ទេសចរណ៍​បន្ទាយ​សត្វ​ស្លាប​ទឹក​នៅ​តំបន់​ព្រែក​ទាល់​ ខេត្ដបាត់ដំបង​

ដោយ​ ៖ ថ្ងៃទី 08 ឧសភា 2012ម៉ោង 12:37:55

​ខេត្ដបាត់ដំបង​ ៖​ សត្វ​ស្លាប​ទឹក​នៅ​ តំបន់​ស្នូល​ព្រែក​ទាល់​ កំពុង​មាន​ចំនួន​ កើនឡើង​ច្រើន​ ក្រោយ​ពី​រាជរដ្ឋាភិបាល​ បាន​ចាត់វិធានការ​អភិរក្ស​តាំងពី​ឆ្នាំ​ ១៩៩៩​មក​។​ ទន្ទឹម​គ្នា​នេះ​តំបន់​សត្វ​ ស្លាប​នេះ​ ក៏​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ បរទេស​ឱ្យ​ចូល​ទៅ​ទស្សនា​ផង​ដែរ​។​

​ ក្រុម​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ការពារ​នៅ​ តំបន់​ព្រែក​ទាល់​បាន​សម្ដែង​ក្ដី​ព្រួយ​ បារម្ភ​ថា​ សត្វ​ស្លាប​ទឹក​នៅ​តំបន់​ ព្រែក​ ទាល់​នោះ​ នៅ​តែ​បន្ដ​រង​គ្រោះ​ ដោយ​ សារ​កម្លាំង​អភិរក្ស​ការពារ​នៅ​តំបន់​នោះ​ នៅ​ពុំ​ទាន់​មាន​ចំនួន​គ្រប់គ្រាន់​តាម​ តម្រូវការ​ជាក់ស្ដែង​។​

​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ សត្វ​ស្លាប​ទឹក​នៅ​ព្រែក​ទាល់​មាន​តែ​ការ​ ជិះទូក​កាណូត​។​ ភ្ញៀវ​ទេសចរ​ទាំងអស់​ ពួក​គេ​អាច​ទៅ​កម្សាន្ដ​នៅ​ទីនោះ​បាន​ ដោយ​ចាប់ផ្ដើម​ចេញដំណើរ​ពី​ខេត្ដ​ បាត់ដំបង​ ទៅ​ខេត្ដសៀមរាប​។​ មុន​ ពេល​ចូល​ដល់​បន្ទាយ​សត្វ​ស្លាប​ទឹក​នោះ​ ពួក​គេ​និង​បានឃើញ​នៅ​អម​មាត់​ស្ទឹង​ មានផ្ទះ​នៅ​ក្នុងភូមិ​បណ្ដែត​ទឹក​ក្នុង​ទឹក​ បឹង​ទន្លេសាប​។​ នៅ​តាម​ផ្លូវទឹក​ មើល​ ឃើញ​មាន​ឧបករណ៍​នេសាទ​ត្រី​ ដូច​ជា​ ទូក​កាណូត​ ឆ្នុក​ចាប់​ត្រី​ បែ​ចិញ្ចឹម​ត្រី​ មាន​ទូក​នេសាទ​ទូក​ធំៗ​ ខ្លះ​ មាន​ដំបូល​ ជ្រក​សម្រាប់​ស្នាក់​អាស្រ័យ​ថែម​ទៀត​។​

​នៅ​ពេល​ធ្វើ​ដំណើរ​តាម​កាណូត​ចូល​ តាម​ដៃ​ព្រែក​នៃ​បឹង​ទន្លេសាប​ ទៅ​ដល់ទី​ ជម្រក​សត្វ​ស្លាប​ទឹក​ដែល​កំពុង​រស់នៅ​ នៅ​រដូវប្រាំង​នេះ​។​ គេ​សង្កេត​ឃើញ​មាន​ សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ កំពុង​រស់​ នៅ​ទីនោះ​។​ សត្វ​ស្លាប​ខ្លះ​ កំពុង​ហែល​ ទឹក​រក​ចាប់​ត្រី​ធ្វើ​ជា​ចំណី​ និង​សត្វ​ស្លាប​ ខ្លះ​ទៀត​ កំពុង​ទុំ​នៅ​លើ​ដើមឈើ​ដែល​ នៅ​អម​សងខាង​មាត់​ព្រែក​ក្នុង​ព្រៃ​ព្រោង​ ព្រាត​។​ សត្វ​ស្លាប​មួយ​ចំនួន​ ហាក់បីដូច​ ជា​ស៊ាំ​ គឺ​មិន​ផ្អើល​នឹង​ក្រុម​អ្នកទេសចរ​ ដែល​ចូល​ទៅ​ឃើញ​ពួក​វា​ទេ​។​

​លោក​ ញ៉ែ​ម​ សំអាត​ ជាម​ន្ដ្រី​ ឧទ្យាន​នុ​រក្ស​បន្ទាយ​សត្វ​ស្លាប​ទឹក​ព្រែក​ ទាល់​។​ លោក​រៀបរាប់​ថា​ តាម​ការ​ ប៉ាន់​ប្រមាណ​សត្វ​ស្លាប់​ទឹក​ ដែល​កំពុង​ អភិរក្ស​នៅ​ក្នុង​ដែន​បន្ទាយ​សត្វ​ស្លាប​ ព្រែក​ទាល់​នេះ​ មាន​ចំនួន​ជាង​៦​ម៉ឺន​ ក្បាល​។​ បច្ចុប្បន្ន​ មាន​សត្វ​ស្លាប​ទឹក​ ចំនួន​១៣​ប្រភេទ​ទៀត​កំពុង​នាំ​គ្នា​បង្កាត់​ ពូជ​ថែម​ទៀត​។​

​សត្វ​ស្លាប​ទឹក​នៅ​តំបន់​ព្រែក​ទាល់​ មាន​ជា​ច្រើន​ប្រភេទ​។​ សត្វ​ស្លាប​ទឹក​ ទាំងនោះ​ជា​ប្រភេទ​សត្វ​កម្រ​នៅ​ភូមិ​ ភាគ​អាស៊ី​។​ ក្នុង​នោះ​មាន​ សត្វ​ស្មោញ​ សត្វ​រនាល​ស​ សត្វ​រនាល​ពណ៌​ សត្វ​ ទុង​ស​ សត្វ​ទុង​ប្រផេះ​ សត្វ​ត្រដក់​តូច​ ត្រដក់​ធំ​ សត្វ​ក្ង​ខ្លួន​ស​ សត្វ​អក​ត្រី​ក្បាល​ ប្រផេះ​ សត្វ​ពពូលទឹក​ សត្វ​អង្កត់ខ្មៅ​ សត្វ​ត្រ​កៀល​ខ្យង​ សត្វ​ក្អែកទឹក​ កុក​ គ្រោង​តូច​ កុកគ្រោង​ធំ​ ក្រសារ​ធ្នង់​ ក្រសារ​ប្រផេះ​ និង​ សត្វ​ក្វែ​ក​ជាដើម​។​
​ប្រភេទ​សត្វ​ស្លាប​ទឹក​ទាំងនេះ​ កំពុង​ រស់នៅ​ក្នុង​ព្រៃ​ទឹក​បឹង​ទន្លេសាប​នៃ​តំបន់​ ស្នូល​ព្រែក​ទាល់​ ស្ថិត​នៅ​ភូមិ​ព្រែក​ទាល់​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្ដបាត់ដំបង​ ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រសួង​បរិ​ ស្ថាន​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក្រសួងបរិស្ថាន​ បាន​ចាប់ផ្ដើម​អភិរក្ស​សត្វ​ស្លាប់​ទឹក​ដ៏​ កម្រ​នៅ​ តំបន់​ស្នូល​ព្រែក​ទាល់​នេះ​ កាលពី​ ឆ្នាំ​១៩៩៩​។​ ក្រោយមក​ នៅ​ អំឡុង​ឆ្នាំ​២០០៥​ ក៏​បាន​បង្កើត​ម​ជ្ឈ​ មណ្ឌល​គ្រប់គ្រង​តំបន់​ស្នូល​ព្រែក​ទាល់​ ថែម​ទៀត​។​ មជ្ឈមណ្ឌល​គ្រប់គ្រង​តំបន់​ ស្នូល​ព្រែក​ទាល់​នេះ​ បាន​បោះទីតាំង​ស្ថិត​ នៅ​ក្នុងភូមិ​ព្រែក​ទាល់​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្ដបាត់ដំបង​ ដោយ​បាន​ សង់​អគារ​ថ្ម​ខ្ពស់​មួយ​ មាន​បន្ទប់​ជា​ច្រើន​ សម្រាប់​ផ្ដល់​សេវា​ឱ្យ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​បាន​ថែម​ទៀត​។​
​ភ្ញៀវ​ទេសចរ​ ដែល​ធ្វើ​ដំណើរ​ពី​ខេត្ដ​ សៀមរាប​ ឬ​ក៏​ខេត្ដបាត់ដំបង​ទាំងនោះ​ ពួក​គេ​ត្រូវ​ទៅ​សំចត​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​តំបន់​ស្នូល​ព្រែក​ទាល់​។​ នៅ​តំបន់​ ស្នូល​ព្រែក​ទាល់​នោះ​ មាន​បង្កើត​សហ​ គម​ន៍​អេកូ​ទេសចរ​សម្រាប់​ផ្ដល់​សេវា​ ជូន​ភ្ញៀវ​ទេសចរ​តាម​រយៈ​ការ​ដឹក​ជញ្ជូន​ តាម​ទូក​កាណូត​ជូន​ភ្ញៀវ​ទៅ​ទស្សនា​ សត្វ​នៅ​តាម​ដងព្រៃ​ជាប់មាត់​ព្រែក​ នានា​ ដែល​ជា​ជម្រក​សត្វ​ស្លាប​ទឹកជា​ ច្រើន​ប្រភេទ​កំពុង​ផ្ដុំ​គ្នា​រស់នៅ​ទីនោះ​។​
​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​បន្ទាយ​សត្វ​ស្លាប​ព្រែក​ទាល់​បាន​អះអាង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ ធ្វើ​ដំណើរ​ទៅ​ ទស្សនា​សត្វ​បាន​កើន​ ឡើងជា​បន្ដបន្ទាប់​រាល់​ឆ្នាំ​។​

មជ្ឈមណ្ឌល​ បាន​កត់ត្រា​នូវ​គ្រប់​ចំនួន​ភ្ញៀវ​ ដែល​ ទៅ​កម្សាន្ដ​ ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ ទៅ​លើ​បន្ទាយ​សត្វ​ស្លាប​ទឹក​។​ ចំណូល​ ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ ទស្សនា​អំណោយ​សប្បុរសធម៌​ និង​ការ​ លក់ទំនិញ​ផ្សេងៗ​ ត្រូវ​បាន​យក​ទៅ​ប្រើ​ ប្រាស់​ចំណាយ​លើ​ការ​គ្រប់គ្រង​តំបន់​ ស្នូល​។​ ការ​បង្កើន​មុខរបរ​ទ្រទ្រង់​ជីវភាព​ ដែល​មិន​ប៉ះពាល់​បរិស្ថាន​។​ ការ​អប់រំ​ បរិស្ថាន​ដល់​សិស្សសាលា​ក្នុង​សហគមន៍​។​ ការ​ថែរក្សា​ និង​គ្រប់គ្រង​មជ្ឈមណ្ឌល​។​ ការ​ឧបត្ថម្ភ​ការ​អភិវឌ្ឍ​សហគមន៍​ មាន​ ភូមិ​បណ្ដែត​ទឹក​ចំនួន​៥​ ស្ថិត​នៅ​ជាប់​និង​ តំបន់​ស្នូល​ព្រែក​ទាល់​។​

​ទោះជា​យ៉ាងនេះ​ក្ដី​ក្រុម​មន្ដ្រី​បរិស្ថាន​ បាន​លើក​ឡើង​ថា​ មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ ដែល​ កំពុង​បម្រើ​ការ​ការពារ​បន្ទាយ​សត្វ​ស្លាប​ ទឹក​នោះ​បច្ចុប្បន្ន​មាន​ចំនួន​៣២​នាក់​ ពួក​គេ​បាន​ផ្លាស់​ប្ដូរ​វេន​យាម​គ្នា​ជា​ប្រចាំ​នៅ​បន្ទាយ​សត្វ​ស្លាប​។​ ប៉ុន្ដែ​ចំនួន​នេះ​ នៅ​ពុំ​ទាន់​គ្រប់គ្រាន់​ សម្រាប់​តម្រូវ​ ការ​ការពារ​បន្ទាយ​សត្វ​ស្លាប​ទឹក​ដ៏​កម្រ​ចង់​ផុត​ពូជ​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃដី​ ព្រៃ​ទំហំ​ជាង​ពីរ​ម៉ឺន​ហិ​កតារ​នោះ​បាន​ ទេ​។​

​បញ្ហា​នេះ​ ធ្វើ​ឱ្យ​គេ​មាន​ក្ដី​បារម្ភ​ថា​ ប្រភេទ​សត្វ​ស្លាប​ទឹក​ ដែល​កំពុង​រស់​ នៅ​ផ្ដុំ​គ្នា​នៅ​តំបន់​ស្នូល​ព្រែក​ទាល់​នោះ​ នៅ​តែ​អាច​ទទួល​រង​គ្រោះ​ ដោយ​គេ​ជឿ​ ថា​ ក្រុម​មនុស្ស​នៅ​តែ​អាច​លប​លួច​ ចូល​ទៅ​យក​ពង​របស់​វា​និង​បាញ់​សម្លាប់​ យក​មក​ ទទួលទាន​ថែម​ទៀត​​៕