
គណៈបញ្ជាការសមរភូមិមុខទិសព្រំដែនកម្ពុជា-ថៃ រៀបចំការសំដែងសិល្បៈនិងប្រគំតន្ដ្រីជូនវីរយុទ្ធជនតំបន់ព្រំដែនទិសប្រាសាទព្រះវិហារ
ដោយ ៖ សហការី ថ្ងៃទី 05 មេសា 2012ម៉ោង 16:10:31
ខេត្ដព្រះវិហារៈ ខណៈដែលពិធីីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ ក្នុងពេលដ៍ខ្លីខាងមុខនេះ គណៈបញ្ជាការសមរភូមិមុខទិសព្រំដែនកម្ពុជា-ថៃ បានរៀបចំ ឱ្យមានការសំដែងសិល្បៈ និងការប្រគំតន្ដ្រីនានា ជូនដល់វីរយុទ្ធជនឈរជើងនៅតំបន់ព្រំដែនទិសប្រាសាទព្រះវិហារឱ្យមានការសប្បាយរីករាយ ។
ដំណើរការរៀបចំពិធីសំដែងបានប្រព្រឹត្ដិទៅនៅជំរុំយុវជនសម្ដេចតេជោហ៊ុន សែន ស្ថិត ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ក្រោមការជួយឧបត្ថម្ភរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជា នាយសេនាធិការចំរុះកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំការរៀបចំប្រគំតន្ដ្រីនេះបាន បញ្ជាក់ឱ្យដឹងថា នេះជាឆ្នាំទី២ហើយដែលគណៈបញ្ជាការសមរភូមិមុខ បានរៀបចំឱ្យមាន ការសំដែងសិល្បៈ និងការរាំកំសាន្ដនេះឡើងដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់វីរកងទ័ពនៅសមរភូមិមុខនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
នាយឧត្ដមសេនីយ៍បានបន្ដថា ចាប់តាំងពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ៦ មេសា យើងបានឱ្យបេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រលងទាំងចំរៀងបូរាណ និងសម័យ ធ្វើការប្រលង ដើម្បីជំរះុ ហើយបេក្ខជន និងបេក្ខនារីដែលនៅសល់ពីការជំរុះ នឹងត្រូវធ្វើការប្រលងផ្ដាច់ព្រាត់នៅក្នុងឱកាសចូលឆ្នាំខ្មែរ។
នាយឧត្ដមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ៖ បើទោះបីឆ្នាំនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានកិច្ចមមាញឹកនៅក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានក៍ដោយ ក៍សម្ដេចនិងលោកជំទាវ មិនភ្លេចដល់សុខទុក្ខកងទ័ពនៅសមរភូមិមុខដែលបានបំពេញកិច្ចការជាច្រើនប្រកបដោយការធ្វើពលិកម្ម នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិឱ្យមានការសប្បាយដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរ ៕
