ចាប់​ប្ដី​បញ្ជូន​ទៅ​តុលាការ​ទុក​​ឱ្យ​ប្រពន្ធ​សាវា​រៀប​ការ​ប្រុស​ថ្មី​

ដោយ​ ៖ អ.សុផល ថ្ងៃទី 04 មេសា 2012ម៉ោង 15:12:30

​​ខេត្ដកំពង់ចាម​ ៖​ កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដកំពង់ចាម​ បាន​ចាប់ខ្លួន​បុរស​ ម្នាក់​ឃុំខ្លួន​អស់​រយៈពេល​៤​ថ្ងៃ​ និង​បាន​ រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ ដោយ​ចោទប្រកាន់​ពី​បទ​ជំរិត​ទារប្រាក់​ ពី​ប្រពន្ធ​របស់​ខ្លួន​ ដែល​ត្រូវ​ចូល​រោងការ​ ជាមួយ​ប្រុស​ថ្មី​ ។​ តែ​បុរស​រង​គ្រោះ​បាន​ បញ្ជាក់​ថា​ ខ្លួន​សុំ​ប្រាក់​អាហារកិច្ច​សម្រាប់​ ចិញ្ចឹម​កូនស្រី​ម្នាក់​តែ​ប៉ុណ្ណោះ​ ហើយ​ ការ​ទាមទារ​ប្រាក់​នេះ​ គឺ​ធ្វើ​នៅ​ក្នុង​សាលា​ ឃុំ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​មូលដ្ឋាន​និង​ អាណាព្យាបាល​របស់​ពួក​គេ​ទៀត​ផង​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១២​ នៅ​ភូមិ​ ស្វាយព្រៃ​ ឃុំ​សណ្ដែក​ ស្រុក​បា​ធា​យ​  ខេត្ដកំពង់ចាម​ ។​
​បុរស​រង​គ្រោះ​ឈ្មោះ​ញឹក​ សុខ​ខេ​ង​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វាល​តូច​ ឃុំ​សេ​ដា​ ស្រុ​តំបែរ​ ខេត្ដកំពង់ចាម​ បាន​ ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១២​ ខ្លួន​បានឮ​ដំណឹង​ថា​ ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ​ ឱ​ក​ ចាន់​ណា​ ត្រូវ​ចូល​រោងការ​ជាមួយ​ ប្រុស​ថ្មី​នៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១២​។​ ពេល​ដឹង​ដំណឹង​នេះ​ភ្លាម​ ខ្លួន​ និង​ម្ដាយ​ បាន​មក​ប្ដឹង​មេឃុំ​សណ្ដែក​ ស្រុក​បា​ធា​យ​ ដែល​ជា​ស្រុក​កំណើត​ខាង​ប្រពន្ធ​ និង​ជា​ កន្លែង​រៀប​អាពាហ៍ពិពាហ៍​ ។​

​នៅ​វេលា​ម៉ោង​១៤​ ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១២​ ខ្លួន​(​សុខ​ខេ​ង​)​បាន​មក​ជួប​ ប្រពន្ធ​ឱ​ក​ ចាន់​ណា​ ដោយ​មានកូន​ស្រី​ ជាមួយ​គ្នា​ពី​មុន​ ក្នុង​បំណង​សុំ​ប្រាក់​ថ្លៃ​ ចិញ្ចឹម​កូន​តែ​ប៉ុណ្ណោះ​ ។​

​សុខ​ខេ​ង​ បញ្ជាក់​ថា​ ខ្លួន​សុំ​ទារប្រាក់​ ១.២០០​ដុល្លារ​ តែ​ឱ​ក​ ចាន់​ណា​ បាន​ ប្រាប់​ថា​ មាន​តែ​៥០​ម៉ឺន​រៀល​ទេ​ ។​ នៅ​ក្នុង​ ការ​ទាមទារ​នេះ​ខ្លួន​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​ មុខ​មេ​ភូមិ​ មេឃុំ​សណ្ដែក​ ស្រុក​បា​ធា​យ​។​

​ដោយ​មិន​ត្រូវ​ថ្លៃ​គ្នា​ លោក​មេ​ភូមិ​ បាន​ហៅ​ញឹក​ សុខ​ខេ​ង​ ឱ្យទៅ​ដេក​ទីនោះ​ សិន​ ចាំ​លោក​ជួយ​សម្រួល​ ។​ បន្ដិច​ ក្រោយមក​ស្រាប់តែ​មាន​កម្លាំង​កង​រាជ​ អាវុធហត្ថ​មក​ចាប់ខ្លួន​បញ្ជូន​មក​ទី​បញ្ជា​ ការ​កងរាជអាវុធហត្ថ​ខេត្ដកំពង់ចាម​ ឃុំ​ ខ្លួន​២​ថ្ងៃ​ ទើប​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ សាកសួរ​ និង​ឃុំខ្លួន​នៅ​កន្លែង​ដដែល​២​ ថ្ងៃ​ទៀត​ ទើប​លោក​រៀល​ សុ​ភិន​ តំណាង​ អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ចាម​ ចេញ​ដីកា​ដោះ​លែងឱ្យ​មាន​សេរីភាព​ លេខ​២៧២​ព​.​ស​ ចុះ​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​ ២០១២​ ដោយ​លោក​បញ្ជាក់​ថា​ ឈ្មោះ​ ញឹក​ សុខ​ខេ​ង​ ពុំ​បាន​ប្រព្រឹត្ដ​អំពើ​ដូច​ ដែល​ចោទប្រកាន់​របស់​ឈ្មោះ​សុខ​ ភី​ប៊ុ​ន​  (​ម្ដាយក្មេក​)​មក​លើ​ឱ​ក​ ចាន់​ណា​ នោះ​ទេ​។​ ពុំ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ ប្រកាន់​តាម​ផ្លូវ​គតិយុត្ដិ​ ។​

​ជន​រង​គ្រោះ​ញឹក​ សុខ​ខេ​ង​ បាន​បញ្ជាក់​ ថា​ ខ្លួន​មក​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បញ្ឈប់​ ការ​រៀប​អាពាហ៍ពិពាហ៍​ ឬ​បើ​ចង់​រៀប​ ការ​ត្រូវ​ឱ្យ​អាហារកិច្ច​ជា​ទឹកប្រាក់​១.២០០​ ដុល្លារ​សម្រាប់​ចិញ្ចឹម​កូនស្រី​ឈ្មោះ​លី​ លី​ ដែល​ទើប​មាន​អាយុ​៣​ឆ្នាំ​ប៉ុណ្ណោះ​ តែ​ អាជ្ញាធរ​មិន​រក​យុត្ដិធម៌​ឱ្យ​ខ្លួន​ បែរជា​ចោទ​ ប្រកាន់ខ្លួន​ថា​ ជំរិត​ទារប្រាក់​ និង​ចាប់​ឃុំ​ ខ្លួន​អស់​រយៈពេល​៤​ថ្ងៃ​ បណ្ដោយ​ឱ្យ​ស្រី​ថ្លៃ​ រៀប​ការ​ចោល​ខ្លួន​ និង​កូនស្រី​បណ្ដូលចិត្ដ​ ទៅ​វិញ​ ។​ នៅ​ពេល​នេះ​ខ្លួន​មិន​បាន​ប្រាក់​ អាហារកិច្ច​សូ​ម្បី​តែ​មួយ​រៀល​ ហើយ​ ថែម​ទាំង​ត្រូវ​ចាប់ខ្លួន​ទៀត​ តើ​យុត្ដិធម៌​ នៅឯណា​?

​ញឹក​ សុខ​ខេ​ង​ បាន​រៀបរាប់​ប្រវត្ដិ​ ស្នេហា​របស់​ខ្លួន​ និង​ប្រពន្ធ​ឱ​ក​ ចាន់​ណា​ ថា​ នៅ​ឆ្នាំ​២០០៨​ កញ្ញា​ឱ​ក​ ចាន់​ណា​ មាន​ទីលំនៅ​ភូមិ​ស្វាយព្រៃ​ ឃុំ​សណ្ដែក​ ស្រុក​បា​ធា​យ​ ខេត្ដកំពង់ចាម​ បាន​មក​ ធ្វើ​ចម្ការ​ដំឡូង​មី​នៅ​ភូមិ​កំ​ប្រឺ​ស​ ឃុំ​ ត្រ​ញំ​ង​ព្រីង​ ស្រុក​តំបែរ​ ខេត្ដកំពង់ចាម​។​
​នៅ​ពេល​នោះ​ម្ដាយ​នាង​ចាន់​ណា​ បាន​ ជួល​ខ្លួន​ធ្វើ​ជា​កម្មករ​ដាំដំឡូង​អស់​រយៈ​ ពេល​៤-៥​ខែ​ ខ្លួន​(​ញឹក​ សុខ​ខេ​ង​)​ និង​ កញ្ញា​ឱ​ក​ ចាន់​ណា​ បាន​ស្រឡាញ់​គ្នា​ ដើរ​ លេង​ជាមួយ​គ្នា​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ និង​ បុណ្យ​ភ្ជុំបិណ្ឌ​ ដែល​ពេល​ខ្លះទៅ​ស្រុក​ខាង​ នាង​ ចាន់​ណា​ ពេល​ខ្លះ​ដើរ​លេង​ទៅ​ស្រុក​ តំបែរ​ រហូត​អ្នក​ទាំង​២​ក្លាយជា​ប្ដី​ប្រពន្ធ​ ដោយ​មិន​បាន​រៀប​ការ​ ។​

​លោក​បន្ដ​ទៀត​ថា​ នៅ​ឆ្នាំ​២០០៩​ អ្នក​ទាំង​២​បានកូន​ស្រី​ម្នាក់​ឈ្មោះ​លី​ លី​ ហើយ​ពួក​ខ្លួន​ទាំង​២​បាន​សុំ​ម្ដាយ​ឪពុក​ទៅ​ ធ្វើ​ចម្ការ​នៅ​ស្រុក​ស្នួល​ ខេត្ដក្រចេះ​ ។​ ក្រោយមក​ម្ដាយក្មេក​ខ្លួន​ឈ្មោះ​សុខ​ ភី​ប៊ុ​ន​ បាន​ទូរស័ព្ទ​ប្រាប់​ឱ្យ​ពួក​ខ្លួន​ទៅ​ធ្វើការ​នៅ​ ប្រទេស​ថៃ​ ។​ ពួក​ខ្លួន​បាន​មក​ដល់​ដី​ថៃ​ ធ្វើ​ជា​កម្មករ​បក​បង្គា​នៅ​ទីនោះ​បាន​មួយ​ រយៈ​ ឪពុក​ខ្លួន​ឈឺ​ស្លាប់​ ខ្លួន​(​ញឹក​ សុខ​ ខេ​ង​)​ បាន​ត្រឡប់​មក​ស្រុក​តំបែរ​ធ្វើ​ បុណ្យ​ឱ្យ​ឪពុក​ និង​ជួយ​មើល​ការ​ខុស​ត្រូវ​ នៅផ្ទះ​ ព្រោះ​ខ្លួន​ជា​កូនច្បង​ ។​

​លោក​ញឹក​ សុខ​ខេ​ង​ បន្ដ​ទៀត​ថា​ បន្ទាប់​មក​ខ្លួន​ក៏​ទូរស័ព្ទ​ទៅ​ប្រពន្ធ​នៅ​ ស្រុក​ថៃ​ រួច​ក៏​ទៅ​តាម​ តែ​ពេល​ទៅ​ដល់​ ប្រទេស​ថៃ​ ខ្លួន​ទាក់ទង​នាង​លែង​បាន​ ព្រោះ​ទូរស័ព្ទ​មិន​ចូល​ ក៏​តាម​រក​ពី​កន្លែង​ មួយ​ទៅ​កន្លែង​មួយ​ នៅ​តែ​រក​មិនឃើញ​ ក៏​ត្រឡប់​មក​មើលថែ​កូន​នៅ​ស្រុក​តំបែរ​ វិញ​ ។​ រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​ ២០១២​ ខ្លួន​ទទួល​ដំណឹង​រន្ធត់​មួយ​ថា​ ប្រពន្ធ​នឹង​រៀប​ការ​ជាមួយ​ប្រុស​ថ្មី​ នៅ​ ស្រុក​បា​ធា​យ​ខ្លួន​ក៏​ទៅ​តាម​សួរ​ តែ​ប្រពន្ធ​ ប្រកែក​មិន​ទទួលយក​ខ្លួន​ជា​ប្ដី​ទេ​ ។​ ដោយ​ អស់សង្ឃឹម​ខ្លួន​ក៏​ប្ដឹង​មេឃុំ​សណ្ដែក​ទាម​ ទារ​ អាហារកិច្ច​ពី​ប្រពន្ធ​ ដើម្បី​ចិញ្ចឹម​កូន​ ក៏​ត្រូវ​ម្ដាយ​នាង​ប្ដឹង​ថា​ ជំរិត​ទារប្រាក់​ ហើយ​ឱ្យ​មន្ដ្រី​កងរាជអាវុធហត្ថ​ដែល​ យាម​រោងការ​ចាប់ខ្លួន​ ។​

​បុរស​អភ័ព្វ​បាន​បញ្ជាក់​ថា​ មន្ដ្រី​កង​ រាជ​អាវុធហត្ថ​ដែល​យាម​រោងការ​នោះ​ ចាប់ខ្លួន​ ព្រោះ​ខ្លាច​ខ្លួន​អុកឡុក​រោងការ​ ទុក​ឱ្យ​ប្រពន្ធ​ខ្លួន​រៀប​ការ​ជាមួយ​ប្រុស​ថ្មី​ ចោល​ខ្លួន​និង​កូនស្រី​ តើ​មន្ដ្រី​កង​រាជ​ អាវុធហត្ថ​ឃុំខ្លួន​៤​ថ្ងៃនេះ​ត្រឹមត្រូវ​ឬទេ​?​ តើ​ច្បាប់​ផ្ដន្ទាទោស​អាវុធហត្ថ​នោះ​ឬទេ​?
​ក្នុង​ករណី​បំពាន​ខាងលើ​នេះ​ជន​រង​ គ្រោះ​ញឹក​ សុខ​ខេ​ង​ បាន​មក​ពឹងពាក់​អង្គ​ ការ​អា​ដ​ហុ​ក​ខេត្ដកំពង់ចាម​ឱ្យ​ជួយ​ដល់​ ខ្លួន​ផង​ ។​
​លោក​នាង​ សុ​វ៉ា​ត​ ប្រធាន​សមាគម​ អា​ដ​ហុ​ក​ប្រចាំ​ខេត្ដកំពង់ចាម​ បានឱ្យ​ ដឹង​ថា​ មុន​ពេល​រៀប​ការ​ ប្ដី​(​ញឹក​ សុខ​ ខេ​ង​)​ បាន​ប្ដឹង​អាជ្ញាធរ​មុន​ហើយ​ ដូច្នេះ​ គួរតែ​អាជ្ញាធរ​ហាមឃាត់​មង្គលការ​ មិន​គួរ​ប្រើ​អំណាច​ចាប់​ប្ដី​ទុក​ឱ្យ​ប្រពន្ធ​បាន​ រៀប​ការ​នោះ​ទេ​ ។​ ម្យ៉ាងទៀត​មន្ដ្រី​កង​ រាជ​អាវុធហត្ថ​ជា​តម្រួត​ប្រដាប់​អាវុធ​ មិន​គួរ​ដើរ​យាម​រោងការ​នោះ​ទេ​ ហើយ​ ការ​ប្រើ​អំណាច​របស់​សមត្ថកិច្ច​ទាំងនោះ​ ចាប់​ប្ដី​នេះ​វា​មិន​ត្រឹមត្រូវ​ឡើយ​ ។​

​ក្នុង​រឿង​នេះ​លោក​នឹង​តាម​ឃ្លាំមើល​ តទៅ​ទៀត​ តើ​ការ​ប្រព្រឹត្ដ​របស់​អាវុធ​ ហត្ថ​នេះ​ត្រូវ​ផ្ដន្ទាទោស​ ឬ​ពិន័យ​យ៉ាង​ណា​?​ ៕