ប្តី​ស្លាប់​ ប្រពន្ធ​រយះ​ខ្នង​ ចំណែក​កូនស្រី​ផុង​លលាដ៍ក្បាល​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​

ដោយ​ ៖ យ៉ាត&​ សណ្តោស|ថ្ងៃទី 26 មីនា 2012 ម៉ោង 10:35:45

​ខេត្តកណ្តាល​៖​ គ្រួសារ​ប្រកប​របរ​ដឹក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​មួយ​បាន​រងគ្រោះថ្នាក់​ដោយ​ប្តី​បាន​ស្លាប់​ នៅ​នឹង​កន្លែង​កើតហេតុ​,​ ប្រពន្ធ​រយះ​ឆ្អឹងខ្នង​ និង​កូនស្រី​ផុង​លលាដ៍ក្បាល​ដ៏​ធ្ងន់​ដែល​រហូត​មក​ដល់​ ពេល​នេះ​ មិន​ទាន់​ដឹង​ពី​វាសនា​យ៉ាងណា​នៅឡើយ​ បន្ទាប់​ពី​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ដោយសារ​រថយន្ត​បុក​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១២​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ត្រង់​ព្រំប្រទល់​សង្កាត់​ក្បាលកោះ​ និង​ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ចរាចរ​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង​ ភី​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ បាន​បើក​រ៉ឺ​ម៉ក​ម៉ាក​ សាន់​យ៉ា​ន់​ពណ៌​បៃតង​ អត់​ស្លាក​លេខ​១​គ្រឿង​ឌុ​ប​ប្រពន្ធ​ឈ្មោះ​ ទួន​ សុ​ភី​ អាយុ​៤១​ឆ្នាំ​ និង​កូនស្រី​ឡេ​ង​ ផា​នី​ អាយុ​១៨​ឆ្នាំ​ ព្រមទាំង​បន្លែ​ពេញ​រ៉ឺ​ម៉ក​ឆ្ពោះ​មក​លក់​នៅ​ភ្នំពេញ​។​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ទូ​យ៉ូ​តា​ មួយ​បាំង​កន្លះ​ ពាក់​ស្លាក​លេខ​ ញ​ ០៨៧៩​ ភព​២​ បើកបរ​ដោយ​ជន​ ស្រវឹង​ឈ្មោះ​ជូរ​ សុ​ធន់​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ត្នោត​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ បាន​រេ​ចង្កូត​ទៅ​បុក​ពេញទំហឹង​លើ​រ៉ឺ​ម៉ក​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​បុរស​ជា​ ប្តី​នៅ​នឹង​កន្លែង​កើតហេតុ​ ហើយ​និង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ ដឹង​ពី​វាសនា​ជន​រង​គ្រោះ​យ៉ាងណា​នៅឡើយ​។​

​ប្រភព​បាន​បន្ត​ថា​ ក្រោយ​កើតហេតុ​ អ្នក​បើករថយន្ត​មាន​បំណង​គេច​ចេញពី​កន្លែង​កើតហេតុ​ ប៉ុន្តែ​ ដោយសារ​រថយន្ត​ខូចខាត់​ខ្លាំង​ទើប​មិន​អាច​រត់​រួច​ ហើយ​អ្នកដំណើរ​ដែល​ឃើញ​ហេតុការណ៍​ក៏​បាន​ ចាប់​ក្របួច​.​ក​អាវ​អ្នកបើកបរ​រថយន្ត​ប្រគល់​ជូន​សមត្ថកិច្ច​៕