
ច្រត់ព្រះនង្គ័លឆ្នាំនេះ គោឧសភរាជ បរិភោគពោត សណ្ដែក និងស្មៅ
ដោយ ៖ ប្រាថ្នា ថ្ងៃទី 09 ឧសភា 2012ម៉ោង 16:50:54
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ នៅទីលានវាលព្រះមេរុ ខាង ជើងព្រះបរមរាជវាំង មានប្រារឰព្រះរាជ ពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតី ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងមានការចូល រួមពីសំណាក់សម្ដេចព្រះសង្ឃរាជទាំង២ គណៈ, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ថ្នាក់ដឹកនាំជាន់ ខ្ពស់ក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជ រដ្ឋាភិបាល មន្ដ្រីរាជការ មន្ទីរក្រសួង នានា ព្រមទាំងបណ្ដាអង្គទូតប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា មហាជន និង សិស្សានុសិស្សជាច្រើនកុះករ ។
ពិធីច្រត់ព្រះនង្គ័លនាពេលនេះ ត្រូវ បានគេដឹងថា មានព្រះអង្គម្ចាស់ នេាត្ដម ចក្រាវុឌ្ឍ ជាស្ដេចនាគ និងព្រះអង្គម្ចាស់ ក្សត្រិយ៍ ស៊ីសុវត្ថិ ចាន់ស៊ីដា ជាមេហួ ។ លោកទី សុគន្ធ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាន់ នង្គ័លនាំមុខ និងលោកមាស រ៉េន ទីប្រឹក្សា សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកព្រះបរមរាជ វាំង កាន់នង្គ័លក្រោយ ។
បន្ទាប់ពីមានពិធីភ្ជួររាស់សាបព្រោះ ដែលស្ដេចមាឃ និងព្រះមេហួ ធ្វើជា និម្មិតរូបនៃការចាប់ផ្ដើមចាប់ផ្ដើមរដូវ ធ្វើស្រែចម្ការក្នុងព្រះរាជពិធីច្រត់ព្រះ នង្គ័លនេះរួចមក ក៏មានការផ្សងប្រផ្នូល លើការដាំដុះស្រែស្រូវចម្ការតាមរយៈ គោឧសភរាជ១នឹម ដែលលែងឱ្យបរិភោគ ភោគផល៧មុខមាន ពោត សណ្ដែក ល្ង ស្រូវ ស្មៅ ទឹក និងស្រា ។
អស់រយៈពេលច្រើននាទី គេបាន សង្កេតឃើញគោឧសភរាជ បានបរិភោគ ពោត សណ្ដែក និងស្មៅ ក្នុងចំណីអាហារ ទាំង៧មុខ ដែលដាក់តាំងនៅឯទីព្រះស្រែ កណ្ដាលវាលព្រះមេរុ ។ បន្ទាប់មកព្រះ ព្រាហ្មណ៍បានទស្សន៍ទាយទៅតាមតម្រា ពីការបរិភោគភោគផលនីមួយៗរបស់ គោឧសភរាជ ដោយបានបញ្ជាក់ថា ឆ្នាំ ២០១២នេះ កម្ពុជានឹងទទួលបានភោគ ផលពោតល្អប្រសើរ, សណ្ដែកទទួលបាន ផលល្អ, ហើយការដែលគោឧសភរាជ បរិភោគស្មៅនោះ បញ្ជាក់ថា កម្លាំង អូសទាញនឹងកើតមានជំងឺបន្ដិចបន្ដួច ។ ព្រាហ្មណ៍បានថ្លែងទៀតថា លទ្ធផលនេះ គឺផ្អែកតាមការផ្សងប្រផ្នូលពីបរមបុរាណ តែប៉ុណ្ណោះ ហើយព្រះរាជពិធីច្រត់ព្រះ នង្គ័លនេះ ក៏ជាការប្រាប់ប្រជាកសិករថា រដូវធ្វើស្រែចម្ការបានចូលមកដល់ ហើយ ដូច្នេះប្រជាកសិករទាំងអស់ ត្រូវ ត្រៀមលក្ខណៈឱ្យបានល្អនៅក្នុងការងារ បង្កបង្កើនផលនាពេលនេះ ។
នៅក្នុងពិធីច្រត់ព្រះនង្គ័លនេះដែរ នៅ កន្លែងប្រារឰព្រះរាជពិធីក៏មានតាំង បង្ហាញផលិតផលកសិកម្ម និងកសិ-ឧហ្សាកម្ម ព្រមទាំងអនុផលព្រៃឈើមក ពីបណ្ដាខេត្ដ-រាជធានី ចំនួន៤៥ស្ដង់ជូន ប្រជាពលរដ្ឋទស្សនាផងដែរ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ លោកសាយ ឈុំ អនុប្រធានទីព្រឹទ្ធសភា ជាស្ដេចមាឃ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ដ្រខេត្ដកំពង់ឆ្នាំង ជាមេហួ ហើយនៅឆ្នាំ២០១០ ព្រះរាជពិធីច្រត់ ព្រះនង្គ័លនេះដែរ បានប្រារឰធ្វើនៅខេត្ដ សៀមរាប ដែលមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វិជ្ជថរ៉ាវុឌ្ឍ ជាស្ដេចមាឃ និង ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម រស្មីផនីតា ជាមេហួ ៕
