
អេស៊ីលីដាគ្រោងពង្រីកខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា
ដោយ ៖ វឌ្ឍនា ថ្ងៃទី 10 មេសា 2012ម៉ោង 10:10:12
ភ្នំពេញៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជនាំមុខក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុនោះបាននិងកំពុងបន្តពង្រីកនិងបោះជំហានទៅមុខជាលំដាប់។ ឆ្នាំ២០១៣ ធនាគារមួយនេះគ្រោងនឹងពង្រីកខ្លួនឲ្យកាន់តែធំបន្ថែមទៀត គឺការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការ ពង្រីកបណ្តាញប្រតិបត្តិការប្រកបដោយជោគជ័យនៅកម្ពុជា និងប្រទេសឡាវ។
គម្រោងនេះត្រូវបាន ប្រកាសដោយនាយកប្រតិបត្តិធនាគារអេស៊ីលីដា ក្រោយពីដំណើរទស្សនកិច្ចសិក្សារបស់មន្ត្រីថ្នាក់ដឹកនាំសំខាន់ៗរបស់ធនាគារកណ្តាលនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា នៅធនាគារជាតិនៃកម្ពុជា និងធនាគារអេស៊ីលីដា។
លោក អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានថ្លែងថា ការធ្វើដំណើរទស្សនកិច្ចសិក្សានេះត្រូវបានធ្វើឡើងបន្ទាប់ពីច្បាប់ធនាគារនៅកម្ពុជាក្នុងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោម៥០ប្រទេស។ លោកបន្តទៀតថា អ្វីដែលជាប្រការសំខាន់ដែរនោះគឺដើម្បីសិក្សាអំពីភាពជោគជ័យរបស់ធនាគារអេស៊ីលីដាភីអិលស៊ី និងជាធនាគារគំរូក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុទៅគ្រប់មជ្ឈដ្ឋានទាំងសហគ្រាសធុនតូចបំផុត ធុនតូច ធុនមធ្យម និងបានបើកបម្រើសេវាកម្មទំនើបទាន់សម័យ។
ចំពោះគម្រោងពង្រីកខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាត្រូវបានគណៈគ្រប់គ្រងបញ្ចប់ការសិក្សាលើផែ្នកគ្រប់គ្រងអង្គភាពអាជីវកម្មនៅមហាវិទ្យាល័យ Gwynedd Mercy សហរដ្ឋអាមេរិករូបនេះប្រាប់ថា ឆ្លងតាមរយៈបទពិសោធន៍រយៈពេល២០ឆ្នាំនៅកម្ពុជា ធនាគារណអេស៊ីលីដាបានពង្រីកបណ្តាប្រតិបតិ្តរបស់ខ្លួនទៅកាន់ប្រទេសឡាវ ដែលរហូតមកដល់ពេលនេះមានចំនួន២១សាខា និងឈានទៅដល់២៧សាខា នៅចុងឆ្នាំ២០១២នេះ។ លោកបញ្ជាក់ថា អេស៊ីលីដា គ្រោងនឹងពង្រាយបណ្តាញរបស់ខ្លួនឲ្យពាសពេញប្រទេសឡាវ ដូចនៅកម្ពុជានៅឆ្នាំ២០១៦។ លោកបញ្ជាក់ដែរថា ការដែលធនាគារសម្រេចចិត្តពង្រីកបណ្តាញទៅប្រទេសមីយ៉ាន់ម៉ាគឺដោយសារប្រទេសមីយ៉ាន់ម៉ាមានលក្ខណៈអំណោយផល ព្រោះមានស្ថានភាពសេដ្ឋកិច្ច វប្បធម៌ របបនយោបាយប្រហាក់ប្រហែលនឹងកម្ពុជា។
លោកប្រាប់ថា ជំហានដំបូងនៅឆ្នាំ២០១៣ អេស៊ីលីដា នឹងបោះទុនប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក លើ៣សាខា នៅទីក្រុង Yangon, Ayeyar Wady និង Mandelay។ លោកប្រាប់ដែរថា បុគ្គលិកដែលនឹងត្រូវទៅបំពេញការងារនៅប្រទេសមីយ៉ាន់ម៉ា នឹងត្រូវឆ្លងកាត់ ការបណ្តុះបណ្តាលនៅ អេស៊ីលីដា ត្រេននីង សេនធ័រ នៅកម្ពុជា ដែលនេះក៏ជាមោទនភាពមួយផងដែរដែលមានអ្នកជំនាញផ្តល់ការបណ្តុះបណ្តាលសម្រាប់ជនបរទេស។ ឆ្លងតាមរយៈបទពិសោធន៍ និងស្ថានភាពអំណោយផលនេះលោករំពឹងថា គម្រោងពង្រីកបណ្តាញប្រតិបត្តិនេះនឹងទទួលបានជោគជ័យដូចនៅកម្ពុជា និងប្រទេសឡាវដែរ។
គួរបញ្ជាក់ដែរថា ធនាគារ អេស៊ីលីដា បានចាប់បដិសន្ឋិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន ។នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា ។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឲ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបាន ទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
នៅចុងខែកុម្ភៈ ឆ្នាំ២០១២ ធនាគារអេស៊ីលីដា បានពង្រីកបណ្ដាញប្រតិបត្តិការរហូតដល់ ២៣៤ការិយាល័យ គ្របដណ្តប់គ្រប់ខេត្ត-រាជធានី។ គិតត្រឹមចុងឆ្នាំ២០១១ទ្រព្យសកម្មធនាគារបាន កើនឡើង ២៨,១ភាគរយ រហូតដល់ ១.៤៨៦,៧លានដុល្លារអាមេរិក ។ប្រាក់ឥណទាន កើនឡើង ៣៥,៤ភាគរយមាន រហូតដល់ ៩៨៩,៤លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំបាន កើនឡើង ២៥,៩ភាគរយ រហូតដល់ ១.១៤៧,២លានដុល្លារអាមេរិក៕
