
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ជម្រុញឲ្យធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាមបន្តធ្វើអាជីកម្មនៅកម្ពុជាថែមទៀត
ដោយ ៖ សាគុណ ថ្ងៃទី 28 មីនា 2012ម៉ោង 17:26:35
ភ្នំពេញ៖ នៅក្នុងជួបជាមួយ ត្រាំ បាក់ហា ប្រធានធនាគារវិនិយោគ និងអភិវឌ្ឍវៀតណាម និងជា ប្រធានសមាគមអ្នកវិនិយោគវៀតណាមនៅកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី ២៨ មីនា ២០១២ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរ និងបានជម្រុញឲ្យធនាគារវិនិយោគ និងអភិវឌ្ឍនៃវៀតណាម (BIDV) ប្រឹងប្រែងបន្ថែមទៀត ដើម្បីជំ រុញការធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យនោះ ។
នៅក្នុងជំនួបនោះលោក ត្រាំ បាក់ហា បានជំរាបជូនលោឧបនាយករដ្ឋមន្ត្រីថា គោលបំណង នៃជំនួបនេះ គឺដើម្បីរាយការណ៍អំពីគម្រោងវិនិយោគមួយចំនួនរបស់វៀតណាមនៅកម្ពុជា ដូចជា ការដាក់សម្ពោធក្រុមហ៊ុនផលិតស្រូវនាំចេញ ការវិនិយោគលើវិស័យកសិកម្មក៏ដូចជាវិស័យ វារីអគ្គីស នី និងវិស័យផ្សេងៗទៀតផងដែរ ។
ក្នុងឆ្នាំ២០០៩ BIDV បានទិញយកធនាគារវិនិយោគរុងរឿង ដោយបានប្តូរឈ្មោះមកជាធនាគារ វិនិយោគ និងអភិវឌ្ឍកម្ពុជា(BIDC ) ដែលមកដល់ពេលបច្ចុប្បន្នមានដើមទុនចុះបញ្ជីចំនួន ៧០ លាន ដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើប្រតិបត្តិការជាមួយធនាគារពាណិជ្ជនៅកម្ពុជា។នៅឆ្នាំដដែល BIDV បានសហការជាមួយដៃគូមួយចំនួនបង្កើតក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា-វៀតណាម ដែលធ្វើប្រតិបត្តិ ការធានារ៉ាប់រងទូទៅនៅកម្ពុជា។នៅឆ្នាំ ២០១២ BIDV បានបង្កើតក្រុមហ៊ុនមូលបត្រកម្ពុជា-វៀតណាម ដែលធ្វើប្រតិបត្តិការជាអ្នកធានាទិញមូលបត្រ ពាណិជ្ជករមូលបត្រ ជើងសារមូលបត្រ និងប្រតិបត្តិការ ពាក់ព័ន្ធដទៃផ្សេងទៀត ៕
