​ស្នេហា​នំ​ធំ​ជាង​នាឡិ​ ៖​ ម្ដាយ​ឪពុក​ដើរ​រក​វិលក្បុង​ បែរជា​កូនស្រី​រត់​តាម​ប្រុស​

ដោយ​ ៖ ស្អាង ជ័យ|ថ្ងៃទី 23 មេសា 2012 ម៉ោង 17:28:22

ខេត្ដកណ្ដាល​ ៖​ ជា​រឿង​ថ្មី​មួយ​ដែល​ ស្នេហា​ទុំ​មុន​ស្រគាល​របស់​យុវវ័យ​២​រូប​ បាន​លួច​ស្រឡាញ់​គ្នា​មិន​ឱ្យ​ឪពុក​ម្ដាយ​ដឹង​ ហើយ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​មាន​ ចិត្ដ​ភ្លើតភ្លើន​នឹង​ស្នេហា​បែរជា​ដឹក​ដៃ​ គ្នា​រត់​ចាក​ចេញពីផ្ទះ​ទៅ​ដេក​ក្នុងផ្ទះ​ សំណាក់​បូជា​ព្រហ្មចារី​រវាង​គ្នា​និង​គ្នា​ ទៅ​វិញ​ ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​វិលក្បុង​ ។

ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ ចូល​ឆ្នាំ​ខ្មែរ​មក​ម្ល៉េះ​ ដោយសារ​តែ​យុវវ័យ​ ភ្លើតភ្លើន​នឹង​ល្បែង​ស្នេហា​មួយគូ​នេះ​ ធ្វើ​ឱ្យ​មាន​អំពល់ទុក្ខ​ដល់​ឪពុក​ម្ដាយ​ដើរ​ រក​គ្រប់​ទីកន្លែង​ តែ​រក​មិនឃើញ​ ។​ លុះ​មក​ ដល់​ថ្ងៃ​ទី​២៣​ខែមេសា​ឆ្នាំ​២០១២​ ទើប​ ដឹង​ បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ ខណៈ​ដែល​ឪពុក​ម្ដាយ​បាន​ដាក់​ពាក្យ​ បណ្ដឹង​ទៅ​នគរបាល​ប៉ុស្ដិ៍​ឱ្យ​ជួយ​អន្ដរា​ គម​ន៍​រួច​ទៅ​ហើយ​នោះ​ ។

យុវជន​ដែល​ភ្លើតភ្លើន​នឹង​ល្បែង​ស្នេហា​ ដូច​មមាច​ឃើញ​ភ្លើង​នេះ​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​ វណ្ណៈ​ ប្រុស​ពេជ្រ​ អាយុ​១៩​ ឆ្នាំ​ គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ​  ។​ រីឯ​យុវនារី​ ដែល​លង់​នឹង​ស្នេហា​រត់​ចោលផ្ទះ​ធ្វើ​ឱ្យ​ ឪពុក​ម្ដាយ​ដើរ​រក​វិលក្បុង​នេះ​ដែរ​ឈ្មោះ​ កេ​ត​ ច​ន្ទ្រា​ អាយុ​១៧​ឆ្នាំ​ ។​ អ្នក​ទាំង​២​រស់​ នៅ​ភូមិ​ព្រែក​ថី​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ។

ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ រកា​ខ្ពស់​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ឆ្នាំ​២០១២​ ម្ដាយ​នារី​កេ​ត​ ច​ន្ទ្រា​ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​នគរបាល​ ប៉ុស្ដិ៍​ឱ្យ​ជួយ​រក​កូនស្រី​របស់​គាត់​(​កេ​ត​ ច​ន្ទ្រា​)​ បន្ទាប់​ពី​បាត់​ខ្លួន​មិនដឹង​ទៅ​ទីណា​។​ ចាប់ពី​ពេល​នោះ​មក​ សមត្ថកិច្ច​បាន​ជួយ​ ស្វះ​ស្វែងរក​កូនស្រី​នេះ​ដែរ​ តែ​រក​មិន​ ឃើញ​ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​២៣​ខែមេសា​  ទើប​ឃើញ​ម្ដាយ​និង​កូនស្រី​ រួម​នឹង​យុវជន​ ជា​គូស្នេហ៍​របស់​កូនស្រី​បាន​ដឹក​ដៃ​គ្នា​ទៅ​ នគរបាល​ប៉ុស្ដិ៍​ដើម្បី​ដក​ពាក្យបណ្ដឹង​ បន្ទាប់​ពី​ដឹង​ថា​ ពួក​គេ​បាន​វិល​ត្រឡប់​ មក​ផ្ទះ​វិញ​ និង​សុំ​ឱ្យ​ឪពុក​ម្ដាយ​រៀប​ការ​ ស្របច្បាប់​ ។

មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពេល​ស្ដ្រី​រូប​នេះ​ដក​ពាក្យបណ្ដឹង​ ធ្វើ​ឱ្យ​នគរបាល​ហួសចិត្ដ​ ព្រោះ​ពុំ​នឹក​ស្មាន​ ថា​ យុវវ័យ​ទាំង​២​រូប​នេះ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ ស្រក់​ទឹកភ្នែក​ ដោយសារ​តែ​ពួក​គេ​ភ្លើ​ត​ ភ្លើន​នឹង​ល្បែង​ស្នេហា​ រត់​តាម​គ្នា​ចោល​ ផ្ទះ​អស់​ជា​ច្រើន​ថ្ងៃ​ ។

តាម​ការ​អះអាង​របស់​យុវជន​ វណ្ណៈ​​ ប្រុស​ពេជ្រ​ បានឱ្យ​ដឹង​ថា​ រូបគេ​នឹង​នាង​ កេ​ត​ ច​ន្ទ្រា​ បាន​ស្រឡាញ់​គ្នា​អស់​រយៈ​ ពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​មិន​បាន​ធ្វើ​ អ្វី​ឱ្យ​ខុស​នឹង​ប្រពៃណី​នោះ​ទេ​ ។​ លុះ​រហូត​  មក​ដល់​ថ្ងៃ​ទី​១៤​ខែមេសា​ ខណៈ​ដែល​ខ្លួន​ កំពុង​នៅផ្ទះ​ ស្រាប់តែ​នាង​ កេ​ត​ ច​ន្ទ្រា​ បាន​ទូរស័ព្ទ​បបួល​គ្នា​រត់​ ដោយ​មិន​ឱ្យ​ ឪពុក​ម្ដាយ​ដឹង​ឡើយ​ ។​ លុះ​ស្អែក​ឡើង​ រូបគេ​ក៏​បាន​ណាត់ជួប​នាង​ រួច​បបួល​គ្នា​ រត់​ទៅ​ផ្ទះ​បងប្អូន​នៅ​ខេត្ដកំពត​ ហើយ​ ពេល​នោះ​ឪពុក​ម្ដាយ​ទាំង​សងខាង​បាន​ ស្វះស្វែង​ព្យាយាមរ​កតាម​រយៈ​ទូរស័ព្ទ​ តែ​ពួក​គេ​បាន​ប្រាប់​ថា​ សូម​ពុក​ម៉ែ​កុំ​ព្រួយ​ បារម្ភ​អី​ ពួក​គេ​ទាំង​២​នាក់​កំពុង​រស់នៅ​ ផ្ទះ​បងប្អូន​នៅ​ខេត្ដកំពត​សុខ​សប្បាយ​ជា​ ធម្មតា​ទេ​ ។

វណ្ណៈ​ ប្រុស​ពេជ្រ​ បានឱ្យ​ដឹង​ទៀត​ថា​ ការ​បោះបង់​ចោលផ្ទះ​របស់​ពួក​គេ​ គឺ​ ដោយសារ​តែ​ចង់ឱ្យ​ចាស់ទុំ​ទទួលស្គាល់​ គេ​ជា​ប្ដី​-​ប្រពន្ធ​ស្របច្បាប់​ប៉ុណ្ណោះ​ គឺ​ពុំ​ មាន​ចេតនា​ធ្វើ​អ្វី​លើស​ពី​នេះ​ទៀត​ទេ​ ។​ ទោះ​យ៉ាងណា​ វណ្ណៈ​ ប្រុស​ពេជ្រ​ និង​នាង​ កេ​ត​ ច​ន្ទ្រា​ បាន​អះអាង​ប្រាប់​ឪពុក​ម្ដាយ​ ទាំង​សងខាង​ថា​ ខ្លួន​គេ​បាន​បូជា​ព្រហ្មចារី​ រវាង​គ្នា​និង​គ្នា​រួច​ទៅ​ហើយ​ ដូច្នេះ​សូម​ឱ្យ​ ចាស់ទុំ​ផ្សំផ្គុំ​ពួក​គេ​ជា​គូ​អនាគត​ទៅ​ ។

ចំណែក​នាង​ កេ​ត​ ច​ន្ទ្រា​ ក៏​បាន​អះអាង​ ឱ្យ​ដឹងផង​ដែរ​ថា​ រូប​នាង​បាន​ស្រឡាញ់​ វណ្ណៈ​ ប្រុស​ពេជ្រ​ ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​ ដូច្នេះ​ពេល​នេះ​មិនបាច់​រៀប​ការ​ដោយ​ គ្រាន់តែ​សែនព្រេន​ក៏​បាន​ដែរ​ ដើម្បី​កុំឱ្យ​ ខាត​លុយ​ ទុក​លុយ​រកស៊ី​ពេល​រៀប​ការ​រួច​។

ស្នេហា​ទុំ​មុន​ស្រគាល​របស់​កំលោះ​ ក្រមុំ​មួយគូ​នេះ​ធ្វើ​ឱ្យ​គេ​ហួសចិត្ដ​គ្រប់ៗ​ គ្នា​ ដែល​វា​ហាក់បីដូចជា​នំ​មិនធំ​ជាង​ នាឡិ​ ដែល​ក្នុង​សម័យនេះ​គេ​និយាយ​ថា​ នាឡិ​លែង​ធំ​ជាង​នំ​ទៀត​ហើយ​ ដូច្នេះ​អ្នក​ ស្រឡាញ់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​កំពុង​ ខកចិត្ដ​នឹង​ទស្សនៈ​ខាងលើ​នេះ​ខ្លាំង​ណាស់​ ជាក់ស្ដែង​ដូច​កំលោះ​-​ក្រមុំ​មួយគូ​នេះ​ ដែល​មាន​អាយុ​មិន​ទាន់​ពេញវ័យ​រៀប​ការ​ ស្រួលបួល​ដើម្បី​ទទួលខុសត្រូវ​ក្នុង​គ្រួសារ​ ផង​ ពួក​គេ​ធ្វើ​ឱ្យ​នំ​ធំ​ជាង​នាឡិ​បាត់​ទៅ​ ហើយ​ ៕