វិចារណកថា​៖​ កុំ​យក​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ ឧសភា​ បំផ្លាញ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​

ដោយ​ ៖ រួម រក្សា|ថ្ងៃទី 28 មេសា 2012 ម៉ោង 13:01:51

១​ ឧសភា​ គឺជា​ទិវា​ពលកម្ម​អន្តរជាតិ​ ជា​ថៃ្ង​ប្រវត្តិសាស្ត្រ​រំលឹក​ឡើង​វិញ​នូវ​ព្រឹ​ត្ត​ការណ៍​នៃ​ចលនា​ពលករ​នៅ​ លើ​ពិភពលោក​ដែល​បាន​ទាមទារ​នូវ​សិ​ទ្ឋិ​សេរីភាព​ និង​លក្ខខណ្ឌ​ការងារ​សមរម្យ​។​ ប្រជា​ពលករ​នៅ​ពិភពលោក​ត្រូវ​បាន​ទទួល​នូវ​សិ​ទ្ឋិ​ឈប់​សំរាក​ពី​ការងារ​ដោយ​មាន​ ប្រាក់​ឈ្នួល​ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​ ដោយ​បង្កើត​នូវ​កម្មវិធី​សប្បាយ​ផ្សេងៗ​។​ ទិវា​នេះ​ក៏​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​ផង​ដែរ​ ដែល​យើង​ទាំងអស់​ត្រូវ​ឧទ្ទិស​ចំពោះ​គោលបំណង​រួម​របស់​យើង​ ក្នុង​ការ​ខិតខំ​បង្កើន​នូវ​ជំនាញ​វិជ្ជាជីវៈ​ បង្កើន​ផលិតភាព​ការងារ​ទាំង​បរិមាណ​ និង​គុណភាព​ ដើម្បី​ចូលរួម​ថែរក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​ សុវត្ថិភាព​ការងារ​ និង​ការ​ប្រកួតប្រជែង​ ។​ ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​មានការ​រីក​ចម្រើន​គ្រប់​វិស័យ​ ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់​ និង​ស្បែកជើង​កំពុង​តែ​ឈរ​នៅ​ក្នុង​លំដាប់​ថ្នាក់ទីមួយ​។​

​ដោយសារ​តែ​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​មានកេរ្តិ៍ឈ្មោះ​ល្អ​ជាងគេ​នៅ​ ក្នុង​តំបន់​ ក្នុង​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ បាន​ផ្តល់​ការ​ទាក់ទាញ​ពី​អ្នកបញ្ជា​ទិញ​ និង​អ្នក​វិនិយោគទុន​អន្តរជាតិ​មក​បណ្តាក់ទុន​ ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ និង​ស្បែកជើង​នៅ​បច្ចុប្បន្ន​នេះ​មាន​កំណើន​រហូត​ដល់​ជាង​ ៦០០​រោងចក្រ​ ។​ ការ​នាំ​ចេញ​ដែល​មាន​តម្លៃ​ប្រមាណ​៤៣០០​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១១​ ។​ បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​៤៥​ម៉ឺន​នាក់​ ដោយ​ទទួល​បាន​ប្រាក់ខែ​ជា​មធ្យម​របស់​កម្មករនិយោជិត​ចំនួន​ប្រមាណ​៣០​លាន​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែៗ​ ព្រមទាំង​បាន​ជួយ​បង្កើន​ សេដ្ឋកិច្ច​គ្រួសារ​ដល់​ប្រជាពលរដ្ឋ​ជាង​ពីរ​លាន​នាក់​ថែម​ទៀត​តាម​រយៈ​ មធ្យោបាយ​ដឹក​ជញ្ជូន​ ជួល​ផ្ទះ​ លក់​ម្ហូបអាហារ​។​ ទន្ទឹម​នឹង​នេះ​សិ​ទ្ឋិ​សេរីភាព​ប្រជាពលរដ្ឋ​ សិ​ទ្ឋិ​សេរីភាព​ការ​បង្កើត​សមាគម​ និង​ សហជីព​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​ ។​

​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​យន្តការ​ជា​ច្រើន​ ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្តន៍​លក្ខខណ្ឌ​ការងារ​ ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​ជា​ ក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ​ គណៈកម្មការ​ប្រឹក្សា​ការងារ​ គណៈកម្មការ​ ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា​ អន្តរ​គណៈកម្មការ​ដោះស្រាយ​និង​ទប់ស្កាត់​កម្មករ​សន្លប់​ ។​ល​។​ មិនតែប៉ុណ្ណោះ​ រាជរដ្ឋាភិបាល​បាន​សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ បង្កើត​នូវ​ យន្តការ​ឯករាជ្យ​ចំនួន​ពីរ​បន្ថែម​ទៀត​គឺ​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ (AC)​ និង​គំរោង​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​ (ILO-BFC)​ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នេះ​ មានកេរ្តិ៍ឈ្មោះ​កាន់តែ​ល្អ​ប្រសើរ​ តម្លាភាព​ និង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​អ្នកបញ្ជា​ទិញ​ ។​

​ជាមួយនឹង​ការ​ពង្រឹង​នូវ​យន្តការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជា​អ​ទិ​ភាព​ទៅ​លើ​ជីវភាព​រស់នៅ​ របស់​កម្មករនិយោជិត​ និង​បាន​ផ្តួចផ្តើម​តម្លើង​នូវ​ប្រាក់​ឈ្នួល​ គោល​និង​ផលប្រយោជន៍​ផ្សេងៗ​របស់​កម្មករនិយោជិត​ជា​បន្តបន្ទាប់​គឺៈ​ លើក​ទី​១​ តម្លើង​ពី​៤០​ទៅ​៤៥​ដុល្លារ​ លើក​ទី​២​ តម្លើង​ពី​៤៥​ទៅ​៥០​ដុល្លារ​ លើក​ទី​៣​ ផ្តល់​ប្រាក់​ទ្រទ្រង់​ជីវភាព​ចំនួន​៦​ដុល្លារ​ក្នុង​មួយ​ខែ​ លើក​ទី​៤​ តម្លើង​ពី​៥៦​ទី​៦១​ដុល្លារ​ លើក​ទី​៥​ ផ្តល់​ប្រាក់​ ឧបត្ថម្ភ​ថែទាំ​សុខភាព​ចំនួន​៥​ដុល្លារ​ ព្រមទាំង​មាន​ប្រាក់​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត​ដូច​ជា​ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​៧​ដុល្លារ​ ប្រាក់​អតីតភាព​ការងារ​ ចាប់ពី​២​ដុល្លារ​ដល់​១១​ដុល្លារ​ ប្រាក់​ថៃ្ល​បាយ​ធ្វើការ​បន្ថែម​ពីរ​ម៉ោង​ចំនួន​២០០០​រៀល​។​ បើ​យើង​ គណនា​បូក​បញ្ចូល​គ្នា​រវាង​ប្រាក់​ឈ្នួល​គោល​ ប្រាក់​បន្ទាប់បន្សំ​ផ្សេងៗ​ និង​ធ្វើការ​ប​នែ្ថ​ម​ម៉ោង​របស់​កម្មករនិយោជិត​ជា​មធ្យម​ក្នុង​មួយ​ខែ​ចំនួន​ ពី​៩៥​ដុល្លារ​ទៅ​១៥០​ដុល្លារ​អា​មេ​រិ​ក​ ។​

​យោង​តាម​កាសែត​ fibre2fashion​ បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ អ្នក​វិនិយោគ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ នឹង​កំពុង​តែ​រៀបចំ​ផែនការ​ផ្លាស់​ប្តូរ​ទីតាំង​ឧស្សាហកម្ម​កាត់ដេរ​របស់​ ខ្លួន​ដោយសារ​ពួក​គេ​គិត​ថា​បរិយាកាស​វិនិយោគ​នៅ​ទីនោះ​មិន​មាន​អំណោយផល​ល្អ​  ហើយ​អ្នក​វិនិយោគ​ទាំងនោះ​បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​គោលដៅ​ សំរាប់​ផ្លាស់​ប្តូរ​ ដោយសារ​ពួក​គេ​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​មាន​សក្តានុពល​ និង​ការ​ទាក់ទាញ​សំរាប់​ការ​វិនិយោគ​របស់​ពួក​គេ​។​លោក​ ljaz​ khokhar​ ប្រធាន​សម្របសម្រួល​អ្នក​ផលិត​សំលៀក​បំពាក់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ និង​ សមាគម​អ្នក​នាំ​ចេញ​បាន​ប្រាប់​កាសែត​ fibre2fashion​ ថាៈ​ វិបត្តិ​ថាមពល​ ជា​ពិសេស​កង្វះ​អគ្គិសនី​ និង​ឧស្ម័ន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​គឺ​កំពុង​បង្ក​ឲ្យ​វិស័យ​នេះ​បាត់បង់​នូវ​ផលិតផល​ របស់​ពួក​គេ​ជាង​៥០​ភាគរយ​ ជា​ហេតុ​ចម្បង​សំរាប់​អ្នក​ផលិត​ក្នុង​វិស័យ​នេះ​ក្នុង​ការ​ពិចារណា​ផ្លាស់​ប្តូរ​ ទីតាំង​រោងចក្រ​របស់​គេ​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ហើយ​អតិថិជន​របស់​យើង​រីករាយ​ជាមួយនឹង​ការ​មិន​យក​ព​ន្ឋ​ដែល​មាន​រួចរាល់​ហើយ​ នៅ​ប្រទេស​កម្ពុជា​ ហើយ​រោងចក្រ​ទាំងនោះ​នឹង​ផលិត​ស្បែកជើង​ សំលៀក​បំពាក់​សឹក​ សំលៀក​បំពាក់​ពេទ្យ​ និង​សំលៀក​បំពាក់​កីឡា​ជាដើម​ ។​ល​។​

​នៅ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​មានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ បែប​នេះ​ ប្រជា​ពលករ​កម្ពុជា​ត្រូវ​តែ​ខិតខំ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ ប្រសើរ​ ចូលរួម​ថែរក្សា​ ការពារ​សេ្ថ​រ​ភាព​នយោបាយ​ និង​ផ្តល់​ជំនឿ​ចិត្ត​ដល់​អ្នក​វិនិយោគ​ ដើម្បី​បង្កើត​ការងារ​បន្ថែម​ទៀត​ ។​ នៅ​ពេល​មានការ​វិនិយោគ​ច្រើន​ តម្រូវការ​ពលកម្ម​ខ្ពស់​ ពេល​នោះ​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ខ្ពស់​ដោយ​ស្វ័យប្រវត្តិ​ពុំ​ចាំបាច់​ធ្វើការ​ទាម​ ទារ​ឡើយ​ ។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ប្រ​សិន​សហជីព​កម្មករ​ធ្វើការ​ទាមទារ​ការ​តម្លើង​ប្រាក់​ ឈ្នួល​ណាមួយ​ ដែល​មិន​ស្រម​តាម​កាលៈទេសៈ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​វិនិយោគ​ទាំង​អ្នក​កំពុង​ តែ​វិ​ន​យោគ​ និង​ អ្នក​ដែល​មាន​គំរោង​នឹង​មក​វិនិយោគ​ ។​

​ដូច្នេះ​នៅ​ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​ ០១​ ឧសភា​ ២០១២​ នេះ​ សូម​ប្រជា​ពលករ​ ក៏​ដូច​កម្មករ​ និយោជិត​ សហជីព​ទាំងអស់​ ចូលរួម​គោរព​ និង​អនុវត្ត​នូវ​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​លេខៈ​០៤.​សរណ​ន​ ចុះ​ថៃ្ង​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១២​ អំពាវនាវ​ដល់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ កម្មករនិយោជិត​កម្ពុជា​ ពលករ​បរទេស​ទាំងអស់​ ចូលរួម​ប្រារ​ព្ឋ​ និង​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ឧសភា​ ឆ្នាំ​២០១២​ ក្នុង​ក្តី​សោមនស្ស​រីករាយ​ សាមគ្គីភាព​ និង​ភាតរភាព​ ដើម្បី​ឲ្យ​ស័ក្តិ​សមជា​បុណ្យ​ការងារ​របស់​ប្រទេស​ជាតិ​យើង​ ។​ ចៀសវាង​ដាច់ខាត​ នូវ​ការ​ប្រើប្រាស់​រូបភាព​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​ ដើម្បី​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​ ៕