
ឆ្នេរខ្សាច់កោះប៉ែន ជាទីពេញនិយមសំរាប់ភ្ញៀវទេសចរជាតិក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
កំពង់ចាមៈ ឆ្នេរខ្សាច់កោះប៉ែននៅទល់មុខវត្ដដីដុះក្រុងកំពង់ចាមដែលប្រជាពលរដ្ឋទូទៅ បានស្គាល់ច្បាស់ តាមរយៈ បទចំរៀងលោកស៊ិនស៊ីសាមុតគឺបទទឹកដីកោះប៉ែនដែនជីវិតខ្ញុំ តំបន់ឆ្នេរខ្សាច់កោះប៉ែននេះមានសភាពស្ងប់ស្ងាត់ជាច្រើនឆ្នាំមកហើយទើបតែ ២ ឆ្នាំចុងក្រោយនេះឃើញថាមន្ទីរទេសចរណ៍ខេត្ដកំពង់ចាម បានអនុញ្ញាតិអោយសង់ជាកញ្ចុះប្រក់ស្បូវនិងតង់ ហើយមានលក់ម្ហូបអាហារ ភេសជ្ជៈ គ្រឿងក្លែមធ្វើឱ្យតំបន់នេះមានមនុស្សទៅកំសាន្ដ ពេលល្ងាចៗដែលតាមការសង្កេតឃើញថា មានមនុស្សទៅកំសាន្ដច្រើននៅល្ងាចថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ តែចំពោះថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងផុតថ្មីៗនេះ ឃើញថាមានប្រជាពលរដ្ឋមកពីតាមស្រុក ឬ ខេត្ដផ្សេងៗមកកំសាន្ដច្រើនកុះករ ដោយប្រជាពលរដ្ឋនិងមន្ដ្រីរាជការយុវជនយុវតីនាំបងប្អូនកូនចៅមកហែលទឹកកំសាន្ដនិងទិញនំចំណីមកបរិភោគតាមមាត់ឆ្នេរយ៉ាងសប្បាយរីករាយមិនចាញ់ តំបន់ឆ្នេរសមុទ្រខេត្ដព្រះសីហនុរឺខេត្ដកំពតឡើយ ។ ប្រជាពលរដ្ឋដែលមកកំសាន្ដមាត់ឆ្នេរកោះប៉ែន បានឱ្យដឹងថាពួកគាត់នាំគ្នាមកហែលទឹកលេងព្រោះថ្ងៃបុណ្យចូលឆ្នាំស្រុកយើងមានអាកាសធាតុក្ដៅនិងបានមើលទេសភាពមាត់ទន្លេដែលធ្លាប់ល្បីជាយូរមកហើយនិងដើម្បីបន្ឋូរអារម្មណ៍ពីការងារក្នុងឆ្នាំចាស់ផងដែរ ។ ទន្ទឹមនិងសក្ដានុពល ឆ្នេរដ៏ស្រស់ស្អាត ក៏មានជនឆ្លៀតឱកាស តំឡើងថ្លៃភាស៊ីគឺម្ចាស់ភាស៊ីប្រដឺសឆ្លងពីមុខវត្ដដីដុះទៅត្រើយម្ខាងកោះប៉ែនដោយគាត់យកថ្លៃរថយន្ដតូចមួយគ្រឿងដែលធ្វើដំនើរទៅកំសាន្ដតំបន់ទេសចរកោះប៉ែនគឺថ្លៃ ៤០០០០ រៀល (គិតទាំងទៅ ២០០០០រៀល មកវិញ ២០០០០ រៀលដែរ) ហើយអ្នកទទួលផ្ញើឡានយកថ្លៃមួយគ្រឿង ៥០០០រៀល ចំពោះម៉ូតូ ០១គ្រឿង តំលៃឆ្លងប្រដឹស ១ ដុល្លារនិងតំលៃផ្ញើ ២០០០រៀល ។ ចំពោះមនុស្សដែលចូលទស្សនាលេងកំសាន្ដក្នុង ០១នាក់ ត្រូវបង់ថ្លៃប្រដឺស ២០០០៛ និងចូលលេងមាត់ឆ្នេរត្រូវបង់ ២០០០៛ ហើយកន្លែងអង្គុយកញ្ចុះតូចមួយថ្លៃ ១០០០០រៀល ហើយថវិកាទាំងនេះមិនបានបង់ ចូលជាថវិការដ្ឋនោះទេ ហើយក៏គ្មានសៀវភៅបន្ទុក ឬ វិក័យប័ត្រអ្វី ដែរ ។
សូមបញ្ជាក់ថាកន្លងមកក្នុងឱកាសបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់ស្ពាន កោះប៉ែនដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឯកឧត្ដម ឧត្ដមសេនីយ៍ទោគង់ អៀងទីប្រឹក្សាសម្ដេចហ៊ុនសែននិងជានាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិបានមានប្រសាសន៍ថា ៖ “ ប្រដឹសឆ្លងកោះប៉ែនកាន់តែឆាប់លែងមានកាន់តែល្អខ្លាំងព្រោះកន្លងមកមានព័ត៍មានថាពេលឡានអ្នកជម្ងឺឆ្លងកាត់ ម្ចាស់ភាស៊ីប្រដឹសតម្រូវបង់ពី ៦០០០០រៀល ទៅ ១០០០០០រៀល ។
នគរវត្ដសំណូមពរដល់អាជ្ញាធរខេត្ដកំពង់ចាមមេត្ដាជួយពិនិត្យមើលដល់ម្ចាស់ភាស៊ីប្រដឹសដែលឆ្លៀត ឱកាសពេលបុណ្យចូលឆ្នាំតំលើងថ្លៃចូលលេងឆ្នេរកោះប៉ែនជាប្រយោជន៍ផ្ទាល់ខ្លួនស្រេចតែចិត្ដនេះផង៕
