
សិស្សវិទ្យាល័យព្រះមុនីវង្សម្នាក់ ជាប់សង្ស័យគាស់ទូរមាសយកគ្រឿង អលង្ការនិងប្រាក់
ដោយ ៖ គឹម សុខជា ថ្ងៃទី 05 មេសា 2012ម៉ោង 10:35:15
ខេត្ដបាត់ដំបង ៖ យុវជនជាសិស្ស វិទ្យាល័យព្រះមុនីវង្ស ត្រូវកម្លាំងកងរាជ អាវុធហត្ថចាប់ខ្លួន ក្រោយពីបានលួច គាស់ទូរមាស ហើយប្រមូលយកគ្រឿង អលង្ការនិងប្រាក់មួយចំនួនកាលពីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ ។
លោកអនុសេនីយ៍ទោ សំ វីឡុង មេបញ្ជាការរងទទួលផែនយុត្ដិធម៌ក្រុងបាត់ ដំបងបានឱ្យដឹងថា ជនសង្ស័យត្រូវបាន ឃាត់ខ្លួនឈ្មោះ កែវ បុរី ហៅណី អាយុ ២២ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យព្រះ មុនីវង្ស ថ្នាក់ទី១០A បច្ចុប្បន្នរស់នៅ ភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងខេត្ដ បាត់ដំបង ។ លោកបានបញ្ជាក់ថា នៅ ពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញ និងដកហូតបានញញួរ១ ដង្កាប់ដងក្រហម ១ ដង្កាប់ចុងស្រួច១ ទួលឺវីស១ រណា២ ដែកសំប៉ែត២ និងសម្ភារមួយចំនួនទៀត ដែលគេដឹងថា ជារបស់ម្ចាស់តូបលក់ មាស រួមមាន ទូរដែក១ អត្ដសញ្ញាណ បណ្ណ១សន្លឹក សៀវភៅគ្រយសារ១ក្បាល បណ្ណគ្រួសារ១ក្បាល សៀវភៅស្នាក់នៅ ១ក្បាល សំបុត្រកំណើត៥សន្លឹក លិខិត ផ្ទេរសិទ្ធិកម្មកាប់ដី២សន្លឹក ។
មន្ដ្រីដដែលបានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីម្ចាស់ទូរមាស ឈ្មោះ គួច ឈាងគាវ បានប្ដឹងមកសមត្ថ កិច្ច ហើយជនសង្ស័យត្រូវបានឃាត់ខ្លួន នៅវេលាម៉ោងនិងថ្ងៃខាងលើ ក្នុងបន្ទប់ ផ្ទះសំណាក់យីហោ វីធូ ស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតន ក្រុងបាត់ដំបង ។ ក្រោយ ពីឃាត់ខ្លួននៅព្រឹកថ្ងៃទី៥ ខែមេសា នឹង ត្រូវបញ្ជូនទៅតុលាការ ។
លោកអនុសេនីយ៍ទោ សំ វីឡុង បាន ឱ្យដឹងទៀតថា ក្រៅពីវត្ថុតាងធ្វើសកម្ម ភាព សមត្ថកិច្ចបានដកហូតប្រាក់រៀល ចំនួន ៣.៦៣១.០០០រៀល, ប្រាក់ដុល្លារ ២២៧ដុល្លារ, ប្រាក់បាត៥ពាន់បាត, ក្នុង នោះស្លាកដៃ១ខែ ខ្សែ.ក២ខ្សែ បន្ដោង២ ក្រវិល១គូ ចិញ្ចៀន១ នាឡិកា១គ្រឿង និងកាបូបពណ៌ខ្មៅ១ ។
យុវជនជាប់សង្ស័យ កែវ បូរី បាន សារភាពថា ទ្រព្យសម្បត្ដិដែលខ្លួនបាន យកពីក្នុងទូរដែកមានប្រាក់រៀលចំនួន ៤លានរៀល ប្រាក់ដុល្លារ៣០០ដុល្លារ ប្រាក់បាត៦ពាន់បាត គ្រឿងអលង្ការមាន ខ្សែដៃ១ខ្សែ, ខ្សែ.ក១ខ្សែ ចិញ្ចៀន១វង់ ក្រវិល១គូ ទូរស័ព្ទដៃ១គ្រឿង នាឡិកា១ អត្ដសញ្ញាណបណ្ណ រួមជាមួយឯកសារ ផ្សេងទៀត ។
អ្នកស្រី គួច ឈាងគាវ ហៅមុំ ជា ម្ចាស់តូប លក់បន្លែបានប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្ដិដែលខ្លួនបានបាត់ នៅក្នុងទូរដែក ដែលដាក់នៅក្នុងតូប លក់បន្លែ រួមមានប្រាក់រៀលចំនួន១១ លានរៀល, ប្រាក់ដុល្លារ៤០០ដុល្លារ, ប្រាក់បាត៧ពាន់បាត, ខ្សែដៃបា្លទីន១ខែ, ទម្ងន់១ដំឡឹង, ខ្សែ.ក បា្លទីន២ខែ ទម្ងន់ ២ជីកន្លះ, ក្រវិលបា្លទីន ១គូតម្លៃ ១.៥០០ បាត, ចិញ្ចៀនបា្លកទីន១វង់ (មិនចាំ ទម្ងន់) នាឡិការដៃស្រី១គ្រឿង, ឯកសារ ពាក់ព័ន្ធប្លង់ផ្ទះមួយចំនួនធំផងដែរ ។
លោកសំ វីឡុង បានឱ្យដឹងដែរថា បើ យោងតាមបណ្ដឹងម្ចាស់តូបលក់បន្លែ នៅផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែក មហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ ដំបង អ្នកស្រីគួច ឈាងគាវ ហៅមុំ បានរៀបរាប់ឱ្យដឹងថា នៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ គាត់ពុំបាននៅកន្លែងលក់ដូរនោះទេ ដោយ បិទទ្វារហើយទៅសែនផ្នូរ ។ លុះពេល ត្រឡប់មកវិញ ក៏ឃើញតូបរបស់គាត់ មានសភាពរប៉ាត់រប៉ាយ ហើយនៅពេល ចូលទៅមើល ក៏បាត់ទូរដែកតែម្ដង ។
មេបញ្ជាការរងបានឱ្យដឹងដែរថា សម្ភារៈនិងមាសប្រាក់ដែលសមត្ថកិច្ច រឹបអូសបានពីជនសង្ស័យបានប្រគល់ឱ្យ ម្ចាស់ដើមវិញ រីឯជនជាប់សង្ស័យត្រូវ បានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
