
ចាប់ប្ដីបញ្ជូនទៅតុលាការទុកឱ្យប្រពន្ធសាវារៀបការប្រុសថ្មី
ដោយ ៖ អ.សុផល ថ្ងៃទី 04 មេសា 2012ម៉ោង 15:12:30
ខេត្ដកំពង់ចាម ៖ កម្លាំងកងរាជអាវុធ ហត្ថខេត្ដកំពង់ចាម បានចាប់ខ្លួនបុរស ម្នាក់ឃុំខ្លួនអស់រយៈពេល៤ថ្ងៃ និងបាន រៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទជំរិតទារប្រាក់ ពីប្រពន្ធរបស់ខ្លួន ដែលត្រូវចូលរោងការ ជាមួយប្រុសថ្មី ។ តែបុរសរងគ្រោះបាន បញ្ជាក់ថា ខ្លួនសុំប្រាក់អាហារកិច្ចសម្រាប់ ចិញ្ចឹមកូនស្រីម្នាក់តែប៉ុណ្ណោះ ហើយ ការទាមទារប្រាក់នេះ គឺធ្វើនៅក្នុងសាលា ឃុំនៅចំពោះមុខអាជ្ញាធរមូលដ្ឋាននិង អាណាព្យាបាលរបស់ពួកគេទៀតផង ។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ នៅភូមិ ស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្ដកំពង់ចាម ។
បុរសរងគ្រោះឈ្មោះញឹក សុខខេង អាយុ២៦ឆ្នាំ មានទីលំនៅភូមិវាលតូច ឃុំសេដា ស្រុតំបែរ ខេត្ដកំពង់ចាម បាន ឱ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ ខ្លួនបានឮដំណឹងថា ប្រពន្ធរបស់ខ្លួនឈ្មោះ ឱក ចាន់ណា ត្រូវចូលរោងការជាមួយ ប្រុសថ្មីនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២។ ពេលដឹងដំណឹងនេះភ្លាម ខ្លួន និងម្ដាយ បានមកប្ដឹងមេឃុំសណ្ដែក ស្រុកបាធាយ ដែលជាស្រុកកំណើតខាងប្រពន្ធ និងជា កន្លែងរៀបអាពាហ៍ពិពាហ៍ ។
នៅវេលាម៉ោង១៤ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ ខ្លួន(សុខខេង)បានមកជួប ប្រពន្ធឱក ចាន់ណា ដោយមានកូនស្រី ជាមួយគ្នាពីមុន ក្នុងបំណងសុំប្រាក់ថ្លៃ ចិញ្ចឹមកូនតែប៉ុណ្ណោះ ។
សុខខេង បញ្ជាក់ថា ខ្លួនសុំទារប្រាក់ ១.២០០ដុល្លារ តែឱក ចាន់ណា បាន ប្រាប់ថា មានតែ៥០ម៉ឺនរៀលទេ ។ នៅក្នុង ការទាមទារនេះខ្លួនបានធ្វើឡើងនៅចំពោះ មុខមេភូមិ មេឃុំសណ្ដែក ស្រុកបាធាយ។
ដោយមិនត្រូវថ្លៃគ្នា លោកមេភូមិ បានហៅញឹក សុខខេង ឱ្យទៅដេកទីនោះ សិន ចាំលោកជួយសម្រួល ។ បន្ដិច ក្រោយមកស្រាប់តែមានកម្លាំងកងរាជ អាវុធហត្ថមកចាប់ខ្លួនបញ្ជូនមកទីបញ្ជា ការកងរាជអាវុធហត្ថខេត្ដកំពង់ចាម ឃុំ ខ្លួន២ថ្ងៃ ទើបបញ្ជូនទៅសាលាដំបូងខេត្ដ សាកសួរ និងឃុំខ្លួននៅកន្លែងដដែល២ ថ្ងៃទៀត ទើបលោករៀល សុភិន តំណាង អយ្យការអមសាលាដំបូងខេត្ដកំពង់ចាម ចេញដីកាដោះលែងឱ្យមានសេរីភាព លេខ២៧២ព.ស ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១២ ដោយលោកបញ្ជាក់ថា ឈ្មោះ ញឹក សុខខេង ពុំបានប្រព្រឹត្ដអំពើដូច ដែលចោទប្រកាន់របស់ឈ្មោះសុខ ភីប៊ុន (ម្ដាយក្មេក)មកលើឱក ចាន់ណា នោះទេ។ ពុំមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទ ប្រកាន់តាមផ្លូវគតិយុត្ដិ ។
ជនរងគ្រោះញឹក សុខខេង បានបញ្ជាក់ ថា ខ្លួនមកប្ដឹងអាជ្ញាធរមូលដ្ឋានឱ្យបញ្ឈប់ ការរៀបអាពាហ៍ពិពាហ៍ ឬបើចង់រៀប ការត្រូវឱ្យអាហារកិច្ចជាទឹកប្រាក់១.២០០ ដុល្លារសម្រាប់ចិញ្ចឹមកូនស្រីឈ្មោះលី លី ដែលទើបមានអាយុ៣ឆ្នាំប៉ុណ្ណោះ តែ អាជ្ញាធរមិនរកយុត្ដិធម៌ឱ្យខ្លួន បែរជាចោទ ប្រកាន់ខ្លួនថា ជំរិតទារប្រាក់ និងចាប់ឃុំ ខ្លួនអស់រយៈពេល៤ថ្ងៃ បណ្ដោយឱ្យស្រីថ្លៃ រៀបការចោលខ្លួន និងកូនស្រីបណ្ដូលចិត្ដ ទៅវិញ ។ នៅពេលនេះខ្លួនមិនបានប្រាក់ អាហារកិច្ចសូម្បីតែមួយរៀល ហើយ ថែមទាំងត្រូវចាប់ខ្លួនទៀត តើយុត្ដិធម៌ នៅឯណា?
ញឹក សុខខេង បានរៀបរាប់ប្រវត្ដិ ស្នេហារបស់ខ្លួន និងប្រពន្ធឱក ចាន់ណា ថា នៅឆ្នាំ២០០៨ កញ្ញាឱក ចាន់ណា មានទីលំនៅភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្ដកំពង់ចាម បានមក ធ្វើចម្ការដំឡូងមីនៅភូមិកំប្រឺស ឃុំ ត្រញំងព្រីង ស្រុកតំបែរ ខេត្ដកំពង់ចាម។
នៅពេលនោះម្ដាយនាងចាន់ណា បាន ជួលខ្លួនធ្វើជាកម្មករដាំដំឡូងអស់រយៈ ពេល៤-៥ខែ ខ្លួន(ញឹក សុខខេង) និង កញ្ញាឱក ចាន់ណា បានស្រឡាញ់គ្នា ដើរ លេងជាមួយគ្នានៅពេលចូលឆ្នាំខ្មែរ និង បុណ្យភ្ជុំបិណ្ឌ ដែលពេលខ្លះទៅស្រុកខាង នាង ចាន់ណា ពេលខ្លះដើរលេងទៅស្រុក តំបែរ រហូតអ្នកទាំង២ក្លាយជាប្ដីប្រពន្ធ ដោយមិនបានរៀបការ ។
លោកបន្ដទៀតថា នៅឆ្នាំ២០០៩ អ្នកទាំង២បានកូនស្រីម្នាក់ឈ្មោះលី លី ហើយពួកខ្លួនទាំង២បានសុំម្ដាយឪពុកទៅ ធ្វើចម្ការនៅស្រុកស្នួល ខេត្ដក្រចេះ ។ ក្រោយមកម្ដាយក្មេកខ្លួនឈ្មោះសុខ ភីប៊ុន បានទូរស័ព្ទប្រាប់ឱ្យពួកខ្លួនទៅធ្វើការនៅ ប្រទេសថៃ ។ ពួកខ្លួនបានមកដល់ដីថៃ ធ្វើជាកម្មករបកបង្គានៅទីនោះបានមួយ រយៈ ឪពុកខ្លួនឈឺស្លាប់ ខ្លួន(ញឹក សុខ ខេង) បានត្រឡប់មកស្រុកតំបែរធ្វើ បុណ្យឱ្យឪពុក និងជួយមើលការខុសត្រូវ នៅផ្ទះ ព្រោះខ្លួនជាកូនច្បង ។
លោកញឹក សុខខេង បន្ដទៀតថា បន្ទាប់មកខ្លួនក៏ទូរស័ព្ទទៅប្រពន្ធនៅ ស្រុកថៃ រួចក៏ទៅតាម តែពេលទៅដល់ ប្រទេសថៃ ខ្លួនទាក់ទងនាងលែងបាន ព្រោះទូរស័ព្ទមិនចូល ក៏តាមរកពីកន្លែង មួយទៅកន្លែងមួយ នៅតែរកមិនឃើញ ក៏ត្រឡប់មកមើលថែកូននៅស្រុកតំបែរ វិញ ។ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១២ ខ្លួនទទួលដំណឹងរន្ធត់មួយថា ប្រពន្ធនឹងរៀបការជាមួយប្រុសថ្មី នៅ ស្រុកបាធាយខ្លួនក៏ទៅតាមសួរ តែប្រពន្ធ ប្រកែកមិនទទួលយកខ្លួនជាប្ដីទេ ។ ដោយ អស់សង្ឃឹមខ្លួនក៏ប្ដឹងមេឃុំសណ្ដែកទាម ទារ អាហារកិច្ចពីប្រពន្ធ ដើម្បីចិញ្ចឹមកូន ក៏ត្រូវម្ដាយនាងប្ដឹងថា ជំរិតទារប្រាក់ ហើយឱ្យមន្ដ្រីកងរាជអាវុធហត្ថដែល យាមរោងការចាប់ខ្លួន ។
បុរសអភ័ព្វបានបញ្ជាក់ថា មន្ដ្រីកង រាជអាវុធហត្ថដែលយាមរោងការនោះ ចាប់ខ្លួន ព្រោះខ្លាចខ្លួនអុកឡុករោងការ ទុកឱ្យប្រពន្ធខ្លួនរៀបការជាមួយប្រុសថ្មី ចោលខ្លួននិងកូនស្រី តើមន្ដ្រីកងរាជ អាវុធហត្ថឃុំខ្លួន៤ថ្ងៃនេះត្រឹមត្រូវឬទេ? តើច្បាប់ផ្ដន្ទាទោសអាវុធហត្ថនោះឬទេ?
ក្នុងករណីបំពានខាងលើនេះជនរង គ្រោះញឹក សុខខេង បានមកពឹងពាក់អង្គ ការអាដហុកខេត្ដកំពង់ចាមឱ្យជួយដល់ ខ្លួនផង ។
លោកនាង សុវ៉ាត ប្រធានសមាគម អាដហុកប្រចាំខេត្ដកំពង់ចាម បានឱ្យ ដឹងថា មុនពេលរៀបការ ប្ដី(ញឹក សុខ ខេង) បានប្ដឹងអាជ្ញាធរមុនហើយ ដូច្នេះ គួរតែអាជ្ញាធរហាមឃាត់មង្គលការ មិនគួរប្រើអំណាចចាប់ប្ដីទុកឱ្យប្រពន្ធបាន រៀបការនោះទេ ។ ម្យ៉ាងទៀតមន្ដ្រីកង រាជអាវុធហត្ថជាតម្រួតប្រដាប់អាវុធ មិនគួរដើរយាមរោងការនោះទេ ហើយ ការប្រើអំណាចរបស់សមត្ថកិច្ចទាំងនោះ ចាប់ប្ដីនេះវាមិនត្រឹមត្រូវឡើយ ។
ក្នុងរឿងនេះលោកនឹងតាមឃ្លាំមើល តទៅទៀត តើការប្រព្រឹត្ដរបស់អាវុធ ហត្ថនេះត្រូវផ្ដន្ទាទោស ឬពិន័យយ៉ាងណា? ៕
