
កិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១៦ សម្រេចឯកភាព ប្តេជ្ញារក្សាឲ្យបានកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចិរភាព និងស្ថេរភាពហិរញ្ញវត្ថុ
ដោយ ៖ សាគុណ ថ្ងៃទី 31 មីនា 2012ម៉ោង 10:31:11
ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងប្រទេសទាំង១០ និងអគ្គលេខាធិការអាស៊ាន ក្រោយពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ លើកទី១៦ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២នៅសណ្ឋាគារសូភីតែលភ្នំពេញ, លោកឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃកិច្ចប្រជុំបានថ្លែងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសអាស៊ានទាំង១០ រួមជាមួយទេសាភិបាលធនាគារកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កម្ពុជា ប្រ៊ុយណេ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី អនុប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុ អន្តរជាតិ តំណាងធនាគារពិភពលោក និងអគ្គលេខាធិការអាស៊ាន បានឯកភាពគ្នា និងប្តេជ្ញារក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាស្ថេរភាពហិរញ្ញវត្ថុ ទោះជាក្នុងបរិយាកាសពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចក៏ដោយ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា យើងបានផ្លាស់ប្តូរយោបល់ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ស្តីពីគោលនយោបាយ លើការវាយតម្លៃសភាពការណ៍សេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ ព្រមទាំងជម្រើសគោលនយោបាយដែល អាស៊ានត្រូវប្រកាន់យក ដើម្បីទប់ទល់នឹងសក្តានុពល នៃវិបត្តិដែលអាចជះមកពីតំបន់ផ្សេងៗ ។
លោកឧបនាយករដ្ឋមន្ត្រីបន្តទៀតថា យើងទាំងអស់គ្នាបានសម្តែងការពេញចិត្តនូវវឌ្ឍនភាពដែលបានទទួលកាលពីឆ្នាំមុន ក្នុងការធ្វើសមាហរណកម្មទីផ្សាររបស់យើងឲ្យកាន់តែស៊ីជម្រៅថែម ទៀត ស្របតាមផែនទីចង្អុរផ្លូវសម្រាប់សមាហរណកម្មរូបីយវត្ថុនិងហិរញ្ញវត្ថុអាស៊ាន ។ យើងបានប្តេជ្ញា នឹងធ្វើឲ្យសម្រេចបានតាមគោលដៅនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ។ យើងទាំងអស់គ្នា រំពឹងថា នឹងដាក់ឲ្យដំណើរការនូវមូលនិធិហេដ្ឋានរចនាសម្ព័ន្ធអាស៊ានក្នុងឆ្នាំនេះ ព្រមទាំងសម្ពោធដាក់ឲ្យដំណើរការគម្រោងតំបូងៗនៃកម្មវិធីធានាឥណទាននិងវិនិយោគ ។ យើងក៏សូមស្វាគមន៍ដល់ការសិក្សាដោយប្រទេសសមាជិកអាស៊ានបូកបី រាប់បញ្ចូលទាំងការសិក្សាស្តីពីយន្តការ ហិរញ្ញប្បទាន ក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធ និងមានភាពទន់ភ្លន់ក្នុងការធ្វើហិរញ្ញប្បទាន ក្នុងការធ្ចើហេដ្ឋារចនា សម្ព័ន្ធដោយប្រទេសមានការអភិវឌ្ឍតិចតួច ។ យើងមានសុទិដ្ឋិនិយមអំពីលទ្ធផលនៃការពង្រឹង យន្តការ គំនិតផ្តួចផ្តើមឈៀងមៃ ដែលអាចសម្រេចបាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានបូកបី នៅខែឧសភា ឆ្នាំ២០១២ខាងមុខ ។
ពាក់ព័ន្ធនឹងសេដ្ឋកិច្ចនិងបញ្ហាប្រឈមក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបថា យើងមានការពេញចិត្តចំពោះកំណើនសេដ្ឋកិច្ចក្នុងតំបន់របស់យើងដែលកើនឡើង ៤,៥% កាលពីឆ្នាំកន្លងទៅ ទោះបីជាលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកតឹងតែង ថ្លៃប្រេងឡើងខ្ពស់ និងលំហូរមូលធនប្រែប្រួលមិនទៀងទាត់ក៏ដោយ ។ សម្រាប់ឆ្នាំ២០១២នេះ យើងមានសុទិដ្ឋិនិយមសេដ្ឋកិច្ចក្នុងតំបន់មានស្ថេរភាព និងកំណើនតាមការព្យាករណ៍សេដ្ឋកិច្ចនិងមានកំណើនពី៥,៦% ទៅ ៦,៣%។ យើងទាំងអស់គ្នាក៏ទទួលស្គាល់ផងដែរ នូវហានិភ័យមួយចំនួនដែលអាចកើតមាន ឡើង និងអាច ធ្វើឲ្យមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ ដូចអតុល្យភាព សេដ្ឋកិច្ចពិភពលោក និងភាព មិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងតម្លៃប្រេងឡើងថ្លៃខ្ពស់និងភាពមិនប្រាកដប្រជានូវលំហូរទុន ។
យើងទាំងអស់គ្នាបន្តអនុវត្តន៍គោលនយោបាយ រូបិយវត្ថុ និងហិរញ្ញវត្ថុសមស្រប ដើម្បីធានានូវ កំណើនសេដ្ឋកិច្ច និងរក្សាឲ្យបាននូវស្ថេរភាពទីផ្សារហិរញ្ញវត្ថុ ។ ចំពោះគោលនយោបាយម៉ាក្រូ សេដ្ឋកិច្ច យើងអាចនឹងត្រូវធ្វើការកែសម្រូលទៅតាមសភាពការណ៍ជាក់ស្តែងនិងចាំបាច់ ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់ថា នៅថ្ងៃនេះយើងបានឯកភាពគ្នាបន្តជម្រុញការងារ របស់យើងក្នុងការធ្វើសមាហរណកម្មទីផ្សារហិរញ្ញវត្ថុក្នុងការសម្រេចឲ្យបានតាមគោលដៅក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ។ យើងក៏បានស្វាគមន៍ចំពោះការខិតខំរបស់ទេសាភិបាលធនាគារ កណ្តាលក្នុងការអភិវឌ្ឃក្របខ័ណ្ឌធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន រាប់បញ្ចូលទាំងប្រព័ន្ធទូទាត់ និងផាត់ទាត់ ។
យើងទទួលស្គាល់នូវសារៈសំខាន់នៃភាពរឹងមាំរបស់ទីផ្សារទុន ក្នុងការធានាបាននូវ ការប្រែប្រួលនៃលំហូរមូលធនក្នុងតំបន់ ។ យើងជម្រុញពន្លឿនការចរចាស្តីពីការធ្វើសេរីភាវូបនីយកម្ម សេវាហិរញ្ញវត្ថុដោយជម្រុញឲ្យក្រុមការងារបន្តធ្វើការជាមួយគ្នាឲ្យបានល្អ ដើម្បីឲ្យកញ្ចប់នៃការសន្យា កញ្ចប់ទី៦ សម្រេចបានក្នុងឆ្នាំ២០១៤ ។ យើងនឹងបន្តដោះស្រាយក្នុងការធ្វើសេរីភាវូបនីយកម្មគណ នេយ្យមូលធន ដែលជាផ្នែកមួយនៃការ ប្រមូលទុនក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របតាមគោលដៅនៃការបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ាន ។
ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងសមាហរណកម្មសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានជម្រាបថា យើងនឹងបន្តដាក់ចេញនូវវិធានការណ៍ច្បាស់លាស់ដើម្បីធ្វើឲ្យសមាហរណកម្ម សេដ្ឋកិច្ចនិងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុកាន់តែស៊ីជម្រៅលើយន្តការត្រួតពិនិត្យក្នុងតំបន់ ដាក់ឲ្យអនុវត្តន៍ មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន កិច្ចសហប្រតិបត្តិការផ្នែកគយ ពន្ធដារ និងធានារ៉ាប់រង ។
ក្នុងឱកាសនេះដែររដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានទាំងអស់ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគយថ្មី ដែលកិច្ចព្រមព្រៀងនេះនឹងបង្កើតប្រសិទ្ធភាពដល់ការផ្តល់សេវារបស់គយ ៕
