
ខ្សឹបដាក់ត្រចៀក ៖ នាយរងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្ដរតនគិរីឈ្មួញឈើដ៏ធំដែលថ្នាក់លើមិនអើពើ
ដោយ ៖ សហការី ថ្ងៃទី 25 ឧសភា 2012ម៉ោង 10:50:49
មន្ដ្រីតាមមន្ទីរជុំវិញខេត្ដ និងសមត្ថកិច្ចបានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាព ដឹកជញ្ជូនឈើរបស់លោកងិន អូន នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដរតនគិរី ដែលបានយកតួនាទីក្នុងជួរនគរបាល ជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើជាឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់សមត្ថកិច្ច និង អង្គភាពរបស់ខ្លួន ។
គេបានឱ្យដឹងថា ងិន អូន តែងតែបានដឹកឈើប្រភេទលេខ២ និងឈើប្រណីត ចេញពីតំបន់ស្រុកលំផាត់ យកមកស្ដុកទុកនៅផ្ទះរបស់ខ្លួនផ្ទាល់ស្ថិតនៅភូមិ៣ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី ដើម្បីចែកចាយនៅក្នុងខេត្ដក៏ដូច ជាបន្ដលក់ឱ្យឈ្មួញដទៃទៀត ហើយពុំទាន់ឃើញសមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃ ឈើមានវិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់នេះនៅឡើយទេ។
ជាទូទៅគេបានឃើញនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រូបនេះដឹកឈើចេញពីស្រុកលំផាត់ មកកាន់ក្រុងបានលុង ក្នុង១ថ្ងៃយ៉ាងហោចណាស់ ក៏២-៣ឡាន ប្រភេទជារថយន្ដតូយូតា និងគោយន្ដកែច្នៃ ដឹកទាំងយប់ទាំងថ្ងៃ ហាក់ មិនខ្លាចរអាបន្ដិចណាសោះចំពោះសមត្ថកិច្ច ។
អ្វីដែលលោកងិន អូន នៅតែមានឱកាសដឹកជញ្ជូនឈើក្នុងនាមជាមន្ដ្រីនគរ បាលជាតិបំពានពីគោលការណ៍របស់ថ្នាក់ដឹកនាំនេះ អាចនឹងពាក់ព័ន្ធទៅនឹងសាមី អង្គភាពផងដែរ ទទួលផលប្រយោជន៍ណាមួយពីបុគ្គលរូបនោះ ទើបមានភាពធូរ រលុងមិនមានវិធានការលុបបំបាត់ ។ ម្យ៉ាងវិញទៀតងិន អូន ក៏បានគិតគូរផងដែរ ទៅដល់សមត្ថកិច្ច និងជំនាញរដ្ឋបាលពាក់ព័ន្ធ ទើបមុខជំនួញដឹកជញ្ជូនឈើរបស់ គាត់ កាន់តែមានទ្រង់ទ្រាយធំនៅក្នុងក្រុងបានលុង និងចែកចាយ ក៏ដូចជាចេញ មុខដ៏ចំហក្នុងការលក់ឈើខុសច្បាប់ទាំងនោះ ។
អាជ្ញាធរខេត្ដក៏ដូចជា លោកស្នងការគួរតែមានវិធានការចាត់ទុកជាកម្មវត្ថុ ចំពោះបទល្មើសព្រៃឈើ ហើយសមត្ថកិច្ចជាអ្នកចេញមុខជំនួញឈើដោយផ្ទាល់ នេះ កាន់តែធ្វើឱ្យអាជ្ញាធរ និងសាមីអង្គភាពមានឱកាសក្នុងការលុបបំបាត់ ឬដក ហូតមុខតំណែងណាមួយ ស្របពេលដែលគេអនុវត្ដន៍ផ្ទុយពីគោលការណ៍ថ្នាក់លើ និងយកតួនាទីជាមន្ដ្រីនគរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដែលជាការរឹត បន្ដឹងរបស់រាជរដ្ឋាភិបាលនោះ ៕
