
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ដោយ ៖ យ៉ាត ថ្ងៃទី 11 មេសា 2012ម៉ោង 17:58:08
មហាសង្ក្រាន្ត ឆ្នាំរោង ចត្វាស័ក ចុល្លសករាជ២៥៥៦ គ្រឹស្តសករាជ១៩៣៤ ពុទ្ធសករាជ ២៥៥៦~គ្រឹស្តសករាជ ២០១២។ ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៥៥ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខេពិសាខ ឆ្នាំរោង ចត្វាស័កតទៅចូលពុទ្ធសករាជ២៥៥៦។ នឹងគណនាឆ្នាំ រោង ឥឡូវនេះសង្ក្រានចូលមក ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជាបុត្រទី៦នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពពណ៌ខៀវ សៀតផ្កាចង្កុលណី (ប្រភេទផ្កាដុះក្នុងទឹក ពួកឈូក, មានកេសរផ្កាច្រើនស្រទាប់) គ្រឿងប្រដាប់ បុស្បរាគ័ម ភក្សាហារ ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណពាហនៈក្របី។
• នៅថ្ងៃ សុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស២០១២ វេលាម៉ោង១៩ និង ១១នាទីល្ងាច ជាថ្ងៃចូលឆ្នាំ រោង ចត្វាស័ក។
• ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១២ ជាវារៈវ័នបត។
• ថ្ងៃអាទិត្យ ៩រោច ខែចែត្រត្រូវនឹងថ្ងៃទី ១៥មេសា គ.ស២០១២ នៅវេលាម៉ោង ២៣ និង ៤៣ នាទី ៤៨វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន បីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោងចត្វាស័ក ចុល្លសករាជ ១៣៧៤ មហាសករាជ ១៩៣៤ និងពុទ្ធសករាជ២៥៥៦ បរិបូរណ៍តទៅ។
រណ្ដាប់ទទួលទេវតាឆ្នាំរោងៈ
តាមទំនៀមពីបូរាណរៀងរហូតមកបានចែងថា យើងត្រូវរៀបចំរានទទួលទេវតានៅខាងមុខផ្ទះមួយ ដើម្បីតាំងគ្រឿងពលីការផ្សេងៗ ដូចជារៀបក្រាលសំពត់ពណ៌ស គ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ, បាសី៧ថ្នាក់មួយគូ, បាយសី៥ថ្នាក់មួយគូ, បាយសី៣ថ្នាក់មួយគូ, បាសីប៉ាឆាមមួយគូ, ស្លាធម៌មួយគូ, ទឹកអប់មួយគូ (ទៀន៥ធូប៥), លាច៥ដាក់លើជើងពានមួយគូ, ចេកនួន, ចេកណាំវ៉ា, ជើងពានមួយគូ, ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ, ដូងឡៅមួយគូ និងទឹកស្អាត២កែវ។
ឆ្នាំនេះ គួររកចេកណាំវ៉ា និងចេកទឹក ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា។ ស្រេចហើយ វេលាដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭកលុះចប់ពិធីទទួលទេវតា។
ក្នុងឱកាសប្រារឰពិធីបុណ្យចូលឆ្នាំ រោង នេះ ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ គប្បីរៀបចំសំអាតទីលំនៅដ្ឋាន តុបតែងលំអ ផ្កាភ្ញី និង មានរៀបរណ្តាប់សក្ការៈបូជា ទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ ជនានុជនទាំងឡាយ ចូរខំលះបង់ ចិត្តអាក្រក់ អន្យតិរ្ថីយ៍ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគំគួនព្យាបាទឈ្នានីស ដែលមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ ខំតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរទាន តាមប្រពៃណី រក្សាសីលប្រាំ ឱ្យបានជាប់ជានិច្ចនោះ ទើបទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការ តាំងពីឆ្នាំនេះតរៀងទៅហោង ៕
