសារតែភាពអសកម្មរបស់ក្រុមគណៈកម្មការអាចារ្យវត្តជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងមជ្ឈដ្ឋានខាងក្រៅ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា កន្លងមកបានធ្វើឲ្យវត្តអារាមមួយដែលមានឈ្មោះថា វត្តស្មាច់ដែង ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ត្រូវបានពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាមើលរំលងទៅហួស មកហួស ។
ប្រការនេះហើយបានធ្វើឲ្យវត្តស្មាច់ដែងមួយនេះ រកថវិកាសាងសង់ព្រះវិហារបស់ខ្លួនស្ទើរមិនបាន ទើបតែអំឡុងពេលប៉ុន្មានឆ្នាំមុននេះ វត្តមួយនេះបានប្តូរព្រះចៅអធិការថ្មី និងគណៈកម្មការអាចារ្យវត្តថ្មី ទើបមានការរីកចម្រើនឡើងជាបន្តបន្ទាប់ រហូតដល់មានការសាងសង់ព្រះវិហាបានសម្រេចដោយជោគជ័យ និងដាក់ឲ្យធ្វើបុណ្យបញ្ចុះសីមានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ និងឆ្លងបុណ្យនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ ។
លោកតា សារ៉ាត់ គណះកម្មការអាចារ្យវត្តស្មាច់ដែងបានប្រាប់នគរវត្តកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២នេះថា វត្តស្មាច់ដែងនេះបានចាប់ផ្តើមកសាងមកនៅឆ្នាំ១៩៨០ បើគិតមកដល់ថ្ងៃនេះឃើញថា មានអាយុកាល៣២ឆ្នាំទៅហើយ ទំរាំរកបច្ច័យសាងសង់ព្រះវិហាមួយបានសម្រេចដូចសព្វថ្ងៃនេះ ដូចនេះពិតជាលំបាកខ្លាំងណាស់។
លោកតាអាចារ្យ សា រ៉ាត់ បានបន្តថា ព្រះវិហាមួយនេះបើគិតជាទឹកប្រាក់សរុបអស់ប្រមាណជាង១៥ម៉ឺនដុល្លារអាមេរិក ហើយបច្ច័យទាំងនេះគឺបានមកពីពុទ្ធបរិស័ទចំណុះជើងវត្តក្នុងប្រទេស និងក្រៅប្រទេសបានជួយឧបត្ថម្ភ ជាពិសេសថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសកម្ពុជាផងដែរ។
បញ្ជាក់ថា វត្តស្មាច់ដែងនេះចាប់តាំងពីបានកសាងឡើងក្នុងអំឡុងឆ្នាំ១៩៨០មក ត្រូវបានអ្នកស្រុកស្មាច់ដែងប្រាប់ថាបានប្តូរអធិការវត្តអស់ចំនួនបីអង្គហើយ ចំណែកក្រុមគណៈកម្មការអាចារ្យវត្តវិញ ក៏មានការផ្លាស់ប្តូរច្រើនលើកច្រើនសារមកហើយដែរ ៕
