ខ្សឹប​ដាក់​ត្រចៀក​ ៖​ នាយ​រង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ដរតនគិរី​ឈ្មួញ​ឈើ​ដ៏​ធំ​ដែល​ថ្នាក់លើ​មិន​អើពើ​

ដោយ​ ៖ សហការី​ ថ្ងៃទី 25 ឧសភា 2012ម៉ោង 10:50:49

មន្ដ្រី​តាម​មន្ទីរ​ជុំវិញ​ខេត្ដ​ និង​សមត្ថកិច្ច​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​ ដឹក​ជញ្ជូន​ឈើ​របស់​លោក​ងិ​ន​ អូន​ នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដរតនគិរី​ ដែល​បាន​យក​តួនាទី​ក្នុង​ជួរ​នគរបាល​ ជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ជា​ឥទ្ធិពល​ដ៏​អាក្រក់​ប៉ះពាល់​ដល់​សមត្ថកិច្ច​ និង​ អង្គភាព​របស់​ខ្លួន​ ។​

គេ​បានឱ្យ​ដឹង​ថា​ ងិ​ន​ អូន​ តែងតែបាន​ដឹកឈើ​ប្រភេទ​លេខ​២​ និង​ឈើ​ប្រណីត​ ចេញពី​តំបន់​ស្រុក​លំ​ផាត់​ យក​មក​ស្ដុក​ទុក​នៅផ្ទះ​របស់​ខ្លួន​ផ្ទាល់​ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្ដរតនគិរី​ ដើម្បី​ចែកចាយ​នៅ​ក្នុង​ខេត្ដ​ក៏​ដូច​ ជា​បន្ដ​លក់​ឱ្យ​ឈ្មួញ​ដទៃ​ទៀត​ ហើយ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​ និង​ជំនាញ​រដ្ឋបាល​ព្រៃ​ ឈើ​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​នេះ​នៅឡើយ​ទេ​។​

ជា​ទូទៅ​គេ​បានឃើញ​នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ រូប​នេះ​ដឹកឈើ​ចេញពី​ស្រុក​លំ​ផាត់​ មក​កាន់​ក្រុង​បាន​លុង​ ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​ណាស់​ ក៏​២-៣​ឡាន​ ប្រភេទ​ជា​រថយន្ដ​តូ​យូ​តា​ និង​គោ​យន្ដ​កែ​ច្នៃ​ ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​ ហាក់​ មិន​ខ្លាចរអា​បន្ដិច​ណា​សោះ​ចំពោះ​សមត្ថកិច្ច​ ។​

អ្វី​ដែល​លោក​ងិ​ន​ អូន​ នៅ​តែ​មានឱកាស​ដឹក​ជញ្ជូន​ឈើ​ក្នុង​នាម​ជាម​ន្ដ្រី​នគរ​ បាល​ជាតិ​បំពាន​ពី​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​នេះ​ អាច​នឹង​ពាក់ព័ន្ធ​ទៅ​នឹង​សាមី​ អង្គភាព​ផង​ដែរ​ ទទួលផល​ប្រយោជន៍​ណាមួយ​ពី​បុគ្គល​រូប​នោះ​ ទើប​មាន​ភាព​ធូរ​ រលុង​មិន​មាន​វិធានការ​លុប​បំបាត់​ ។​ ម្យ៉ាងវិញទៀត​ងិ​ន​ អូន​ ក៏​បាន​គិតគូរ​ផង​ដែរ​ ទៅ​ដល់​សមត្ថកិច្ច​ និង​ជំនាញ​រដ្ឋបាល​ពាក់ព័ន្ធ​ ទើប​មុខ​ជំនួញ​ដឹក​ជញ្ជូន​ឈើ​របស់​ គាត់​ កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ក្រុង​បាន​លុង​ និង​ចែកចាយ​ ក៏​ដូច​ជា​ចេញ​ មុខ​ដ៏​ចំហ​ក្នុង​ការ​លក់​ឈើ​ខុសច្បាប់​ទាំងនោះ​ ។​

អាជ្ញាធរ​ខេត្ដ​ក៏​ដូច​ជា​ លោកស្នងការ​គួរតែ​មាន​វិធានការ​ចាត់ទុកជា​កម្មវត្ថុ​ ចំពោះ​បទល្មើស​ព្រៃឈើ​ ហើយ​សមត្ថកិច្ច​ជា​អ្នក​ចេញ​មុខ​ជំនួញ​ឈើ​ដោយ​ផ្ទាល់​ នេះ​ កាន់តែ​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​សាមី​អង្គភាព​មានឱកាស​ក្នុង​ការ​លុប​បំបាត់​ ឬ​ដក​ ហូត​មុខ​តំណែង​ណាមួយ​ ស្រប​ពេល​ដែល​គេ​អនុវត្ដន៍​ផ្ទុយ​ពី​គោលការណ៍​ថ្នាក់លើ​ និង​យក​តួនាទី​ជាម​ន្ដ្រី​នគរបាល​ជាតិ​ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ ដែល​ជា​ការ​រឹត​ បន្ដឹង​របស់​រាជរដ្ឋាភិបាល​នោះ​ ៕