
កីឡាករប្រណាំងម៉ូតូដ៏ល្បីរបស់ជប៉ុន បានស្លាប់ពេល ប្រណាំងនៅ San Marino
ដោយ ៖ ភារៈ ថ្ងៃទី 23 តុលា 2010ម៉ោង 14:50:43
កីឡាករប្រណាំងម៉ូតូដ៏ល្បីរបស់ប្រទេសជប៉ុន Shoya Tomizawa បានទទួលមរណភាព ក្រោយពេលប៉ះទង្គិចគ្នាក្នុងពេលប្រណាំងម៉ូតូ Grand Prix 2 San Marino។
កីឡាករវ័យ១៩ឆ្នាំរូបនេះបានដួលនឹងធ្លាក់ពីលើម៉ូតូពេលកំពុងវ៉ាប្រជែងជាមួយកីឡាករសញ្ជាតិអ៊ីតាលី Alex de Angdis បន្ទាប់មក កីឡាករ Angdis និង Scott Redding សញ្ជាតិអង់គ្លេសម្នាក់ទៀតបានមកបុក Tomizawa ពីក្រោយពេញទំហឹងតែម្ដងធ្វើឱ្យរូបគេអូសខ្លួនជាង៤០ ម៉ែត្រចេញ ពីផ្លូវប្រណាំង ។
កីឡាករ Tomizawa ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ចម្ងាយ៣០គ.ម ប៉ុន្ដែកីឡាកររូបនេះបានស្លាប់ទៅហើយ នៅពេលដែលកំពុង ធ្វើដំណើរទៅមន្ទីរពេទ្យ ។ លោកបាន រងរបួសធ្ងន់លើលលាដ៏ក្បាល ដើមទ្រូង និង ពោះ ។
ជើងឯកច្រើនកម្មវិធី និងអ្នកឈ្នះការប្រកួត សញ្ជាតិអ៊ីតាលី Valentino Rossi បានសំដែងការសោកស្ដាយទាំងស្រក់ទឹកភ្នែកដោយនិយាយថា “ខ្ញុំ បានឃើញការប៉ះទង្គិចគ្នាតាមទូរទស្សន៍ខ្ញុំគិតថាគាត់ស្លាប់ហើយ ខ្ញុំពិតជាមានការសោកស្ដាយ ប៉ុន្ដែយើងត្រូវតែប្រណាំងដោយតាំងស្មារតី ” ៕
