
តន្ដ្រីករបារាំង Thibault Cauvinមកសម្ដែងនៅកម្ពុជា
ភ្នំពេញៈ នៅថ្ងៃទី១ ខែមិថុនា វេលាម៉ោង១៩ វិទ្យាស្ថានបារាំងនៅកម្ពុជា នឹងទទួលស្វាគមន៍លោក Thibault Cauvin ជាអ្នកលេងហ្គីតាជនជាតិបារាំងដ៏មានប្រជាប្រិយសម្រាប់ការប្រគំតន្ដ្រីនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ។
យោងតាមប្រភពព័ត៌មានពីវិទ្យាស្ថានបារាំងបានបញ្ជាក់ថា លោក Thibault Cauvin មានអាយុ២៧ឆ្នាំ ។ គាត់ធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងពិភពលោកដើម្បីចែករំលែកសេចក្ដីស្រឡាញ់របស់គាត់ចំពោះតន្ដ្រីនិងហ្គីតាបែបបុរាណជាមួយមនុស្សជាច្រើន ។ អ្នកមានទេពកោសល្យវ័យក្មេងម្នាក់នេះដែលត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងមហោស្រព និងការសម្ដែងល្បីៗបំផុតជាច្រើន បានឡើងសម្ដែងរាប់ពាន់ដងនៅក្នុងទ្វីបទាំង៥ ។ ពីក្រុងញូវយ៉កដល់ក្រុងហុងកុង ពីក្រុងអ៊ីស្ដង់ប៊ុលដល់ក្រុងសៅប៉ូឡូ ដោយឆ្លងកាត់តាមក្រុងឡុង និងមែលប៊ន តែលអាវីវ ឬសាំងហ្គាពួរ គាត់បានសហការជាមួយតន្ដ្រីករ អ្នកនិពន្ធ និងវង់ភ្លេងមហោរីដ៏ល្បីល្បាញជាងគេបំផុតក្នុងពិភពលោក។
ដោយកើតនៅក្នុងគ្រួសារតន្ដ្រីករ លោក Thibault Cauvin រៀនលេងហ្គីតាជាមួយឪពុករបស់គាត់តាំងពីអាយុ៦ឆ្នាំ។ បន្ទាប់ពីសិក្សាមុខវិជ្ជាអភិរក្សនៅក្រុងប័រដូ និងប៉ារីសប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់រួចមក គាត់ចាប់ផ្ដើមត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងជាអន្ដរជាតិ។ ពេលមានអាយុ២០ឆ្នាំគាត់ក្លាយជាអ្នកលេងហ្គីតាតែម្នាក់គត់ក្នុងពិភពលោក ដែលឈ្នះពានរង្វាន់អន្ដរជាតិដំបូងគេចំនួន១៣ ។
ដោយប្រើកម្លាំងយ៉ាងខ្លាំងក្លាលោក Thibault Cauvinបានផ្សារភ្ជាប់តន្ដ្រីបុរាណ ជាមួយតន្ដ្រីទំនើបនៅក្នុងបញ្ជីស្នាដៃដ៏សម្បូរបែបទាន់សម័យ និងប្រកបដោយថាមពល។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជាគាត់នឹងដឹកនាំវគ្គសិក្សានានាជាមួយនិស្សិតនៅសាលា“តន្ដ្រីអង្គរ” ដែលនៅក្នុងវគ្គសិក្សានោះ ពួកគាត់នឹងសិក្សាទៅលើបទភ្លេង ដែលនឹងត្រូវដាក់ចូលទៅក្នុងការប្រគំតន្ដ្រីនៅថ្ងៃទី១ ខែមិថុនា ។ សាលាតន្ដ្រីអង្គរគឺជាសាលាតន្ដ្រីឯករាជ្យមួយដែលបណ្ដុះបណ្ដាលតន្ដ្រីករជំនាន់ក្រោយផ្នែកវីយ៉ូឡុង ព្យ៉ាយ៉ាណូ និងហ្គីតា ។
សំបុត្រចូលទស្សនា(តម្លៃ១០ដុល្លារ) បូកបញ្ចូលនូវការបញ្ចុះតម្លៃ១០ភាគរយនៅភោជនីយដ្ឋានសូហ្វីតែល។ សំបុត្រមានលក់នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (អគារលេខ២១៨ ផ្លូវលេខ១៨៤ លេខទូរស័ព្ទ ០២៣ ២១៣ ១២៤,១២៥) និងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា (អគារលេខ ២៦ Old August Site វិថី សុធារស លេខទូរស័ព្ទ ០២៣ ៩៩៩ ២០០) ៕
