
បោកលុយបង្ហាញអ្នកចាញ់បៀឃើញលុយច្រើនចេញស្ទាក់ផ្លូវប្លន់
ដោយ ៖ វិចិត្រា ថ្ងៃទី 31 ឧសភា 2012ម៉ោង 08:57:45
ខេត្ដកំពង់ស្ពឺ ៖ ជនសង្ស័យ១រូបត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌចាប់ខ្លួនក្រោយពីរូបគេធ្វើសកម្មភាពវាយប្លន់យកលុយបាន៤លាន ហើយគេចខ្លួនរហូតដល់ត្រឡប់មកវិញក៏ត្រូវចាប់ខ្លួនតែម្ដង ។
ករណីវាយប្លន់យកលុយនេះកើតឡើង តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២មកម្ល៉េះ នៅចំណុចតាមផ្លូវក្នុងភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ជនសង្ស័យរូបនេះឈ្មោះជេត សុផាត អាយុ២៣ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ បូ អាន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំ នៅភូមិឃុំកើតហេតុ ។
តាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃខែខាងលើ ក្នុងភូមិមានគេលេងបៀ ក្នុងនោះមានជនសង្ស័យម្នាក់ដែរ ដោយកាលនោះរូបគាត់(ជនរងគ្រោះ)ស្រវឹងស្រាក៏បានសុំគេលេងជាមួយ តែមិនត្រូវគេឱ្យលេងនោះទេ រូបគាត់ក៏ដកលុយ៤លានរៀលបង្ហាញឱ្យឃើញ ព្រោះខឹងគេថាគាត់គ្មានលុយ ។ ជនរងគ្រោះបន្ដថា ពេលនោះមិនបានលេងបៀជាមួយគេទេ ប្រពន្ធក៏មកតាមឱ្យត្រឡប់ទៅផ្ទះវិញ ។ ក្រោយពេលទៅដល់ផ្ទះខ្លួនបានត្រឡប់មកម្ដងទៀត ស្រាប់តែជនសង្ស័យបានដើរចេញពីវង់បៀមកក្រៅបាត់ ហើយខ្លួនមិនដឹងថាជនសង្ស័យទៅណានោះដែរលុះពេលខ្លួនត្រឡប់មកផ្ទះជាលើកទី២ក៏ត្រូវជននេះលបវាយបណ្ដាលឱ្យសន្លប់ ហើយយកលុយ៤លានរៀលគេចខ្លួនបាត់រហូតដល់សមត្ថកិច្ចចាប់ខ្លួន ។
ជនសង្ស័យជេត សុផាត មិនបានឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្ដនោះទេ គឺគេបានបដិសេធថា មិនដឹងរឿងអ្វីទាំងអស់ ។ តែបើយោងតាមការបំភ្លឺរបស់ សាក្សី និងជនរងគ្រោះ គឺជននេះជាអ្នកប្រព្រឹត្ដផ្ទាល់ដៃតែម្ដង ។
លោកជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ក្រោយឃាត់ខ្លួនជំនាញបានកសាងឯកសារបញ្ជូនទៅតុលាការរួចរាល់ហើយ ដើម្បីឱ្យតុលាការចាត់ការតាមនីតិវិធី៕
