
ឥណ្ឌាប្រឈមនឹងការធ្វើកូដកម្មប្រឆាំងតម្លៃសាំងឡើងថ្លៃ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 31 ឧសភា 2012ម៉ោង 14:30:25
បណ្ដាគណបក្សប្រឆាំងនៅឥណ្ឌានៅថ្ងៃទី៣១ខែឧសភាមានគម្រោងធ្វើមហាកូដកម្មប្រឆាំងនឹងការដំឡើងតម្លៃប្រេងសាំងរបស់រដ្ឋាភិបាលឥណ្ឌា ។សកម្មភាពធ្វើកូដកម្មនិងដង្ហែក្បួនតាមមហាវិថីសំខាន់ៗនៅទូទាំងប្រទេសឥណ្ឌា ហើយការធ្វើកូដកម្មនោះអាចបង្កឱ្យកកស្ទះចរាចរប៉ះពាល់ដល់ស្ថាប័ននានារបស់រដ្ឋាភិបាល ក៏ដូចជាសាលារៀន ក្រុមហ៊ុនឧស្សាហកម្មផ្សេងៗ ។
មេដឹកនាំគណបក្សប្រឆាំងBJP ដែលទទួលបានសំឡេងគាំទ្រ១៩ភាគរយក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៩បានបញ្ជាក់ឱ្យដឹងថា នេះជាការធ្វើមហាកូដកម្មទូទាំងប្រទេស និងជាកូដកម្មប្រជាធិបតេយ្យដ៏ធំបំផុតមិនធ្លាប់មានពីមុនមកនៅឥណ្ឌា ។
តាមអ្នកវិភាគការធ្វើមហាកូដកម្មលើកនេះក្នុងគោលដៅបង្ហាញការមិនពេញចិត្ដរបស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រដ្ឋាភិបាលចម្រុះដែលដឹក នាំដោយនាយករដ្ឋមន្ដ្រីម៉ាន់មូហាន់ ស៊ីង ។
កន្លងមក កាលពីថ្ងៃទី២៤ ខែឧសភា ពលរដ្ឋឥណ្ឌាខឹងសម្បាយ៉ាងខ្លាំងពេលរដ្ឋាភិបាលដំឡើងតម្លៃប្រេងសាំងខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមក។ នៅក្នុងខែឧសភានេះតម្លៃប្រេងសាំងឥណ្ឌាកើនឡើងដល់ទៅ២ដង ។ ការកើនឡើងលើកទី១នៅថ្ងៃទី១៥ខែឧសភាពេលនោះតម្លៃប្រេងសាំងនៅទីក្រុងញូវដេលីកើនឡើងពី៥៨,៣៧រ៉ូពីក្នុង១លីត្រ ឡើងដល់៦៣,៣៧រ៉ូពី ។
គណបក្សប្រឆាំងចាត់ទុកថា ការដែលរដ្ឋាភិបាលដំឡើងតម្លៃប្រេងសាំង ក្រោយពេលមួយថ្ងៃដែលមូលនិធិបានអនុម័តគឺជារឿងមិនអាចទទួលយកបាន។ បណ្ដាគណបក្សសម្ព័ន្ធមិត្ដកាន់អំណាច ក៏បានបង្ហាញការមិនពេញចិត្ដពីតម្លៃប្រេងសាំងឡើងថ្លៃអាចបង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្ដិសុខ និងស្ថិរភាពក្នុងតំបន់ ៕
