អេ​ស៊ី​លី​ដា​គ្រោង​ពង្រីក​ខ្លួន​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 10 មេសា 2012ម៉ោង 10:10:12

​ភ្នំពេញៈ​ ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ដែល​ជា​ធនាគារពាណិជ្ជ​នាំមុខ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នោះ​បាន​និង​កំពុង​បន្ត​ពង្រីក​និង​បោះ​ជំហាន​ទៅ​មុខជា​លំដាប់​។​ ឆ្នាំ​២០១៣​ ធនាគារ​មួយ​នេះ​គ្រោង​នឹង​ពង្រីក​ខ្លួន​ឲ្យ​កាន់តែ​ធំ​បន្ថែម​ទៀត​ គឺ​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ បន្ទាប់​ពី​ការ​ ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ប្រកបដោយ​ជោគជ័យ​នៅ​កម្ពុជា​ និង​ប្រទេស​ឡាវ​។​

​គម្រោង​នេះ​ត្រូវ​បាន​ ប្រកាស​ដោយ​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ធនាគារកណ្តាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ា​ន់​ម៉ា​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារ​អេ​ស៊ី​លី​ដា​។​

​លោក​ អ៊ិ​ន​ ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​ថ្លែង​ថា​ ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ច្បាប់​ធនាគារ​នៅ​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ចំណោម​៥០​ប្រទេស​។​ លោក​បន្ត​ទៀត​ថា​ អ្វី​ដែល​ជា​ប្រការ​សំខាន់​ដែរ​នោះ​គឺ​ដើម្បី​សិក្សា​អំពី​ភាព​ជោគជ័យ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី​  និង​ជា​ធនាគារ​គំរូ​ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ទៅ​គ្រប់​មជ្ឈដ្ឋាន​ទាំង​សហគ្រាស​ធុន​តូច​បំផុត​ ធុន​តូច​ ធុន​មធ្យម​ និង​បាន​បើក​បម្រើ​សេវាកម្ម​ទំនើប​ទាន់សម័យ​។​

ចំពោះ​គម្រោង​ពង្រីក​ខ្លួន​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​គណៈ​គ្រប់គ្រង​បញ្ចប់​ការ​សិក្សា​លើ​ផែ្ន​ក​គ្រប់គ្រង​អង្គភាព​អាជីវកម្ម​នៅ​មហាវិទ្យាល័យ​ Gwynedd​ Mercy​ សហរដ្ឋអាមេរិក​រូប​នេះ​ប្រាប់​ថា​ ឆ្លង​តាម​រយៈ​បទ​ពិសោធន៍​រយៈពេល​២០​ឆ្នាំ​នៅ​កម្ពុជា​ ធនាគារ​ណ​អេ​ស៊ី​លី​ដា​បាន​ពង្រីក​បណ្តា​ប្រ​តិ​ប​តិ្ត​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ឡាវ​ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​២១​សាខា​ និង​ឈាន​ទៅ​ដល់​២៧​សាខា​ នៅ​ចុងឆ្នាំ​២០១២​នេះ​។​ លោក​បញ្ជាក់​ថា​ អេ​ស៊ី​លី​ដា​ គ្រោង​នឹង​ពង្រាយ​បណ្តាញ​របស់​ខ្លួន​ឲ្យ​ពាសពេញ​ប្រទេស​ឡាវ​ ដូច​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៦​។​ លោក​បញ្ជាក់​ដែរ​ថា​ ការ​ដែល​ធនាគារ​សម្រេចចិត្ត​ពង្រីក​បណ្តាញ​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​គឺ​ដោយសារ​ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​លក្ខណៈ​អំណោយផល​ ព្រោះ​មាន​ស្ថានភាព​សេដ្ឋកិច្ច​ វប្បធម៌​ របប​នយោបាយ​ប្រហាក់ប្រហែល​នឹង​កម្ពុជា​។​

លោក​ប្រាប់​ថា​ ជំហាន​ដំបូង​នៅ​ឆ្នាំ​២០១៣​ អេ​ស៊ី​លី​ដា​ នឹង​បោះទុន​ប្រមាណ​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ លើ​៣​សាខា​ នៅ​ទីក្រុង​ Yangon,​ Ayeyar​ Wady​ និង​ Mandelay​។​ លោក​ប្រាប់​ដែរ​ថា​ បុគ្គលិក​ដែល​នឹង​ត្រូវ​ទៅ​បំពេញការងារ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ នឹង​ត្រូវ​ឆ្លងកាត់​ ការ​បណ្តុះបណ្តាល​នៅ​  អេ​ស៊ី​លី​ដា​ ត្រេ​ន​នី​ង​ សេន​ធ័​រ​ នៅ​កម្ពុជា​ ដែល​នេះ​ក៏​ជា​មោទនភាព​មួយ​ផង​ដែរ​ដែល​មាន​អ្នកជំនាញ​ផ្តល់​ការ​បណ្តុះបណ្តាល​សម្រាប់​ជនបរទេស​។​ ឆ្លង​តាម​រយៈ​បទ​ពិសោធន៍​ និង​ស្ថានភាព​អំណោយផល​នេះ​លោក​រំពឹង​ថា​ គម្រោង​ពង្រីក​បណ្តាញ​ប្រតិបត្តិ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ដូច​នៅ​កម្ពុជា​ និង​ប្រទេស​ឡាវ​ដែរ​។​

គួរ​បញ្ជាក់​ដែរ​ថា​ ធនាគារ​ អេ​ស៊ី​លី​ដា​ បាន​ចាប់​ប​ដិ​ស​ន្ឋិ​ឡើង​នៅ​ក្នុង​ខែមករា​ ឆ្នាំ​១៩៩៣​ ក្នុង​នាម​ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ ដែល​មាន​ទិស​ដៅ​អភិវឌ្ឍន៍​មុខរបរ​ខ្នាត​តូច​បំផុត​ និង​ខ្នាត​តូច​ តាម​រយៈ​ការ​ផ្តល់​ឥណទាន​ ។​នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០០​ ធនាគារ​ អេ​ស៊ី​លី​ដា​ បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស​ ពី​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០០៣​ ធនាគារ​ អេ​ស៊ី​លី​ដា​ បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារពាណិជ្ជ​ ពី​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​ធនាគារ​ អេ​ស៊ី​លី​ដា​ មាន​លទ្ធភាព​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​នូវ​សេវា​ធនាគារ​បាន​ ទូទៅ​ និង​ទូលំទូលាយ​ថែម​ទៀត​ ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​មក​ជា​ "​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​"​ ។

​នៅ​ចុងខែ​កុម្ភៈ​ ឆ្នាំ​២០១២​ ធនាគារ​អេ​ស៊ី​លី​ដា​ បាន​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​រហូត​ដល់​ ២៣៤​ការិយាល័យ​ គ្របដណ្តប់​គ្រប់​ខេត្ត​-​រាជធានី​។​ គិត​ត្រឹម​ចុងឆ្នាំ​២០១១​ទ្រព្យសកម្ម​ធនាគារ​បាន​ កើនឡើង​ ២៨,១​ភាគរយ​ រហូត​ដល់​ ១.៤៨៦,៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ប្រាក់​ឥណទាន​ កើនឡើង​ ៣៥,៤​ភាគរយ​មាន​ រហូត​ដល់​ ៩៨៩,៤​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​សមតុល្យ​ប្រាក់​បញ្ញើ​-​សន្សំ​បាន​ កើនឡើង​ ២៥,៩​ភាគរយ​ រហូត​ដល់​ ១.១៤៧,២​លាន​ដុល្លារ​អា​មេ​រិ​ក​៕​