
និស្ស័យស្នេហ៍ធីតាស្រែឬស្សី
ដោយ ៖ កញ្ញា សុគន្ធ ពុទ្ធី ថ្ងៃទី 26 តុលា 2010ម៉ោង 15:50:32
ការរស់នៅក្បែរគ្នាយូរៗទៅ ធ្វើឱ្យ បូរិន្ទ កាន់តែចូលចិត្ដនាងក្រមុំធីតាខ្លាំងឡើង ហើយជារៀង រាល់រាត្រីមុនចូលគេង នរៈ តែងចូលក្នុងបន្ទប់ដណ្ដប់ ភួយឱ្យនាងជានិច្ច ។
ក្នុងវ័យ ១៨ឆ្នាំ ក្រមុំធីតាប្រៀបដូចផ្កាក្រពុំ ដែលពោរពេញដោយលំអងដ៏ល្អផូរផង់ កែវនេត្រា ថ្លាយង់រួមផ្សំនឹងឫកពាសុភាព រាបសា ដំណើរល្វត ល្វន់ ត្រគាកសាយ ច្រមុះស្រួច សមនឹងបបូរមាត់ ព្រែក ចង្កាព្រែក ចិញ្ចើមកោងដូចឥន្ទនូសមជាមួយ ចង្កេះរាងរៀវដូចអង្ក្រង ។
ទឹកដមសំឡេងរបស់ធីតា ពីរោះរណ្ដំធ្វើឱ្យ ផលិតកម្មនានាទាក់ទងនាងថតដាក់ CD ហើយពេល យប់នាងច្រៀងឱ្យភោជនីយដ្ឋាននាគពីរ។ ជាក់ស្ដែង នាពេលល្ងាចនេះនាងស្លៀកពាក់យ៉ាងស្រស់ស្អាត មិនឆើតឆាយទេ ភាពរម្យទមរបស់នាងនៅតែស្ដែង ឡើងតាមរយៈអាកប្បកិរិយា ។
នាងកំពុងបញ្ចេញកាយវិការល្វតល្វន់នៅលើ ឆាក រូបសម្រស់ស្រស់ស្អាតសក្ដិសមជាមួយរ៉ូប ពណ៌ផ្កាឈូកវាលបន្ដិចរឹតតែធ្វើឱ្យលំអពីធម្មជាតិ របស់នាងលេចធ្លោឡើងស្នាមញញឹមថ្ពាល់ខួច មាន មន្ដស្នេហ៍របស់នាងគេចមិនផុតពីក្រសែភ្នែកបុរស ពោះម៉ាយម្នាក់ ដែលអង្គុយមើលនាងមិនដាក់ភ្នែក នោះឡើយ គាត់នៅស្ងៀមស្ងាត់មិនញញឹមឬអ្វីទេ ។ ក្រោយពីធីតាច្រៀងចប់ សំឡេងទះដៃប្រាវៗលាន់ ឮឡើង នាងថ្លែងវាចាអរគុណ ហើយដើរចេញពីឆាក សំដៅទៅបន្ទប់ផ្លាស់សំលៀកបំពាក់ ព្រោះមួយយប់ នាងច្រៀង តែមួយបទទេ បន្ទាប់ពីនោះត្រឡប់មក ផ្ទះជាមួយ បូរិន្ទ ។ បុរសពោះម៉ាយម្នាក់នោះ គឺ លោករ៉ា ស៊ី ក្រោយពីលោកត្រឡប់មកផ្ទះវិញ នារា ត្រីនេះ លោកនៅសុខសោះ ហើយក៏យករូបថត របស់នាង ដែលលោកលួចថតយកមកមើលលោក សែនពេញចិត្ដនឹងសម្រស់នាងរួមផ្សំនឹងឫកពាសុភាព រាបសារបស់នាង ។ ប្រហែលជាពីរខែ ក្រោយមកលោកក៏ឱ្យចាស់ទុំចូលស្ដីដណ្ដឹងធីតា ។ លោក រ៉ា ស៊ី គឺជាឯកឧត្ដមម្នាក់នៅភ្នំពេញ លោកមាន ជំនួញជាច្រើនតាមផ្លូវសុចរិត លោកត្រូវភរិយា របស់លោកផិតក្បត់ ហើយលោកក៏លះលែងជាមួយ ភរិយាលោក ។
ព្រឹកនេះ នៅភូមិគ្រឹះលោក ស៊ី ធួន គេឃើញ ចាស់ទុំប្រហែលជាង១០នាក់ រួមទាំងលោក រ៉ា ស៊ី ចូលមកអង្គុយជំនុំពិភាក្សាជាមួយលោក ស៊ី ធួន ជា អាណាព្យាបាល ។ បូរិន្ទ មិនសប្បាយចិត្ដសោះនឹង វត្ដមានពួកអ្នកធំៗទាំងនេះ ចំណែកឯស្រស់ស្រី ធីតា ក៏មិនបានដឹងដូចគ្នាថា តើលោក រ៉ា ស៊ី មានគោល បំណងអ្វីមកទីនេះ ? ចាស់ៗកំពុងជជែកគ្នា នាងមិន ខ្វល់ក៏ដើរតំរង់ទៅរក បូរិន្ទ លេងព្យាណូនៅបន្ទប់ ក្រោយស្រីតូចដើរយឺតៗមិនហៅ នរៈ ទេ នាងឈរ ស្ដាប់ចង្វាក់ភ្លេងដែលបូរិន្ទលេង ហើយនាងក៏ដឹង អំពីរបៀបច្រៀងបទនេះដែរ ។ បូរិន្ទឈប់លេង ធីតា ធ្លាប់ស្និទ្ធស្នាលជាមួយ បូរិន្ទ ស្រាប់ នាងបានដើរ ទៅឈរពីក្រោយយកដៃទាំងពីរទៅបិទភ្នែក នរៈ ជាប់ បូរិន្ទចាប់ដៃដ៏ស្រឡូនរបស់ស្រី ហើយនិយាយស្មើ ៖
-ធ្យូង... ! លែងទៅ !
-ពូរិន្ទ....ហ្អ៎...! បទនេះពិរោះណាស់ ថ្ងៃណា ទំនេរ ពូជាអ្នកលេងព្យាណូ ខ្ញុំជាអ្នកច្រៀងណា៎...!
-ពូ...!គិតថាប្រហែលជាគ្មានពេលនោះទេ ។
-ហេតុអ្វីទៅពូ? ពូរិន្ទ...ខ្ញុំឃើញចាស់ៗ មក ផ្ទះយើងច្រើនណាស់ មិនដឹងមានការអ្វីទេ ? ពូដឹង ទេ? ប្រាប់ខ្ញុំផងមក ?
-នេះ ធ្យូងនៅធ្វើពើ តើមែនទេ ?
-ខ្ញុំពិតជាអត់ដឹងមែន! ពូប្រាប់ខ្ញុំផងបានទេ ? ហើយខ្ញុំក៏មិនយល់ពីសំដីពូនិយាយដែរ ។
-គឺ....គឺ....គេមក.... ស៊ើបសួរធ្យូង ហ្នឹងណា លោក រ៉ា ស៊ី ចង់បានធ្យូង ធ្វើជាភរិយាណា៎ ! កុំ ធ្វើ ដូចក្មេងទៀត ពេលមានប្ដីនៅខ្លាចគេមើលងាយ ធ្យូងធំហើយ ត្រូវធ្វើខ្លួនឱ្យល្អសក្ដិសមជាជំទាវណាដឹងទេ ?
-ពូថាម៉េច ? លោក រ៉ា ស៊ី ចង់បានខ្ញុំធ្វើ ជាប្រពន្ធ ! (នាងហួសចិត្ដបើកភ្នែកធំៗ)
-បើធ្យូងរៀបការ...ហ៊ឺពូ សុរិន្ទ គិតយ៉ាងម៉េច ...ព្រោះគាត់ជិតមកធានាធ្យូងទៅនៅអាមេរិក ហើយ តែរឿងរៀបការនេះសំរេចលើម្ដាយធ្យូង និង ធ្យូងផ្ទាល់...ពូគិតថាពេលធ្យូងរៀបការនឹងមាន សេចក្ដីសុខ ព្រោះមើលទៅលោក រ៉ាស៊ី ជាមនុស្ស ចាស់ទុំនឹងធ្វើការធំមានបុណ្យសក្ដិ កិត្ដិយសធំណាស់។ គាត់ពោះម៉ាយយូរហើយ តាមលោកប៉ាប្រាប់ពូ... តែពូមិនបានចាប់អារម្មណ៍ ។
ក្រោយពីឮបូរិន្ទនិយាយចប់ កាលណា នាង ហាក់ដូចជាមានអ្វីបុកចំបេះដូងឱ្យឈឺចាប់ចង់យំ ថ្វីត្បិតតែនាងគោរពបូរិន្ទពិតមែន តែមិនមែនបាន ន័យថា អនាគតរបស់នាង បូរិន្ទ ជាអ្នកសំរេចនោះ ទេ ព្រោះនាងជាជំពូកនារីដែលមិនប្រាថ្នាបុណ្យសក្ដិ ទ្រព្យសម្បត្ដិជាធំឡើយ សំខាន់គឺស្ថិតនៅលើចិត្ដគំនិត ដែលនិយាយត្រូវគ្នាចេះបែងចែករំលែកសេចក្ដីសុខ ដល់គ្នា ។ នាងហាក់ខឹងនឹងបូរិន្ទ ដែលយល់ថា នាង ជាជំពូកមនុស្សស្រីដែលស្រឡាញ់មាស ពេជ្រ កិត្ដិយស នាងស្រដីតបទៅវិញដោយក្លាហាន ៖
-តែខ្ញុំមិនដែលគិតទេ....ម្យ៉ាងទៀតពូកុំចេះ តែទុកដាក់ខ្ញុំជាមួយលោករ៉ា ស៊ី នោះ...ការរៀបការ មិនមែនឃើញភ្លាមស្រឡាញ់ភ្លែតនោះទេ... ហេតុ អ្វីពូចង់ឱ្យខ្ញុំរៀបការជាមួយគាត់ ?
-ព្រោះគាត់ជាអ្នកធំ....ថ្នាក់ឯកឧត្ដម...បើ នាងរៀបការជាមួយគាត់នាងនឹងក្លាយជាជំទាវ..!
-បើពូចង់ក្លាយជាជំទាវ ពូរៀបការខ្លួនឯងទៅ កុំយកខ្ញុំទៅប្រៀបធៀប ព្រោះខ្ញុំមិនដែលប្រាថ្នា ឋានៈខ្ពស់បែបនោះឡើយ ពិសេសខ្ញុំជាមនុស្សមិន ភ្លេចកំណើតរបស់ខ្លួនទេ ! ខ្ញុំជាអ្នកណា ? មកពីណា ? ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់...ពូមើលខ្ញុំច្រឡំហើយ ខ្ញុំ មិនដែលប្រាថ្នាខ្ពស់ទេ ព្រោះខ្ញុំជាអ្នកស្រែក្រខ្សត់ ។
-ខ្ញុំចង់ឱ្យនាងបានសុខណា៎ ! ខ្ញុំគិតថា លោក រ៉ា ស៊ី ជាមនុស្សល្អសក្ដិសមនឹងនាង ។
-ខ្ញុំមិនចង់ស្ដាប់ពូនិយាយទេ.. បើប្រធានបទ ពូនៅពេលនេះតែប៉ុណ្ណឹង ខ្ញុំឈប់និយាយជាមួយពូ ហើយ...!
-ធ្យូង កុំរឹងរូសណា៎...!
-ពូគ្មានថ្ងៃដឹងថាបេះដូងខ្ញុំមានអ្នកណាឡើយ ។
-នេះបានន័យថា បេះដូងនាងមានម្ចាស់ ហើយ មែនទេ ? ហ៊ឺ...មិននឹកស្មានសោះសូម្បីតែបុរស ដែលនាងស្រឡាញ់ ក៏ខ្ញុំគ្មានសិទ្ធិដឹង ដែរ...សុំទោស ចុះ ធីតា ខ្ញុំមិនចង់ដឹងពីនាង ទេ...!
-ត្រឹមត្រូវ...!ពូកុំចង់ដឹងអី គិតតែខ្លួនពូវិញ ទៅសុកញ្ញាតាមពូ....តាមស្រឡាញ់ពូ តើពូគិត បែបណា? ឬក៏ពូចង់តាំងខ្លួនជាព្រាននារី?
-ធីតា...!(ពាក្យធីតា បូរិន្ទមិនដែលប្រើជា មួយនាងទេ ទើបតែពេលនេះនរៈ ហៅឈ្មោះនាង ចំៗតែម្ដង។ ឯស្រីតូចក៏ប្លែកចិត្ដដែរ ព្រោះនរៈ ធ្លាប់ហៅនាងថាធ្យូងៗរហូតមក) នាងធំហើយ... ដុះស្លាប អាចហើរបានដោយខ្លួនឯងហើយ ហេតុនេះនាង ចេះតមាត់នឹងខ្ញុំបានល្អណាស់ន៎ !
-ខ្ញុំមិនហ៊ានទេ លោកបូរិន្ទ ព្រោះខ្ញុំនៅជំពាក់ គុណលោកធំធេងណាស់ ហេតុនេះលោកយកសិទ្ធិ នេះមកបង្ខំខ្ញុំ... ឱ្យរៀបការប្រាសចាកពីបំណង នៃ ចិត្ដ របស់ខ្ញុំ ខ្ញុំមិនព្រមដាច់ខាត លោកកុំសង្បឹមថា ខ្ញុំយល់ព្រមនោះ !
-នេះនាងថាឱ្យខ្ញុំឬ ? ត្រូវចាំថាបុរសទីក្រុង គ្មានមួយណាល្អទេ កុំគិតងាយ ។
-អូ ! អញ្ចឹងពូសារភាពហើយ ដូច្នេះពូក៏មិន ល្អដូចគ្នា ព្រោះពូក៏ជាបុរសទីក្រុងដែរ ។
-អ្នកដែលដឹងច្បាស់ គឺខ្លួនខ្ញុំផ្ទាល់តែប៉ុណ្ណោះ ។
-ប្រាកដហើយ អ្នកដឹងថាខ្លួនបានធ្វើអ្វីខ្លះមាន តែខ្លួនឯងទេ ដែលដឹងនោះ ឯខ្ញុំដឹងខ្លួនច្បាស់ថា ខ្ញុំ មិនរៀបការជាមួយលោក រ៉ា ស៊ី ទេ។
-ធីតាចង់មានន័យថាម៉េចហ្នឹង ?
-គឺថា ខ្ញុំមិនរៀបការជាមួយលោករ៉ា ស៊ី ទេ លោកស្រឡាញ់អ្នកនាងសុកញ្ញា ហើយសុកញ្ញាក៏ ស្រឡាញ់លោកខ្លាំងបំផុតដែរ...តើខ្ញុំនិយាយត្រូវទេ ?
-នរណាប្រាប់នាងដូចនេះ ? (គេសួរចាក់ បណ្ដោយតែម្ដងទៅ ) ។
-ខ្ញុំដឹង...លោកមានសិទ្ធិស្រឡាញ់នរណាបាន ចុះចំណែកខ្ញុំ ខ្ញុំក៏មានសិទ្ធិស្រឡាញ់អ្នកដែលខ្ញុំចូល ចិត្ដដែរ លោកមិនអាចបង្ខំខ្ញុំបានទេ ព្រោះបេះដូង ខ្ញុំមានម្ចាស់ហើយ... ខ្ញុំហាមណា៎ ! មិនឱ្យលោក និយាយពីឈ្មោះលោក រ៉ាស៊ី នោះទេ ។
-នាងស្រឡាញ់នរណា ? ឬមួយក៏ម្នាក់ពាក់ កម្រងផ្កាឱ្យនៅលើឆាកនោះ មិននឹកស្មានថា ចិត្ដ នាងងាយដល់ថ្នាក់នេះទេ !
-លោកគ្មានថ្ងៃដឹងទេ !
ចំណែកចាស់ៗនៅបន្ទប់ទទួលភ្ញៀវវិញ ម្នាក់ៗ ទឹកមុខស្មើគ្រប់គ្នា ព្រោះលោក ស៊ី ធួន បានជំរាប ដល់ពួកគាត់ថា រឿងធីតាមានតែម្ដាយនាង និងរូប នាងផ្ទាល់តែប៉ុណ្ណោះជាអ្នកសំរេច ។
យប់យន់ស្ងាត់សូន្យ ខ្យល់បក់មករំភើយៗធ្វើ ឱ្យស្លឹកដូងប៉ះគ្នា លាន់ដូចជាភ្លេងធម្មជាតិ ។ នៅ ក្នុងភូមិគ្រឹះលោក ស៊ី ធួន វិញ បូរិន្ទកំពុងអង្គុយក្នុង រានហាលផ្ទះត្រមង់ត្រមោចម្នាក់ឯង រកនឹកអ្នកដែល ធីតាស្រឡាញ់នោះ គេខ្លាចនាងស្រឡាញ់ប៉ះលើប្រុស ព្រានធ្វើបាបនាង ។ ម្យ៉ាងទៀតគេខ្វល់អំពី សុកញ្ញា ដែលចេះតែតាមលួងលោមយកចិត្ដយកថ្លើម នរៈ ឥតឈប់ធ្វើឱ្យ នរៈ ធុញទ្រាន់ ។ នរៈ ដើរទៅចាក់ សោបន្ទប់ ធីតា មើលនាងតើគេងលក់ហើយ ឬនៅ ? នេះ ជាទម្លាប់របស់ នរៈ តាំងពី ធីតា នៅជាកុមារី ម្ល៉េះ ។ កំលោះសង្ហាបើកទ្វារចូលភ្លាម ស្រាប់តែ ធីតា ទើបតែចេញពីបន្ទប់ទឹកចងពុងកន្សែងពោះ គោ ពណ៌ផ្កាឈូក បញ្ចេញសាច់សខ្ចី នាងធ្វើភ្នែក ភ្លឺ ដោយអៀនខ្មាស ព្រោះ បូរិន្ទ ឈរមើលនាងឡើង ភ្លឹកភ្លេចខ្លួនស្រីយកដៃខ្ទប់ដើមទ្រូងបើកភ្នែកធំៗ ស្ដីទៅ បូរិន្ទ ៖
-លោកមើលអី ? ស្អប់ណាស់ ! (ស្រីស្ទុះ ទៅ យកអាវមកគ្របពីលើខ្លួន ហើយថយក្រោយឈរ ឆ្ងាយពី នរៈ បូរិន្ទ ញញឹមមិនចេញស្ដី ស្រីស្ដីឱ្យទៀត ។
-លោកមានការអ្វី? ហេតុអ្វីមិននិយាយ? ដឹង ទេ ខ្ញុំខ្មាសលោកណា៎ !
-ស្មានថាខ្លួននាង ខ្ញុំមិនដែលឃើញមែនទេ ? កុំអួតពេកនោះ...អ្វីនៅលើខ្លួននាងខ្ញុំដឹងទាំងអស់... នែ៎... ចង់ឱ្យខ្ញុំថាទេ ប្រជ្រុយនៅកន្លែងណាខ្លះ ?
-លោក...! (នាងនិយាយមិនចេញបើក ភ្នែក ធំៗប៉ុនហ្វាឡាន ។
-ណ្ហើយ ស្លៀកពាក់ទៅប្រញាប់ចូលគេងយប់ ជ្រៅហើយ ខ្លាចបាត់បង់សម្រស់អ្នកដែលនាងស្រឡាញ់ គេឈប់ស្រឡាញ់នាង ។
-រាត្រីសួស្ដី ! នាងមិនតបទេ សែនក្នាញ់នឹង បុរសនេះពូកែផ្គើន ស្រីបើកទ្វារឱ្យ នរៈ ចេញទៅបាត់ នាងបិទទ្វារត្រឡប់មកអង្គុយលើពួកវិញ ធ្វើមុខក្រញូវ ហើយរអ៊ូម្នាក់ឯង“សុខៗមកលើកឯងឱ្យអ្នកនេះអ្នក នោះទៅកើតគួរឱ្យស្អប់ណាស់”ថ្ងៃខែចេះតែកន្លងផុត ទៅលោក ស៊ី ធួន ត្រូវទៅធ្វើសិក្ខាសាលាអំពីតន្ដ្រី បុរាណនៅឥណ្ឌាពីរសបា្ដហ៍ ដូចនេះ បូរិន្ទ និងធីតា នៅផ្ទះតែពីរនាក់ប៉ុណ្ណោះ ។
ធីតា ខំច្រៀងដាក់ស៊ីឌី កាសែតឱ្យក្រុមហ៊ុន នានា និងមានឱកាសចូលក្នុងកម្មវិធីទូរទស្សន៍ទៀត ផង ។ ថ្ងៃនេះក្រោយពីត្រឡប់មកពីច្រៀងវិញ នាង ចូលក្នុងបន្ទប់គេងភ្លាម ព្រោះនាងឈឺក្បាលហើយ ព្រី សម្បុរខ្ញាកៗចង់គ្រុន ។ បូរិន្ទ ត្រឡប់មកពីក្រៅ វិញតំរង់ទៅរកអីញាំុនៅបន្ទប់បាយ ព្រោះម៉ោងជាង ១២ថ្ងៃត្រង់ ហើយទៅដល់ នរៈ ប្លែកចិត្ដណាស់ នៅ លើតុម៉ោងប៉ុណ្ណេះហើយ គ្មានអីញាំុសោះរាល់ដង មានម្ហូបគ្របទុកពាសពេញតុ គេក៏ប្រញាប់ទៅ ជាន់ខាងលើទ្វារមិនបានចាក់សោទេ គេក្រឡេកទៅ ឃើញសក់រញ៉េរញ៉ៃ ពេញខ្នើយស្ទាបថ្ងាសនាងក្ដៅ ដូចភ្លើង នរៈ ភ័យស្ទុះទៅយកចានក្បាក់ដាក់ទឹក ជ្រលក់កន្សែងជូតខ្លួនឱ្យស្រី នាងលែងដឹងខ្លួនទៅ ហើយ នរៈ ផ្លាស់សំលៀកបំពាក់នាងរួចរាល់ជូតបន្ដ ទៀតបន្ទាប់ មករត់ទៅយកថ្នាំពីបន្ទប់ផ្ទាល់ខ្លួនគេ មកឱ្យនាងញាំុ នាងបើកភ្នែកព្រឹមៗក៏យល់ព្រម លេបថ្នាំដែល បូរិន្ទ ដាក់ចូលក្នុងមាត់ ។ នរៈ ក៏ស្ទុះ ទៅបន្ទប់បាយដាក់ដាំបបរឱ្យនាងមិនយូរប៉ុន្មាន បបរ ឆ្អិនដួសដាក់កូនថាស តំរង់មកបន្ទប់ធីតា ស្រីមាន អារម្មណ៍ថា ស្វាងខ្លះហើយចង់ងើប តែងើបមិនរួច សោះ ដួលលើពូកវិញ បូរិន្ទ ដាក់ថាសបបរលើតុ ប្រញាប់មកជួយលើកស្រី ។
-នាងចង់ងើបមែនទេ ?
-ចា៎ស់.... ខ្ញុំចង់ទៅបន្ទប់ទឹក ។
-បាទ...ម៉ោះអញ្ចឹង ។
នាងដើរចូលទៅក្នុងបន្ទប់ទឹកទាំងដំណើរទ្រេត ទ្រោត បន្ទាប់មកនាងចេញមកវិញ ស្រីបើកភ្នែក ធំៗហើយសួរ !
-អ្នកណាផ្លាស់សំលៀកបំពាក់ខ្ញុំ ?
-គឺខ្ញុំ... ព្រោះនាងក្ដៅខ្លួនខ្លាំងពេក គ្រាន់ តែ ឮដូចនេះ ស្រីខឹងណាស់ បែរជាមានជាមានទឹកភ្នែក ហើយទះកំផ្លៀង បូរិន្ទ មួយដៃផាំង ។
-លោកព្រហើនណាស់...!ខ្ញុំមិនចូលចិត្ដ លោក ធ្វើបែបនេះទេ លោកស្ដាប់បានទេ ? ខ្ញុំមិនមែនក្មេង ទៀតទេ ខ្ញុំធំហើយ ខ្ញុំមិនចង់ឱ្យលោកគិតថា ខ្ញុំក្មេង ទៀតទេ...ហ៊ឺ....ហ៊ឺ...លោកមើលងាយខ្ញុំ កិត្ដិយសជា ស្រីរបស់ខ្ញុំ លោកជាន់ឈ្លីអស់ហើយលោកដឹងទេ ?
-កុំស្មានថា ខ្ញុំចង់ធ្វើនោះ ! (បូរិន្ទធ្វើហី មិន ចាប់អារម្មណ៍ នឹងការទះរបស់នាងទេ ហើយគេដើរ ចេញទៅក្រៅបាត់ ទុកឱ្យនាងនៅយំម្នាក់ឯង នាង សំឡឹងមើលទៅថាសបបរនាងនឹកឃើញគេធ្វើល្អ នឹងនាង ដើម្បីឱ្យនាង រៀបការជាមួយលោក រ៉ា ស៊ី តែប៉ុណ្ណោះ។ មួយ សន្ទុះ បូរិន្ទ ចូលមកវិញ លើក បបរនេះដាក់ក្បែរស្រីហើយដួសបញ្ចុកស្រី ៖
-ញាំុបបរនេះទៅ ព្រោះមួយថ្ងៃពេញហើយ គេងរហូតមិនញ៉ាំអីសោះ ។
-ខ្ញុំមិនញ៉ាំទេ លុះត្រាតែលោកឈប់បង្ខំ ឱ្យខ្ញុំ រៀបការជាមួយ លោក រ៉ា ស៊ី ។
-អូខេ ! ខ្ញុំសន្យាឈប់និយាយហើយ នាងស្រ- ឡាញ់អ្នកណាក៏បានដែរ តែខ្ញុំសុំស្គាល់គេផងណា !
-ចា៎ស់ ! លោកនឹងដឹងនៅពេលក្រោយ។ (នាង ញញឹមស្រស់) ។
-បើដូចនេះ ខំញ៉ាំបបរទៅខំថែរក្សាខ្លួនដើម្បី មនុស្សដែលយើងស្រឡាញ់ ។
-ចា៎ !
បូរិន្ទ បញ្ចុកបបរធីតា ដែលជាលើកទី១ ក្នុង ជីវិតនាយ ។ នរៈ ឱ្យនាងគេងថ្មមៗទៅកន្សែងស្ដើង ដណ្ដប់លើប្រាណស្រី ។ រួចរាល់គេចេញមកខាងក្រៅ វិញ ។ ធីតាជាសះស្បើយដូច ដើមទៅច្រៀងនៅ ភោជនីយដ្ឋាននាគពីរដូចធម្មតា ដោយទៅជាមួយ បូរិន្ទ ទៅដល់ធីតា ឃើញសុកញ្ញាអង្គុយចាំ បូរិន្ទ ស្រេចនៅទីនោះ ធីតា ទំលាក់ទឹកមុខដើរសំដៅកន្លែង តុបតែង ខ្លួនមុនឡើងឆាក ដោយភក្ដ្រស្រពោន ។ បូរិន្ទ និយាយជាមួយនាងពីរបីម៉ាត់ក៏ដើរតំរង់វង់ ភ្លេងដើម្បីលេងព្យាណូ ។ រាត្រីនេះ ធីតា ច្រៀងដូចជា មិនលះសោះទស្សនិកជនដែលធ្លាប់តែសរសើរនាង គាំទ្រនាង ឥឡូវពួកគេមើលមុខគ្នាឡឹងឡង់និយាយ ៖
(នៅមានត)
